ជម្រើសលំនៅឋានច្រើនជាងមុន និងប្លែកជាងមុន គឺជាគោលបំណងនៃពិព័រណ៍អចលនទ្រព្យនៅពេលខាងមុខនេះដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិនេះបើតាមអគ្គនាយកនៃគេហទំព័រ realestate.com.kh ដែលបានមានប្រសាសន៍ប្រាប់ឱ្យដឹងអំពីពិព័រណ៍ដែលគេសង្ឃឹមថា ជាព្រឹត្តិការណ៍ដែលអាចផ្តល់ឱ្យអ្នកចូលរួមនូវការបញ្ចុះតម្លៃពិសេស ហើយពួកគេក៏នឹងទទួលបានចំណេះដឹងថ្មីៗពីការទិញ-លក់អចលនទ្រព្យពីវាគ្មិនជំនាញៗដែលមានបទពិសោធច្រើនក្នុងវិស័យនេះផងដែរ។
លោក Thomas O’Sullivan នាយកប្រតិបត្តិនៃគេហទំព័រអចលនទ្រព្យ realestate.com.kh ដែលជាអ្នករៀបចំកម្មវិធីនេះបានមានប្រសាសន៍ថា៖“មានវិនិយោគិនបរទេសមួយចំនួនមិនទាន់បានស្គាល់ ឬយល់ដឹងពីស្ថានភាពនៃការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាទេ។ ហេតុនេះកម្មវិធីនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងទាំងនៅក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិ។ តាមរយៈកម្មវិធីនេះនឹងធ្វើឱ្យជនបរទេសកាន់តែច្រើនចាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យនៅកម្ពុជា”។
លោកបានបន្ថែមថា កម្មវិធីនេះអាចនិយាយបានថា ជាពេលវេលាដ៏ល្អមួយសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យក៏ដូចជាការវិនិយោគផងដែរ ពិសេសយើងផ្តោតការផ្សព្វផ្សាយទៅលើអ្នកមានជីវភាពមធ្យមដែលនៅមានតម្រូវការលំនៅឋានច្រើនក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា៖ “កម្មវិធីនេះនឹងប្រមូលផ្តុំនូវគម្រោងអចលនទ្រព្យថ្មីៗ ព្រមទាំងក្រុមហ៊ុនជាច្រើនដែលមានឥទ្ធិពល និងដើរតួនាទីសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា”។
លោក ម៉ឹក ចិន្តា ស្ថាបនិកគេហទំព័រ Realestate.com.kh ពិព័រណ៍នេះផ្តល់ឱ្យអ្នកចូលរួមនូវអត្ថប្រយោជន៍ចំនួន 4សំខាន់ៗគឺ ទី1-វេទិកានេះល្អបំផុតសម្រាប់អ្នកមានបំណងចង់ទិញលំនៅឋាន មិនថាផ្ទះ ដី ខុនដូ ឬបុរីនោះទេ និងមានជម្រើសផ្សេងៗទៀត ដូចជា រថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម និងការរចនាដេគ័រ។ ទី2-ល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើននៃទីផ្សារលំនៅឋាននៅកម្ពុជា។ ទី3-ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកគម្រោងលំនៅឋានជាច្រើនក្នុងពេលតែមួយ និងទី4-ល្អបំផុតសម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យជាមួយប្រធានបទល្អៗ ដែលនឹងធ្វើបទបង្ហាញដោយវាគ្មិនល្បី។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងពិព័រណ៍នីមួយៗមានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកវិនិយោគ ម្ចាស់គម្រោង អ្នកអភិវឌ្ឍន៍ និងអ្នកចូលរួមរាប់ពាន់នាក់នឹងបានចូលរួមនៅក្នុងវេទិកាដ៏ធំអស្ចារ្យមួយនេះ។ ជាការពិតណាស់ នៅក្នុងពិព័រណ៍លើកទី1 មានការទិញលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង 3លានដុល្លារ។ លើកទី2 បានជាង20លានដុល្លារ និងលើកទី3 លក់បានជាង 20លានដុល្លារ។
ដូច្នេះវាជាវេទិកាទិញ-លក់អចលនទ្រព្យដ៏មានប្រសិទ្ធភាព និងជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃទីផ្សារអចលនទ្រព្យកម្ពុជា។ ដោយសម្លឹងឃើញពីសក្តានុពលនៃទីផ្សារ និងតម្រូវការអចលនទ្រព្យដ៏ច្រើនពីអ្នកទិញក្នុងស្រុក និងអន្តរជាតិ Realestate.com.kh នឹងនៅតែបន្តជំរុញការទិញ-លក់លំនៅឋាននៅកម្ពុជា តាមរយៈពិព័រណ៍ដ៏ធំនេះ។
លោក សួស ចិន្តា អគ្គលេខាធិការនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថា វិស័យអចលនទ្រព្យ និងសំណង់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោកថ្លែងថា កម្មវិធីនេះនឹងអាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកវិនិយោគបរទេស។
លោកបន្តថ្លែងថា៖ “ដោយសារកម្ពុជាមានស្ថិរភាពនយោបាយល្អ និងច្បាប់មានភាពអនុគ្រោះច្រើនសម្រាប់វិនិយោគិនបរទេសនោះ ដូច្នេះតាមរយៈពិព័រណ៍នេះនឹងអាចជួយទាក់ទាញជនបរទេសឱ្យចូលមកទិញ និងបណ្តាក់ទុននៅកម្ពុជាបានជាច្រើនទៀត”។
លោកបានបញ្ជាក់ថា៖“យោងតាមសមាគមអភិវឌ្ឍន៍លំនៅឋាន និងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា៖“តម្រូវការលំនៅឋាននៅតែខ្ពស់ គឺការសាងសង់អត់ទាន់គ្រប់តាមតម្រូវការទេ ដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងកំណើនការងារ។ តម្រូវការវិស័យសំណង់ និងអចលនទ្រព្យនេះនឹងបន្តរីកចម្រើនលើសពី 5ឆ្នាំទៅមុខទៀត។ បើយើងគិតទៅ 5ឆ្នាំទៀត ប្រទេសយើងអាចនៅមានគម្រោងធំៗជាច្រើនទៀត ពោលគឺរបាយនេះមិនទាន់ឆ្អែតទេ រហូតទៅដល់ឆ្នាំ2030។ ដូចនេះអចលនទ្រព្យ គឺកំពុងតែចាប់ផ្តើមបើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាងយើង និងប្រទេសអភិវឌ្ឍន៍មួយចំនួន”។
លោក សួស ចិន្តា បានបញ្ជាក់ទៀតថា៖“បញ្ហាប្រឈម យើងនៅតែមាន ដោយយើងត្រូវតែសាងសង់ប៉ុន្មានដើម្បីជាការផ្គត់ផ្គង់ទៅនឹងតម្រូវការទីផ្សារនៃវិស័យអចលនទ្រព្យឱ្យគ្រប់គ្រាន់ដល់ប្រជាជន ហើយ1ឆ្នាំយើងត្រូវលក់បានប៉ុន្មាន និងសាងសង់បានប៉ុន្មាន? និងការលក់ចេញទៅនោះថ្លៃប៉ុន្មាន? ព្រោះយើងផ្តោតទៅលើលំនៅឋានសមរម្យដែលប្រជាជនយើងអាចមានលទ្ធភាពទិញបាន។ នេះជាការរៀបចំមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែរៀបចំចងក្រងហើយ ដើម្បីកុំឱ្យមានហានិភ័យទាក់ទងទៅនឹងតម្លៃអចលនទ្រព្យនៅលើទីផ្សារ និងការវិនិយោគ និងការប្រើប្រាស់កម្ចីជាដើម៕