គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោកបានដកស្រង់យកការណែនាំរបស់លោក Bill Gates មហាសេដ្ឋីពិភពលោក ដែលគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Microsoft អំពីការជ្រើសរើសសៀវភៅដើម្បីអានក្នុងពេលវិស្សមកាល ឬពេលទំនេរៗដើម្បីអភិវឌ្ឍខ្លួនឯង។
ខាងក្រោមនេះ ជាសៀវភៅចំនួន 3ក្បាលដែលណែនាំដោយមហាសេដ្ឋី Bill Gates៖
1. សៀវភៅ Hillbilly Elegy របស់អ្នកនិពន្ធ JD Vance
សៀវភៅនេះគឺជាបទពិសោធរបស់អ្នកនិពន្ធផ្ទាល់ដែលគាត់បានឆ្លងកាត់ភាពក្រីក្រ ហើយការអភិវឌ្ឍនេះស្ថិតក្នុងភាពស្វិតស្វាញបំផុត។ Hillbilly Elegy ជាកំណត់ត្រាជីវិតរបស់ Vance ដែលស្ថិតក្នុងស្ថានភាពដ៏ខ្មៅងងឹត ភាពរីករាយ និងការប្រមើលមើលពីអនាគតនៃវប្បធម៌នៃជីវិតរបស់មនុស្សម្នាក់ដែលរស់នៅក្នុងទីក្រុងតូចមួយត្រូវបានគេបំភ្លេចចោលនៅសហរដ្ឋអាមេរិក។ វាបង្ហាញពីដំណើរឆ្លងកាត់ភាពក្រីក្រ និងការតស៊ូរបស់មនុស្សម្នាក់នៅពីក្រោយភាពក្រីក្រ។
2. A Full life ដោយអ្នកនិពន្ធ Jimmy Carter
បន្ទាប់ពីបានឆ្លងកាត់ការសរសេរសៀវភៅអស់ 24ក្បាលរួចមក លោក Carter បានបង្កើតទស្សនីយភាពគំនិតកាន់តែស៊ីជម្រៅឡើង។ នៅក្នុងសៀវភៅ A Full Life នេះអ្នកនិពន្ធបានបកស្រាយឱ្យមនុស្សលើពិភពលោកបានឃើញពីវិធីអភិវឌ្ឍន៍ និងការងើបឡើងរបស់បុគ្គលម្នាក់មកនៅតំបន់ជនបទមួយរបស់ Georgia ក្នុងផ្ទះដែលគ្មានប្រព័ន្ធទឹកស្អាត គ្មានអគ្គិសនី និងគ្មានអ្វីទាំងអស់។
3. Born a Crime ដោយអ្នកនិពន្ធ Trevor Noah
សៀវភៅនេះរៀបរាប់ពីបទពិសោធនៃការងើបឡើងរបស់គ្រួសារមួយដែលមានម្តាយជាជនជាតិអាហ្វ្រិកខាងត្បូង និងឪពុកជាជនជាតិស្បែកសស្វ៊ីស នៅក្នុងសង្គមដែលមានការប្រកាន់ពណ៌សម្បុរ (apartheid)និងរើសអើងពូជសាសន៍ នៅអាហ្វ្រិកខាងត្បូងកាលពីចុងទសវត្សរ៍ 1980៕