បន្ទាប់ពីមានរឿងក្ដីក្ដាំជាមួយ Qualcomm លើបញ្ហាការផ្គត់ផ្គង់ខ្សែស្រឡាយបន្ទះឈីប 5G(X50) លើ iPhone 5G ពេលនេះបានដោះស្រាយរួចរាល់ហើយ ដោយ Apple បានប្រកាសព្រមព្រៀងគ្នាលើជម្លោះនោះ។ ការសម្រេចចិត្តសម្រួលគ្នាជាមួយ Qualcomm មានន័យថា iPhone ដែលប្រើប្រាស់សេវា 5G អាចនឹងបង្ហាញវត្តមានលឿនជាងការរំពឹងទុករបស់អ្នកវិភាគជាច្រើន។
យ៉ាងណាក្ដី សម្រាប់ផលិតផល Apple ផ្សេងទៀត ដូចជា iPad Pro 5G ត្រូវបានអ្នកវិភាគល្បីឈ្មោះ គឺលោក Ming-Chi Kou បានចេញមុខមកបង្ហើបថា iPad Pro 5G ដល់ឆ្នាំ2021 ឬ2022 ទើបអាចចេញមកបាន។
លោកបានបញ្ជាក់បន្ថែមថា ជាក់ស្ដែងទៅ គេត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីឱ្យសេវា 5G មានការប្រើប្រាស់ទូលំទូលាយ។ ការពន្យារពេលដល់ឆ្នាំនោះ ក៏ព្រោះតែដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗមកបំពាក់លើ iPad Pro 5G និងបំពាក់ដោយអេក្រង់ប្រភេទ LCP(Liquid Crystal Polymer) ផងដែរ។
នេះអាចថាជាដំណឹងល្អសម្រាប់អ្នកចូលចិត្តប្រើ iPad ក៏ប៉ុន្តែសម្រាប់ជំនាន់ 5G លើ iPad អាចជាដំណឹងមិនរីករាយវិញ ព្រោះតែវាចេញយឺតពេក(ប្រសិនបើដូចការវិភាគរបស់លោក Kou មែននោះ)៕