ល្ហុងជារុក្ខជាតិមួយប្រភេទដែលងាយស្រួលដាំ ដោយសារតែវាលូតលាស់លឿន និងឆាប់ឱ្យផល តែក៏មិនស្រួលក្នុងការថែទាំប៉ុន្មានដែរ ទាល់តែមានបទពិសោធល្មមគួរសម ទើបដាំបានផលល្អ ដោយអាស្រ័យទៅតាមប្រភេទពូជ និងបច្ចេកទេសដាំដុះ។ ល្ហុងជាដំណាំដែលមានអាយុវែងគួរសម ជាទូទៅដំណាំនេះមានកម្ពស់ពី 1.5 ទៅ 2ម៉ែត្រ។
ដំណាំល្ហុងត្រូវបានប្រជាពលរដ្ឋចូលចិត្តដាំនៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដោយសារតែវាអាចដុះឡើង និងរស់បាននៅលើដីក្នុងតំបន់ដែលមានសីតុណ្ហភាពមធ្យមពី 22 ទៅ 28អង្សាសេ។ ដោយឡែកដំណាំយុទ្ធសាស្រ្តមួយនេះកំពុងត្រូវបានប្រជាពលរដ្ឋសហគមន៍សំបូរមានជ័យដំាដុះដើម្បីយកផលបំពេញតម្រូវការទីផ្សារ។
លោក ប៊ួយ ចេង អនុប្រធានសហគមន៍ សំបូរមានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖“សហគមន៍របស់ខ្ញុំមិនមែនមានដាំតែដំណាំមួយមុខទេ យើងនៅមានដាំបន្លែបន្ទាប់បន្សំទៀតជាច្រើន ដូចជាប៉េងប៉ោះខ្មែរម្ទេស ម្ទេសប្លោក ត្រប់ស្រួយ ចេក ម្នាស់ ផ្កាខាត់ណាខ្ទឹមបារាំង ក្រូចឆ្មារ និងស្លឹកគ្រៃផងដែរ។ ចំណែកដំណាំល្ហុងនេះសហគមន៍យើងបានដាំនៅលើផ្ទៃដីប្រមាណជា 4ហិកតា”។
លោក ចេង បានមានប្រសាសន៍ថា ចំពោះការដាំដុះវិញ មុននឹងយកទៅដាក់ដាំក្នុងចម្ការ គេត្រូវយកគ្រាប់ពូជវាទៅបណ្ដុះសិន។ ត្រូវយកដីដែលមានជីជាតិល្អច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀមរួចជាស្រេច បន្ទាប់មកយកគ្រាប់ពូជល្ហុងទៅត្រាំទឹករយៈពេល 2ថ្ងៃ និងផ្អាប់ទុករយៈពេល 7ថ្ងៃ (ឱ្យដុះពន្លកសៗឡើង) ទើបយកទៅដាក់ដាំបន្តនៅក្នុងថង់ពី 3-4គ្រាប់ ក្នុង1ថង់។ ក្រោយពីដាក់គ្រាប់បណ្ដុះហើយ គេត្រូវស្រោចទឹកវាឱ្យជោករៀងរាល់ថ្ងៃ ដើម្បីឱ្យកូនល្ហុងលូតលាស់បានល្អឡើង។ ចំពោះថ្នាលបណ្ដុះកូនវិញ គេត្រូវធ្វើរោងប្រក់សំណាញ់ដើម្បីជាម្លប់កុំឱ្យកូនល្ហុងត្រូវពន្លឺថ្ងៃខ្លាំងពេក។
ចំណែកឯការរៀបចំដីសម្រាប់ដាក់ដាំវិញ គេត្រូវភ្ជួរដីហាលចោលចំនួន 3-4លើក ដោយចន្លោះពី 1លើកទៅ 1លើកមានរយៈពេល 10ថ្ងៃ ដោយដាក់ជីលាមកសត្វផងដែរ។ ក្រោយពីភ្ជួរ និងរាស់ហាលដីរួចហើយ គេត្រូវលើកជារងដែលមានទទឹង 1.5ម៉ែត្រ បណ្ដោយទៅតាមស្ថានភាពដី។ នៅលើរង គេត្រូវជីករណ្ដៅជាជួរ ដោយរណ្ដៅនីមួយៗទំហំ 3តឹក 4ជ្រុង និងជម្រៅ3តឹក ដោយទុកគម្លាតពីរណ្ដៅមួយ ទៅមួយចម្ងាយ 2.5ម៉ែត្រ។ នៅក្នុងរណ្ដៅនីមួយៗ គេត្រូវដាក់ជីលាមកសត្វពុកផុយច្របល់ជាមួយដីឱ្យសព្វ។
នៅពេលដើមល្ហុងនៅតូច គេត្រូវស្រោចទឹក 1ថ្ងៃ 1ដង ដោយប្រើទុយោបាញ់ទៅលើស្លឹកដើម្បីឱ្យវាហូរធ្លាក់មកក្រោម រហូតដល់ដើមល្ហុងធំពេញវ័យ ចេញផ្កា គេត្រូវបញ្ចូលទឹកនៅតាមចន្លោះរងរៀងរាល់ 3ថ្ងៃម្តងលៃយ៉ាងណាកុំឱ្យដីស្ងួតពេក ឬក៏សើមជ្រុលពេក។
ក្រោយពេលដាំបានរយៈពេល 5ខែ យើងអាចប្រមូលផលផ្លែល្ហុងចាស់ៗលក់បានហើយ។ ការបេះត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ក្នុងរយៈពេល 6ខែ ទៅ1ឆ្នាំ។ ក្រោយពីប្រមូលផលឆ្នាំទី1 និងឆ្នាំទី2 រហូតដល់ដើមល្ហុងលែងសូវចេញផ្លែហើយ ទើបគេអាចកាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ។ ជាសរុបនៅពេលដើមល្ហុងផ្តល់ផ្លែពេញលេញ សហគមន៍អាចបេះយកទៅលក់បានប្រមាណពី 2 ទៅ3តោនក្នុង1ថ្ងៃនៅពេលដែលវាចាប់ផ្តើមផ្តល់ផល។
លោក ប៊ួយ ចេង បានឱ្យដឹងថា សហគមន៍លោកមានចម្ការល្ហុងនៅលើផ្ទៃដីដាំដុះចំនួន 4ហិកតា ស្មើដើមល្ហុងចំនួនជាង 2,000ដើមស្ថិតក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់។ បច្ចុប្បន្នចំពោះផ្ទៃដី 4ហិកតាដែលដាំដើមល្ហុងនេះ លោកអាចរកប្រាក់ចំណូលបានប្រមាណជិត 2ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុង 1ឆ្នាំ។
ដោយឡែករឿងតម្លៃនៅលើទីផ្សារវិញ លោក ប៊ួយ ចេង បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖ “ល្ហុង គឺជាបន្លែដែលមានតម្លៃមិនសូវជាថ្លៃប៉ុន្មានទេ ដោយលក់ចេញក្នុង 1គីឡូបានតម្លៃចន្លោះពី1,000 ទៅ 1,200រៀលសម្រាប់ផ្លែល្ហុងខ្ចី(យកទៅធ្វើជាបន្លែស្លស្លុក) និង 1,200រៀល ទៅ 1,500រៀល សម្រាប់ផ្លែល្ហុងទុំ(យកទៅធ្វើជាបង្អែម)។ លោកបានបញ្ជាក់ថា នេះជាតម្លៃនាពេលបច្ចុប្បន្នដែលឡើងថ្លៃបានបន្តិចមកវិញ បើពីមុនវិញ យើងអាចលក់បានត្រឹមតែ 400រៀលប៉ុណ្ណោះ ក្នុង 1គីឡូក្រាម តែនៅឆ្នាំនេះយើងអាចលក់បានរាងថ្លៃបន្តិចវិញហើយ”។
លោក ប៊ួយ ចេង បានឱ្យដឹងដែរថា៖“ក្នុងពេលថ្មីៗនេះមានការផ្ទុះឡើងនូវបន្លែមានជាតិគីមី ដែលនាំចូលមកពីប្រទេសជិតខាង ទើបប្រជាពលរដ្ឋខ្មែរបានងាកមករកបន្លែក្នុងស្រុក ហើយតម្លៃក៏ចាប់ផ្ដើមបានឡើងរាងខ្ពស់បន្តិចវិញ ដោយសារបន្លែក្នុងស្រុកជាបន្លែសរីរាង្គ ជារបស់សហគមន៍ក្នុងស្រុក ដែលយើងនាំគ្នាដាំ”។
បច្ចុប្បន្នផ្លែល្ហុងរបស់សហគមន៍សំបូរមានជ័យត្រូវបានយកទៅផ្គត់ផ្គង់នៅក្នុងផ្សារក្នុងខេត្តកំពង់ចាម នៅផ្សារដើមគ និងផ្សារនាគមាសនៅភ្នំពេញ។លោកបានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា សហគមន៍ក៏មានគោលបំណងពង្រីកការដាំដុះបន្លែផ្សេងៗទៀត ពិសេសបន្លែល្ហុងនេះដើម្បីផ្គត់ផ្គង់ឱ្យគ្រប់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ព្រោះបើទោះជាមានដំណាំល្ហុង 10ហិកតាទៀត ក៏នៅតែមិនទាន់គ្រប់តម្រូវការទីផ្សារដែរ(ទាំងទុំ ទាំងខ្ចី)។ តែពេលនេះល្ហុងកំពុងមានជំងឺរាតត្បាត ដែលមិនទាន់អាចឱ្យសហគមន៍កសិករយើងចាប់ផ្តើមធ្វើការពង្រីកការដាំដុះដំណាំនេះបាននៅឡើយ។ នេះបើតាមការបញ្ជាក់ជាចុងក្រោយរបស់លោក ប៊ួយ ចេង៕