អ្នកចាំទី ស៊ូ យ៉ាទី បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត ខណៈខ្សែបម្រើ ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់ឈ្នះដើម្បីជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្កើតការភ្ញាក់ផ្អើលផ្សេងៗ តាមរយៈការយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល 1-០ ក្នុងការប្រកួតជម្រុះពូល C សម្រាប់ព្រឹត្តិការណ៍ AFC Asian Cup នាពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។
ក្រោយពីបានរងបរាជ័យ3ប្រកួតជាប់ៗគ្នា លោក Leonardo Vitorino បានដឹកនាំក្រុមកម្ពុជាចូលធ្វើការប្រកួតកាលពីថ្ងៃម្សិលមិញទាំងមានសម្ពាធដ៏ច្រើន ប៉ុន្តែក្រុមម្ចាស់ផ្ទះហាក់បានចាប់ផ្តើមយ៉ាងល្អក្នុងការប្រកួតនេះ ដោយពួកគេមានឱកាសល្អជាច្រើនដងក្នុងតង់ទី1 តែធ្វើមិនបានសម្រេច។
ក្រោយពីបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំក្នុងតំបន់ការពារ ពិសេសការបំពេញតួនាទីយ៉ាងល្អរបស់ ស៊ូ យ៉ាទី ការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងតង់ទីមួយ ប៉ុន្តែនៅតង់ទី2 នៅនាទីទី60 ក្នុងពេលដែលកំពុងតែប្រទាញប្រទង់នៅពីមុខទី អ្នកចាំទីរបស់អាហ្វហ្គានីស្ថាន បានទាត់បាល់ចេញមិនបានល្អ ធ្វើឲ្យបាល់នោះខ្ទាតទៅចំនឹងជើងរបស់ ប្រាក់ មុន្នីឧត្តម របស់ក្លិបស្វាយរៀង ចូលទីតែម្តង។ គ្រាប់បាល់នេះ បានបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លា ទាំងគ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រនៅកីឡដ្ឋានផ្ទាល់ដែលមានចំនួនជិត5០០០០ម៉ឺននាក់។ ជ័យជម្នះនេះ អាចនឹងលុបចោលនូវការរិះគន់ផ្សេងៗ ក៏ដូចជាកាត់បន្ថយសម្ពាធទៅលើលោកគ្រូបង្វឹក Vitorino សញ្ជាតិប្រេស៊ីលនោះដែរ ក្រោយពីក្រុមកម្ពុជា មិនស្គាល់ឈ្នះសោះក្រោមការដឹកនាំ3ប្រកួតដំបូងរបស់លោក។
ក្រោយពីការទទួលជ័យជម្នះដ៏រីករាយនេះ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ដោយមាន 3ពិន្ទុ ក្រោយពីក្រុមកំពុងនាំមុខក្នុងពូល គឺហ្ស៊កដានី ដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ លើក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ3 វៀតណាម ក្នុងការប្រកួតនាថ្ងៃដដែលនោះដែរ។
ជ័យជម្នះនេះដែរក៏នឹងផ្តល់នូវការជឿជាក់មួយដល់ក្រុមកម្ពុជា មុននឹងក្រុមដែលមានរហស្សនាមថា គោព្រៃមួយនេះ ត្រូវធ្វើដំណើរទៅជួបជើងខ្លាំងវៀតណាម នាថ្ងៃទី5 ខែកញ្ញា ឆ្នាំ2017 សម្រាប់ការប្រកួតបន្ទាប់៕