បើតាមការបង្ហោះរបស់តារាសម្ដែងប្រុស ឆាយ គីមថារ៉ូ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យដឹថា លោកបានព្យាយាមដោះស្រាយ និងសម្របសម្រួលឱ្យបុរសឈ្មោះ ផាយុ ដែលមានគណនីហ្វេសប៊ុកឈ្មោះ វង្ស ផាយុ ចូលខ្លួនមកសងប្រាក់របស់ជាបន្ទាន់ ក៏ប៉ុន្ដែ រហូតមកទល់ពេលនេះ ហាក់បីដូចជាស្ងាត់ជ្រាប រត់គេចបាត់ខ្លួនគ្មានដំណឹងអ្វីទាល់តែសោះ ទើបតារាសម្ដែងប្រុសរូបនេះសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបង្ហោះរូបភាពបុរសជាជនជាប់ជំពាក់លុយជាសាធារណៈតែម្ដង។
លោក ឆាយ គីមថារ៉ូ ដែលមានមហាជនជាច្រើនស្គាល់លោកមុខលោកតាមរយៈកញ្ចក់ទូរទស្សន៍បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា៖ « សុំលោក ផាយុ ចេញមកដោះស្រាយមួយខ្ញុំរឿងនឹងចប់ បើក្នុងថ្ងៃ29ហ្នឹង លោកមិនចូលខ្លួនមកដោះស្រាយរឿងនឹងជាមួយខ្ញុំទេច្បាប់មិនឱ្យលោករត់រួចទេ ខ្ញុំផុសfb ព្រោះលោកបានប្លក់fb ខ្ញុំចោលហើយលេខទាក់ទងមិនបានខលទៅបងប្អូនក៏គេមិនដឹងលឺចឹងមានតែឱ្យអ្នកលេងfb ជួយ Share ជូនជាដំណឹងទៅប្រាប់គាត់នឹងគ្រួសារគាត់មកដោះស្រាយជាប្រញ៉ាប់ »។
តារាសម្ដែងប្រុសរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានឡារ៉ែនថា លោកបានព្យាយាមទាក់ទងបុរសខាងលើជាច្រើនដងច្រើនសារមកហើយ រហូតដល់ទាក់ទងឱ្យសងលុយលែងបានតែម្ដង ទើបលោកចាត់វិធានការបង្ហោះរូបភាពជាសាធារណៈ ដើម្បីតាមស្វែងរកបុគ្គលរូបនេះមកសងលុយជាបន្ទាន់។ លោកថា លោកបានដាក់ពាក្យបណ្ដឹង និងភ័ស្ដុតាងមួយចំនួនទៅតុលាការរួចជាស្រេចហើយ យ៉ាងណាមិញ សូមឱ្យបុគ្គល ផាយុ ចូលខ្លួនមកដោះស្រាយបញ្ហាជំពាក់ឱ្យបានឆាប់ចប់ និងមិនចង់បន្ដរឿងក្ដីឱ្យកាន់តែវែងឆ្ងាយតទៅទៀតឡើយ៕