ដើម្បីជាការទាក់ទាញធ្វើជាដៃគូវិនិយោគពីសាធារណរដ្ឋឆេក ឯកឧត្តម ចម ប្រសិទ្ធ បានស្នើឲ្យខាងភាគីឆេកចាប់អារម្មណ៍លើការបណ្តាក់ទុនវិនិយោគ ដោយយកកម្ពុជាធ្វើជាទីតាំងផលិត ដើម្បីធ្វើការនាំចេញ និងពង្រីកការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ការស្នើសុំនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី13 ខែមិថុនា ឆ្នាំ2017 រវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងពីសក្តានុភាពរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច និងបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងពិភពលោក ដោយបានទទួលភាពអនុគ្រោះពាណិជ្ជកម្មពីប្រទេសអភិវឌ្ឃន៍ និងប្រទេសជាដៃគូជាច្រើនបានអនុញ្ញាតឲ្យនាំទំនិញចេញពីកម្ពុជារាប់ពាន់មុខដោយមិនជាប់ពន្ធ និងកូតា ដូចជា៖ ទីផ្សារសហគមន៍អឺរុប អាមេរិក កាណាដា ចិន ជប៉ុន កូរ៉េ និងអូស្ត្រាលី ជាដើម។ ដោយឡែកក្រោមក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ានវិញ កម្ពុជាជាចំណុចកណ្តាល ឬជាបេះដូងអាស៊ាន ដែលមានលក្ខណៈអំណោយផលទាំងភូមិសាស្ត្រ និងសេដ្ឋកិច្ច។
ដោយមើលឃើញពីចំណុចសក្ដានុពលធំៗទាំងនេះរបស់ប្រទេសកម្ពុជា ពិសេសទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋឆេកដែលមានរយៈពេលជាយូរឆ្នាំមកហើយនោះ ឯកឧត្តម ចម ប្រសិទ្ធ បានស្នើឲ្យខាងភាគីឆេក ចាប់អារម្មណ៍ការបណ្តាក់ទុនវិនិយោគដោយយកកម្ពុជាធ្វើជាទីតាំងផលិត ដើម្បីធ្វើការនាំចេញ និងពង្រីកការដោះដូរពាណិជ្ជកម្ម ព្រោះថាប្រទេសទាំងពីរនៅមានជញ្ជីងពាណិជ្ជកម្មនាំចេញ-នាំចូល ក្នុងកម្រិតទាបនៅឡើយ។
ក្នុងជំនួបកិច្ចពិភាក្សានេះ ត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើកិច្ចពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពង្រីកការដោះដូរពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ ព្រមទាំងបានផ្តល់សារៈសំខាន់ទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងការផលិតកែច្នៃដើម្បីនាំចេញទៀតផង។
ឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា ក្នុងបេសកកម្មលើកទី1 នៅកម្ពុជា បានសន្យានឹងធ្វើការផ្សព្វផ្សាយ ព្រមទាំងអំពាវនាវឲ្យអ្នកវិនិយោគពីប្រទេសឆេកមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនឡើង ដោយបានឯកភាព និងតាមរយៈសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដៃគូសេដ្ឋកិច្ច ដោយនឹងមានរៀបចំឲ្យមានសិក្ខាសាលាផ្គូផ្គងរវាងធុរជន ឧស្សាហករ ពាណិជ្ជករ និងសហគ្រិន នៃប្រទេសទាំងពីរផងដែរ៕