ប៉ាគីស្ថានដែលត្រូវជួបកម្ពុជាក្នុងវគ្គជម្រុះ World Cup អាចនឹងត្រូវដកចេញពីការប្រកួត ក្រោយ FIFA រកឃើញថា មានបញ្ហាពុករលួយធ្ងន់ធ្ងរក្នុងសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន។
សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ត្រូវបាន FIFA ចោទប្រកាន់ពីរឿងពុករលួយផ្ទៃក្នុងធ្ងន់ធ្ងរ និងការលូកដៃចូលរបស់ស្ថាប័នទី3 ក្នុងការបោះឆ្នោតតែងតាំងប្រធានសហព័ន្ធបាល់ទាត់ថ្មីរបស់ប្រទេសនេះ។
FIFA បានបដិសេធមិនទទួលស្គាល់ប្រធានសហព័ន្ធបាល់ទាត់ថ្មី គឺលោក Sardar Naveed Haider ដោយសារតែសហព័ន្ធបាល់ទាត់មួយនេះមានប្រធានសហព័ន្ធ 2នាក់ដែលមិនត្រូវគ្នា និងមានកីឡាករជម្រើសជាតិមួយចំនួនបានដើរចេញពីក្រុមក្រោមមូលហេតុទំនាស់ផ្ទៃក្នុងដ៏ចម្រូងចម្រាស។
កាលពីខែមុន ប៉ាគីស្ថានត្រូវបាន FIFA សម្រេចដកបេក្ខភាពចេញពីការប្រកួត AFC U-23 Championship និងការប្រកួតវគ្គជម្រុះ 2020 Tokyo Olympics ម្ដងរួចមកហើយ៕