បើទោះជាបច្ចុប្បន្នវិស័យសិល្បៈចម្រៀងនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលសូម្បីតែតារាចម្រៀងក៏មានសមត្ថភាពក្នុងការច្រៀងកាន់តែល្អឡើងពិតមែនក៏ដោយ តែក៏គេនៅតែមើលឃើញថា មានតារាចម្រៀងល្បីឈ្មោះមួយចំនួននៅតែបន្ដយកបទចម្រៀងរបស់ខ្លួនដែលបានថតជាស៊ីឌីទៅចាក់នៅលើឆាកតន្រ្ដីដដែល។
ជាធម្មតាទស្សនិកជនដែលចូលទៅទស្សនាការប្រគំតន្រ្ដីតែងរំពឹងថា ពួកគេនឹងបានស្ដាប់ និងឮសំឡេងផ្ទាល់ពីតារាចម្រៀងនៅក្នុងដួងចិត្ដរបស់ពួកគេដែលមកច្រៀងនៅក្នុងកម្មវិធីនោះមិនខាន។ តែផ្ទុយទៅវិញតារាចម្រៀងស្រីប្រុសល្បីឈ្មោះមួយចំនួន បែរជាចាក់ស៊ីឌី និងគ្រាន់តែធ្វើមាត់ត្រាប់តាមសំឡេងនៅក្នុងស៊ីឌីនោះ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកចិត្ដយ៉ាងខ្លាំង។
តែទោះយ៉ាងណាតារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យបានអះអាងថា មួយជីវិតអាជីពជាអ្នកចម្រៀងរបស់លោកតាំងពីលោកចេះច្រៀងរហូតមកដល់ពេលបច្ចុប្បន្ន គឺលោកមិនដែលបានចាក់ CD សំឡេងរបស់ខ្លួននៅក្នុងការប្រគំតន្រ្ដីម្តងណាឡើយ។
ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា ៖ «ចាប់តាំងពីខ្ញុំចេះច្រៀង (នៅឆ្នាំ2002) មកដល់ពេលនេះ ខ្ញុំមិនដែលបានចាក់សំឡេងលើឆាកប្រគំតន្រ្ដីទេ គឺខ្ញុំច្រៀងផ្ទាល់ៗរហូត ប៉ុន្ដែបើចាក់សាច់ភ្លេងធ្លាប់មាន តែក៏នៅតែច្រៀងផ្ទាល់ក្នុងការប្រគំតន្រ្ដីនោះដែរ»។
លោកបញ្ជាក់ថា ការច្រៀងផ្ទាល់វាពិតជាបានផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់តារាចម្រៀងដូចជារូបលោកខ្លាំងណាស់ ដោយសារនៅពេលច្រៀងផ្ទាល់លោកអាចដាក់អារម្មណ៍ទៅតាមបទចម្រៀងបានល្អ។ បើបទកម្សត់ អ្នកស្ដាប់នឹងស្លុងអារម្មណ៍តាមហ្នឹង ឯបទញាក់វិញអ្នកស្ដាប់ឮហើយចង់តែរាំតាមតែម្តង។ លើសពីនេះទៀត លោកបានសង្កេតឃើញថា ទស្សនិកជនដែលមកទស្សនាការប្រគំតន្រ្ដីតែងតែមានការគាំទ្រលើការច្រៀងផ្ទាល់ច្រើនជាងការចាក់ស៊ីឌី។
ដោយឡែកចំពោះការចាក់សាច់ភ្លេងវិញ ត្រូវបានលោក ឆាយ វីរៈយុទ្ធ បញ្ជាក់ថា មិនថាតែនៅស្រុកខ្មែរទេ សូម្បីតែនៅបរទេសក៏នៅតែមានការចាក់សាច់ភ្លេងដែរ ព្រោះបទថ្មីៗមួយចំនួនដែលចេញលក់លើទីផ្សារភ្លាម ទទួលបានការគាំទ្រភ្លែតនោះ តម្រូវឱ្យតារាចម្រៀងនោះត្រូវតែយកមកច្រៀងជាការផ្សព្វផ្សាយបន្ថែម ប៉ុន្ដែសម្រាប់អ្នកតន្រ្តីគាត់ពិបាកចាប់ណោតភ្លេងណាស់ ដោយសារបទនោះនៅថ្មីពេក និងបទខ្លះទោះជាយូរហើយក៏ដោយ ក៏ពិបាកលេងតាមដែរ ដូច្នេះទើបតម្រូវឱ្យមានការចាក់សាច់ភ្លេងដើម្បីច្រៀងតាមជាញឹកញាប់ ដែលវាជារឿងធម្មតាទេ៕