ភ្នំពេញៈ អ្នកជំនាញឯកទេសផ្នែកវិស្វកម្មសំណង់មួយក្រុមបានមូលមតិគ្នាដើម្បីបង្កើតក្លិបវាយតម្លៃការសាងសង់ រួមទាំងសហការជាមួយស្ថាប័នរដ្ឋដើម្បីបញ្ចៀសនូវហានិភ័យ និងបញ្ហាប្រឈមនានាចំពោះការសាងសង់សំណង់អគារ ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។
លោកវិស្វករ សាធ ដារ៉ា សាស្រ្តាចារ្យជំនាញសំណង់ស៊ីវិល នៃសាកលវិទ្យាល័យវេស្ទើនបានថ្លែងឱ្យដឹងក្នុងវេទិកាដែលមានការជួបជុំអ្នកឯកទេស វិស្វករ ស្ថាបត្យករមកពីប្រទេសចិន និងកោះតៃវ៉ាន់កាលពីល្ងាចថ្ងៃទី12 មិថុនាកន្លងមកថា ការគ្រោងរៀបចំបង្កើតក្លិបនេះ គឺដើម្បីឱ្យមានសុវត្ថិភាពដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅចៀសផុតពីហានិភ័យនាពេលខាងមុខ និងពិសេសមួយទៀតនោះគឺគោលដៅស្វែងរកការរួមគំនិតឯកភាពគ្នាឈានទៅបង្កើតក្លិបវាយតម្លៃ និងពិនិត្យមើលការសាងសង់សំណង់អគារនៅកម្ពុជា ដើម្បីបញ្ចៀសនូវហានិភ័យ និងបញ្ហាប្រឈមនានាដូចជា ការបាក់ស្រុតនៃសំណង់អគារ អគារសាងសង់ដោយគ្មានប្រព័ន្ធការពារសុវត្ថិភាពត្រឹមត្រូវ ការសាងសង់អគារបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងការសាងសង់អគារដោយគ្មានប្រព័ន្ធលូត្រឹមត្រូវ បណ្តាលឱ្យទឹកលិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ពិសេសគឺការបង្កផលប៉ះពាល់ដល់បរិស្ថាន។
លោកបន្តថា បច្ចុប្បន្ននេះសំណង់អគារនៅកម្ពុជាកំពុងតែរីកស្គុសស្គាយ ហើយការសាងសង់ទាំងនោះមិនទាន់បានឆ្លងកាត់ការវាយតម្លៃពីអ្នកជំនាញខាងណាមួយនោះទេ បញ្ហាទាំងអស់នេះគឺជាហានិភ័យដែលត្រូវព្រួយបារម្ភបំផុត។ ជាគោលការណ៍គួរតែមានវិធានការទប់ស្កាត់តាមរយៈក្រុមហ៊ុនការពារសុវត្តិភាព និងពិនិត្យមើលឱ្យបានត្រឹមត្រូវដែលទទួលបានអាជ្ញាប័ណ្ណចេញពីរដ្ឋ ហើយក្រុមហ៊ុនត្រូវមានស្តង់ដារត្រឹមត្រូវក្នុងការឆែកមើល ដើម្បីបញ្ចៀសរាល់ហានិភ័យដែលតែងតែកើតមាននាពេលកន្លងមក ។
លោកសាធ ដារ៉ាបានបន្ថែមទៀតថា ក្លិបដែលពួកយើងឯកភាពគ្នាបង្កើតនោះមានឈ្មោះថាក្លិបស្ថាបត្យករ និងវិស្វករក្នុងកិច្ចការងារត្រួតពិនិត្យមើលសុវត្ថិភាពក្នុងអគារ និងដំណើរការសាងសង់នៅកម្ពុជា។ ហើយបន្ទាប់ពីកិច្ចពិភាក្សាបញ្ចប់ នឹងរៀបចំបទដ្ឋានស្នើសុំទៅស្ថាប័នរដ្ឋដើម្បសុំបង្កើតក្លិបមួយនេះ រួមសហការជាមួយស្ថាប័នរដ្ឋក្នុងការចូលរួមចំណែកការពារប្រព័ន្ធសុវត្ថិភាពអគារសំណង់នៅកម្ពុជា បញ្ចៀសរាល់ហានិភ័យដែលតែងតែកើតមាននាពេលកន្លងមក៕