អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា រ៉ឹង ប៊ុនហៀង ត្រូវបានគ្រូបង្វឹកផ្លាស់ប្តូរមុខតំណែងលេង ពីខ្សែប្រយុទ្ធមកជាខ្សែការពារវិញ ក្នុងជំនួបលីកកំពូលកម្ពុជាកាលពីសប្តាហ៍ទី4 និងទី5 កន្លងទៅ។
ដោយក្នុងនោះកីឡាកររូបនេះអាចលេងបានយ៉ាងល្អក្នុងទីតាំងនេះ ដោយបានជួយឱ្យក្រុមរបស់ខ្លួនយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល 4 ទល់នឹង 2។ ចំណែងឯក្នុងជំនួបជាមួយនឹងបឹងកេតកាលពីសប្តាហ៍មុនវិញ ទោះបីជាក្រុមរបស់គេចាញ់មែន តែកីឡាកររូបនេះបានបំពេញតួនាទីជាខ្សែការពារយ៉ាងល្អ។
ទាក់ទិននឹងការប្តូរមុខតំណែងលេងនេះត្រូវបានលោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិពន្យល់ថា គឺជាការបង្ខំចិត្ត ដ្បិតលោកចង់សាកល្បង ហើយក៏ដឹងថា គាត់អត់សូវសប្បាយចិត្តដែរ តែបឹងកេតខ្លាំងប្រយុទ្ធ អ៊ីចឹងយើងត្រូវពង្រឹងការការពារ និងបង្កើនការវាយបកឱ្យបានលឿនផងដែរ៕