បន្ទាប់ពីទទួលបានដំណឹងគ្រោះថ្នាក់ដោយចៃដន្យដ៏ធ្ងន់ធ្ងររបស់យាយ ផាន់ ឬអ្នកគ្រូ កាន់ សុវណ្ណនី រួចមកនោះ គេសង្កេតឃើញមានសិល្បករ សិល្បការិនី ព្រមទាំងប្រិយមិត្តអ្នកគាំទ្រជាច្រើនបានយកចិត្តទុកដាក់ក្នុងស្ថានភាពជំងឺរបស់អ្នកគ្រូ។ ក្នុងនោះដែរ នៅថ្ងៃទី13 ខែមិថុនា ឆ្នាំ2017នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងលោក ហេង ឡុង និងលោក សុះ ម៉ាច បានពាំនាំនូវទឹកចិត្តអាណិតអាសូរ ក្ដីស្រឡាញ៉ រួមទាំងថវិកាមួយចំនួនទៅជូនអ្នកគ្រូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត្រ។
បើតាមរយៈ Facebook page របស់លោក ហេងឡុង បានបង្ហោះរូបស្ថានភាពជំងឺរបស់អ្នកគ្រូ ព្រមទាំងនិយាយរៀបរាប់ថា ” សូមជួយស៊ែរជូនពរអ្នកគ្រូឱ្យឆាប់ជាសះស្បើយផង! សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ អ្នកគ្រូកាន់ សុវណ្ណនី ដែលជាតួយាយផាន់នៅក្នុងបទទុំទាវដ៏ល្បីល្បាញបានជួបគ្រោះថ្នាក់ចៃដន្យធ្លាក់ផ្ងារក្រោយពីលើតុរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ប៉ុន្តែពិតជាមហាសំណាងខ្លាំងណាស់ដែលអ្នកគ្រូត្រូវបានសង្គ្រោះទាន់ពេលវេលា។ ព្រឹកមិញនេះ ថ្ងៃទី13 ខែឧសភា ឆ្នាំ2017 តំណាងមូលនិធិសិល្បករចាស់ជរា រួមមានលោក ហេង ឡុង លោក សុះ ម៉ាច និង អ្នកនាង ចន ច័ន្ទលក្ខិណា បានចុះទៅសួរសុខទុក្ខអ្នកគ្រូដោយផ្ទាល់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយបានយកថវិកាចំនួន 1លានរៀល និង ទឹកដោះគោឆៅ 2ឡូ ទឹកត្រចៀកកាំ 1យួរ ទៅជួយសម្រាលថ្លៃព្យាបាល និងលើកទឹកចិត្តអ្នកគ្រូ។ បើសិនជាបងប្អូនណាដែលមានចិត្តចង់ជួយអ្នកគ្រូសូមទំនាក់ទំនងទៅកាន់លេខអ្នកគ្រូផ្ទាល់ 012 85 44 50 ” ។
គួរបញ្ជាក់ផងដែរថា អ្នកគ្រូ កាន់សុវណ្ណនី ឬ យាយផាន់ នៅក្នុងបទចម្រៀងយីកេ ទុំទាវ របស់ផលិតកម្មរស្មី ហង្សមាស បានជួបគ្រោះថ្នាក់ដួលផ្ងារក្រោយដោយចៃដន្យរបួសក្បាលធ្ងន់ធ្ងរ កាលពីថ្ងៃទី 11 ខែមិថុនា ឆ្នាំ2017 ដែលដំណឹងនេះត្រូវបានបង្ហោះដោយគណនី ហ្វេស ប៊ុក ឈ្មោះថា SokmeanAlexadra៕