ក្នុងការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Metfone Cambodian League 2019 សប្ដាហ៍ទី5 កាលថ្ងៃអាទិត្យ ទី28 ខែមេសា បានស្រូបទាញអ្នកទស្សនាបាន 4,377នាក់នៅឯកីឡដ្ឋានខេត្តសៀមរាប ដែលនេះគឺជាកំណត់ត្រាថ្មីមួយ បើធៀបនឹងចំនួនច្រើនបំផុតកាលពីលើកមុន គឺទទួលបានតែ 4257នាក់ប៉ុណ្ណោះ ពេលអង្គរថាយហ្គឺរធ្វើជាម្ចាស់ផ្ទះក្នុងជំនួបជាមួយ MCL រដូវកាល2018។
ទោះជាបែបនេះក៏ពិតមែន ប៉ុន្តែម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato បានសម្ដែងពីអារម្មណ៍របស់លោកថា ទោះជាមានទស្សនិកជនចូលរួមទស្សនាការប្រកួតរបស់ក្លិបរបស់ពួកគេចំនួនជាង 4ពាន់នាក់ មែនក្ដី ប៉ុន្តែលោកមានអារម្មណ៍ថា ហាក់ដូចជា 5ពាន់នាក់អ៊ីចឹង។ លោកបានបញ្ជាក់ថា៖ «ទោះបីជាគម្រោងរបស់យើង 5ពាន់ក៏ដោយ ប៉ុន្តែថ្ងៃនេះទស្សនិកជនបាន 4,300នាក់ គឺដូចជា 5ពាន់នាក់អ៊ីចឹងដែរ ព្រោះជាចំនួនច្រើនខុសពីរាល់ៗដង ប៉ុន្តែនៅមានការប្រកួតបន្ទាប់ៗទៀតដែលយើងនឹងព្យាយាមជំរុញឱ្យបាន 5ពាន់នាក់ តាមគោលដៅដែលក្លិបប៉ងប្រាថ្នា»
ជាលទ្ធផល ក្រុមនេះបានយកឈ្នះក្រុមខ្លាំង វិសាខា មកពីភ្នំពេញ ដោយលទ្ធផល 2 ទល់នឹង 1 ដោយឈរនៅលេខ4 នៃតារាងលីកកំពូលកម្ពុជាឆ្នាំ2019 គិតត្រឹមសប្តាហ៍ទី5 នេះ៕