យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងរយៈពេល 3ថ្ងៃ នៃព្រឹត្តិការណ៍មហាសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរពីថ្ងៃទី14 -16 ខែមេសា ឆ្នាំ2019 កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង 4.72លាននាក់ កើនឡើង 67.02% បើធៀបនឹងឆ្នាំមុន។
របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតាមការវាយតម្លៃជំហានដំបូងបានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍មហាសង្ក្រាន្តនៅរាជធានី និងខេត្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល 3ថ្ងៃកន្លងមកនេះមានចំនួនសរុបប្រមាណ 4,726,602នាក់ កើនឡើង67.02% ក្នុងនោះភ្ញៀវជាតិមានចំនួន 4,639,341នាក់ កើនឡើង 66.40% ភ្ញៀវអន្តរជាតិមានចំនួន 83,123នាក់ កើនឡើង 98.27%។
អ្វីដែលជាការណ៍គួរឱ្យកត់សម្គាល់នោះគឺ តួលេខខាងលើគ្រាន់តែជាការប៉ាន់ស្មានជំហានដំបូងសម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗតែប៉ុណ្ណោះ នៅមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅបន្ទាប់បន្សំនានាដូចជានៅតាមវត្តអារាម សាលារៀន ភូមិ ឃុំ ស្រុក និងទីប្រជុំជននានាដែលមានចំនួនមិនតិចជាង 3លាននាក់បន្ថែមទៀតនោះនៅឡើយ។
ស្របពេលប្រជាពលរដ្ឋកម្ពុជាបានដើរកម្សាន្តច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 3ថ្ងៃកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានអះអាងថា ប្រជាជនកម្ពុជាអាចចំណាយប្រាក់សរុបប្រមាណជិត 500លានដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេល 3ថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តនានា ពិសេសបណ្តាខេត្តរៀបចំពិធីមហាសង្ក្រានឆ្នាំថ្មីចំនួនប្រមាណជា 4.7លាននាក់ ប៉ុន្តែចំនួននេះមិនទាន់រាប់នៅតាមវត្តអារាម និងការកម្សាន្តនៅតាមផ្ទះ ឬតាមរមណីយដ្ឋាន ឬក្រោមដើមឈើនៅតាមតំបន់ជនបទនានានៅឡើយទេ។ បើគិតទាំងប្រជាជនដែលទៅកម្សាន្តនៅតាមវត្តវ៉ា-អារាម និងតាមផ្ទះបងប្អូនទូទាំងប្រទេសផងនោះ គឺអាចមានប្រជាជនកម្ពុជាប្រមាណដល់ទៅ 7លាននាក់ឯណោះដែលបានចូលរួមអបអរសាទរក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ។
ឯកឧត្តមបន្តថា៖“បើគិតជាមធ្យម ប្រជាជនម្នាក់ចំណាយ 100ដុល្លារ ដូច្នេះការចំណាយសម្រាប់បុណ្យនេះគឺមានប្រមាណ 470លានដុល្លារ ហើយចំនួននេះមិនទាន់គិតពីការចំណាយរបស់អ្នកកម្សាន្តនៅតាមវត្តអារាម និងតាមលំនៅដ្ឋាននានានៅឡើយហើយការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះមានលក្ខណពិសេសបំផុត គឺនៅតាមបណ្ដាខេត្តនីមួយៗមានរៀបចំតំបន់ត្រជាក់ដែលអាជ្ញាធរខេត្តទាំងនោះបានរៀបចំជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ព្រមទាំងមានការបាញ់ទឹក និងរាំកម្សាន្តទៀតផង”។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖“ការរៀបចំទីកន្លែងសម្រាប់កម្សាន្តនេះមានភាពទាក់ទាញ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើងបាន ហើយអ្វីដែលពិសេសគឺ យុវជនបានភ្ជាប់សកម្មភាពនេះជាមួយវប្បធម៌ “យុវជនជាសសរទ្រូង” ផងដែរ”។
ឯកឧត្តមបានបន្តថា ប្រជាជនមានភាពសប្បាយរីករាយខ្លាំងណាស់ ពួកគេពេញចិត្តនឹងសន្តិភាព និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំឆ្នាំនេះ អាចយកមកធ្វើជាមូលដ្ឋានសម្រាប់ឆ្នាំក្រោយឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្ដមបានបន្តទៀតថា អ្វីៗវាបញ្ជាក់ច្បាស់នៅពេលនេះ ទោះបីកន្លងមកគេធ្លាប់និយាយថា នៅស្រុកខ្មែរហាក់ដូចមានបុណ្យចូលឆ្នាំច្រើន តែពេលនេះគេបានឃើញ និងបញ្ជាក់ច្បាស់ថា ខ្មែរ គឺជាខ្មែរ គឺជាប្រជាជាតិមួយដែលធ្លាប់មានអម្បូរពូជពង្ស និងវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររុងរឿង។ ក្រោមម្លប់នៃសន្តិភាព និងការរីកចម្រើន ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍ ដែលបានធ្វើឱ្យពួកគាត់សប្បាយរីករាយ ព្រមទាំងបានធ្វើឱ្យការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះប្រព្រឹត្តទៅបានយ៉ាងល្អ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរពិត។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ 3ថ្ងៃកន្លងមកនេះ នៅក្នុងខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានរហូតចំនួន 995,219នាក់ កើនឡើង 42.21%បើធៀបនឹងឆ្នាំ2018 ដែលមានចំនួន 699,213 នាក់(តាមស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិមានចំនួន 852នាក់ កើនឡើង 2.77% ធៀបនឹងឆ្នាំ2018 ដែលមានចំនួន 829នាក់។
បន្ទាប់ពីខេត្តបាត់ដំបង គឺខេត្តស្វាយរៀង ដែលទទួលបានភ្ញៀវទេសចរចំនួនជាង 46.75ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិជាង 46.74ម៉ឺននាក់ និងភ្ញៀវអន្តរជាតិចំនួន 32នាក់។ ដោយឡែកខេត្តសៀមរាប គឺស្ថិតនៅលេខ3 ដែលទទួលបានភ្ញៀវជាង 38.66ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ 36ម៉ឺននាក់ និងអន្តរជាតិជាង 2.6ម៉ឺននាក់។
ក្រៅពីនេះ រាជធានី-ខេត្តដែលទទួលបានភ្ញៀវទេសចរសរុបក្នុងអំឡុងពិធីចូលឆ្នាំខ្មែរ 3ថ្ងៃនេះរួមមាន៖
1-កំពង់ចាម៖ ជាង 33.26ម៉ឺននាក់។ 2-ព្រៃវែង៖ ជាង 31.92ម៉ឺននាក់។ 3-កណ្តាល៖ ជាង 31.62ម៉ឺននាក់។ 4-កំពង់ធំ៖ ជាង 21.75ម៉ឺននាក់។ 5-ភ្នំពេញ៖ ជាង 20.81ម៉ឺននាក់។ 6-ព្រះសីហនុ៖ ជាង19.14ម៉ឺននាក់។ 7-បន្ទាយមានជ័យ៖ ជាង 16.54ម៉ឺននាក់។ 8-កំពង់ឆ្នាំង៖ ជាង 16.08ម៉ឺននាក់។ 9-កែប៖ ជាង14.59ម៉ឺននាក់។ 10-កំពត៖ ជាង 13.71ម៉ឺននាក់។ 11-ព្រះវិហារ៖ ជាង 13.59ម៉ឺននាក់។ 12-ក្រចេះ៖ ជាង 12.34ម៉ឺននាក់។ 13-កំពង់ស្ពឺ៖ ជាង11.73ម៉ឺននាក់។ 14-ប៉ៃលិន៖ ជាង 8.2ម៉ឺននាក់។ 15-រតនគិរី៖ ជាង 7.8ម៉ឺននាក់ និងខេត្តក្រៅពីនោះមានក្រោម 6 ទៅ 5ម៉ឺននាក់។
មួយវិញទៀត ចំនួនភ្ញៀវទេសចរក្នុងស្រុកដែលទៅទស្សនានៅឯក្រៅប្រទេសក៏មានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ បើទោះបីជាក្រសួងទេសចរណ៍មិនទាន់ចេញរបាយការណ៍បញ្ជាក់ពីចំនួនភ្ញៀវទេសចរក្នុងស្រុកទៅទស្សនានៅឯបរទេសយ៉ាងណាក្ដី តែក៏ភ្នាក់ងារទេសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយចំនួនបានមើលឃើញពីសញ្ញាវិជ្ជមានរបស់ភ្ញៀវទេសចរក្នុងស្រុកដែលចេញទៅកម្សាន្តនៅបរទេសក្នុងអំឡុងពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងឆ្នាំនេះដែរ។
លោក ធួន ស៊ីណាន ប្រធានក្រុមហ៊ុនទេសចរណ៍ B2B និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជាបានឱ្យដឹងថា ក្នុងអំឡុងពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ សំបុត្រយន្តហោះចេញពីកម្ពុជាឆ្ពោះទៅកាន់គោលដៅទេសចរណ៍មួយចំនួននៅជប៉ុន កូរ៉េ និងប្រទេសជិតខាងត្រូវបានកក់ពេញដោយភ្ញៀវទេសចរក្នុងស្រុក។ លោកបន្តថា សូម្បីតែគោលដៅទេសចរណ៍ទៅប្រទេសសិង្ហបុរី និងថៃក៏ពិបាកកក់សំបុត្រយន្តហោះដែរក្នុងរយៈពេល 3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ។
លោកស៊ីណានថ្លែងថា៖“កំណើនប្រជាជនកម្ពុជាដើរហើរនាពេលបច្ចុប្បន្ន មិនថាក្នុងស្រុកទេ ក្រៅស្រុកក៏ច្រើនសន្ធឹកសន្ធាប់ណាស់ដែរ កំណើននេះកើនឡើងលើសពីការរំពឹងទុក។ ដោយឡែកតាមក្រុមហ៊ុនទេសចរណ៍នីមួយៗមិនសូវប្រមូលភ្ញៀវបានច្រើនប៉ុន្មាននោះទេ ប៉ុន្តែប្រជាជនកម្ពុជាធ្វើដំណើរកម្សាន្តទៅជុំវិញពិភពលោកដោយខ្លួនឯង តាមរយៈប្រព័ន្ធឌីជីថលច្រើនជាង”។
លោកបន្តថា ប្រព័ន្ធឌីជីថល បណ្តាញសង្គម បានជំរុញឱ្យមានកំណើននៃការដើរលេងរបស់ប្រជាជនកម្ពុជាទៅបរទេស នៅពេលដែលពួកគេឃើញមានតំបន់ទេសចរណ៍ថ្មីៗនៅក្រៅប្រទេស ការអភិវឌ្ឍថ្មីៗ ដូច្នេះអ្នកដែលមានធនធានគេនឹងធ្វើដំណើរកម្សាន្តទៅប្រទេសទាំងអស់នោះ។ លោកបានបន្តទៀតថា ប្រព័ន្ធសង្គមឌីជីថលនេះហើយដែលបានជំរុញឱ្យប្រជាជនកម្ពុជាចេញដំណើរទៅកម្សាន្តនៅក្រៅប្រទេស។
លោក ស៊ីណាន បញ្ជាក់ថា៖“ក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់បានបញ្ជូនទេសចរក្នុងស្រុកទៅក្រៅប្រទេសចំនួន 4ក្រុម ដែលមានភ្ញៀវសរុប 180នាក់ ក្នុងនោះប្រទេសវៀតណាម 85នាក់ ថៃ 40នាក់ កោះបាលីឥណ្ឌូនេស៊ី 35នាក់ តូក្យូជប៉ុន 20នាក់”។
ដោយឡែកលោកស្រី សុខ គន្ធា នាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកស្រីបានបញ្ជូនភ្ញៀវទេសចរក្នុងស្រុកទៅកាន់បរទេសចំនួន 10ក្រុមក្នុងអំឡុងពេល 3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅថ្មីៗនេះ ដែលក្នុងនោះមាន 3ក្រុមបានទៅអឺរ៉ុប ក្រៅពីនេះនៅតំបន់អាស៊ី និងប្រទេសជិតខាងរបស់កម្ពុជា។
លោកស្រី គន្ធា បានបន្ថែមថា៖“យើងបានបញ្ជូនទេសចរកម្ពុជាទៅក្រៅប្រទេសជាង 10ក្រុម ឆ្នាំនេះល្អជាងឆ្នាំមុន ចំនួនមនុស្សអត់កើនទេ ប៉ុន្តែភ្ញៀវចេញទៅទស្សនាគោលដៅទេសចរណ៍ឆ្ងាយៗ ដូចជានៅអឺរ៉ុបមានច្រើនជាងមុន ហើយគាត់ចាយលុយច្រើនជាងមុន”៕