ក្នុងរយៈពេល 3ខែដើមឆ្នាំ2019នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលចំណូលពន្ធបានប្រមាណ 712លានដុល្លារ ដែលចំណូលនេះបានកើនឡើងប្រមាណជា20% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018 កន្លងមក។ នេះបើតាមព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ថា៖“ក្នុងរយៈពេល 3ខែដើមឆ្នាំ2019នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលចំណូលពន្ធបានប្រមាណ 712លានដុល្លារ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ2018 គឺតួលេខនេះមានកំណើនប្រមាណ20% ដែលជាកំណើនមួយល្អប្រសើរ”។
ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមរយៈពេល 5ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ2013 ដល់ឆ្នាំ2018 យើងឃើញថា ចំណូលឆ្នាំ2013 ស្មើនឹងជិត 3ដង(X 2.5)ដែលជាលទ្ធផលនៃការប្រមូលចំណូលពន្ធក្នុងឆ្នាំ2018 គឺមានការកើនឡើងជិត 3ដងឯណោះដែលយកចំណូលពន្ធទាំងនោះមកធ្វើការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្ដម គុណ ញឹម បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអនុវត្ដនូវវិធានការកែទម្រង់ និងទំនើបកម្មច្រើនរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលស្ដែងឡើងតាមរយៈការប្រមូលចំណូល ការបង្កកិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានបន្ថែមថា សម្រាប់កិច្ចប្រតិបត្តិការរបស់គយដែលកំពុងអនុវត្ដនាពេលបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានរៀបចំផែនការប្រតិបត្តិការលម្អិតប្រចាំឆ្នាំបន្ថែមទៀតដែលត្រូវដកស្រង់ចេញពីផែនការយុទ្ធសាស្ដ្រ និងកម្មវិធីការងារកំណែទម្រង់ទំនើបកម្មគយផង យុទ្ធសាស្ដ្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលផង ជាពិសេសច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំផង។
ឯកឧត្តមបណ្ឌិតបានពន្យល់ថា សម្រាប់ឆ្នាំ2018កន្លងមកនេះ ការប្រមូលពន្ធអាករ និងចំណូលចូលថវិកាជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគឺបានល្អប្រសើរដែលចាត់ទុកថា ជាឆ្នាំដែលបានប្រមូលពន្ធបានខ្ពស់បំផុត បើប្រៀបធៀបជាមួយបណ្ដាឆ្នាំកន្លងមក។ កត្ដាគន្លឹះដែលធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលពន្ធបានល្អប្រសើរ និងកើនឡើងនេះ ដោយសារតែកត្ដាស្ថិរភាពនយោបាយដែលបង្កលក្ខខណ្ឌឱ្យកិច្ចដំណើរការពាណិជ្ជកម្មក៏ដូចជាការវិនិយោគមានដំណើរការល្អប្រសើរ។
ជាលទ្ធផលក្នុងឆ្នាំ2018 ការប្រមូលថវិកាចូលជាតិ គឺមានប្រមាណជាង 2,500លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ2017 មានកំណើនប្រមាណ32% ដែលជាកំណើនមួយខ្ពស់។ ទន្ទឹមនេះ ប្រភេទពន្ធអាករសំខាន់ៗដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺមានពន្ធគយ ឬពន្ធនាំចូលមានអាករពិសេសលើទំនិញមួយចំនួន និងអាករលើតម្លៃបន្ថែម(VAT)។ ឯកឧត្តមបណ្ឌិតបានបន្ដទៀតថា ក្នុងប្រភេទពន្ធសំខាន់ៗទាំង3 រួមមានពន្ធគយកើនឡើងប្រមាណ20% អាករពិសេសកើនឡើងរហូតដល់ប្រមាណ35% និងអាករលើតម្លៃបន្ថែមគឺកើនឡើងប្រមាណជាង30%។
សូមបញ្ជាក់ថា ដើម្បីងាយស្រួលក្នុងការតាមដានការគ្រប់គ្រងប្រភពចំណូលដែលប្រមូលបាននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបែងចែកទំនិញជា 3ក្រុមមុខទំនិញ ទី1-គឺយានយន្ដ និងគ្រឿងចក្រ។ ទី2-មុខទំនិញចម្រុះ រួមទាំងគ្រឿងសំណង់ផងដែរ និងក្រុមទំនិញទី3- គឺផលិតផលប្រេងឥន្ធនៈ និងថាមពល។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានអះអាងបន្ថែមថា បើពិនិត្យមើលពីប្រភពចំណូលតាមក្រុមទំនិញទាំង 3មុខនេះយើងឃើញថា យានយន្ដបានដើរតួនាទីក្នុងលំដាប់ទី1 ដែលស្រូបយកចំណូលបានប្រមាណជាង 46%នៃចំណូលសរុបដែលប្រមូលបានក្នុងឆ្នាំ2018 កន្លងទៅ។ ដោយឡែកទី2 មុខទំនិញចម្រុះ រួមទាំងគ្រឿងសំណង់ផង និងកម្រៃផ្សេងៗនោះ បានដើរតួនាទីប្រមាណ35% នៃចំណូលសរុបដែលប្រមូលបាន ហើយក្រុមទី3 គឺផលិតផលប្រេងឥន្ធនៈ និងថាមពល ដើរតួនាទីប្រមាណ19%៕