ក្រោយពីបានបញ្ចេញរថយន្ត Corolla ស៊េរីថ្មីជាប្រភេទ Hatchback និង Wagon រួចមក នៅពេលនេះ Toyota បានបង្ហាញរថយន្ត Corolla ប្រភេទ Sedan មួយទៀតដែលមានរូបរាងថ្មី ខុសប្លែកពីជំនាន់មុនទាំងស្រុង។
រថយន្ត Corolla ប្រភេទ Sedan នេះបានបង្ហាញខ្លួនជាផ្លូវការក្នុងកម្មវិធី Guangzhou International Auto Show ដែលធ្វើឡើងនៅក្នុងប្រទេសចិន។ រថយន្តនេះមានចែកចេញជា2 ប្រភេទ ដោយមួយសម្រាប់លក់នៅប្រទេសចិននឹងប្រើឈ្មោះ Levin ចំណែកប្រភេទទុកលក់លើទីផ្សារដទៃទៀតនឹងប្រើឈ្មោះ Corolla ធម្មតា។
រូបរាងរបស់ Corolla ប្រភេទ Sedan ស៊េរីឆ្នាំ2020 នេះ គឺមានភាពស្រស់ស្អាតមិនខុសពីប្រភេទ Hatchback ដែលគ្រប់គ្នាឃើញកន្លងមកនោះទេ ហើយផ្នែកខាងក្នុងក៏មិនខុសគ្នាប៉ុន្មានដែរ។
ទាក់ទងនឹងប្រព័ន្ធម៉ាស៊ីនវិញ មិនមានព័ត៌មានលម្អិតអ្វីច្រើននោះទេ ប៉ុន្តែគេដឹងថាមានប្រើម៉ាស៊ីនចំណុះ 2.0លីត្រ និងមានជាប្រភេទ Hybrid សម្រាប់លក់លើទីផ្សារមួយចំនួន។
រថយន្តនេះនឹងលក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបមុនគេនៅអំឡុងត្រីមាសទី2 ឆ្នាំ2019 ខាងមុខ បន្ទាប់មកទើបចេញលក់នៅទីផ្សារចំនួន150 ផ្សេងទៀតនៅអំឡុងឆមាសទី 2 ឆ្នាំ2019។ ចំពោះតម្លៃលក់ Toyota មិនទាន់បង្ហាញចេញនៅឡើយទេ៕