រដ្ឋាភិបាលប្រទេសស្រីលង្កាបានសម្រេចផ្អាកលែងឱ្យដំណើរការកម្មវិធីបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។
មនុស្សជិត 300នាក់ត្រូវបានស្លាប់បាត់បង់ជីវិត និងជាច្រើនរយនាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅឯព្រះវិហារ Roman Catholic និងសណ្ឋាគារធំៗប៉ុន្មានកន្លែងទៀត។ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Ruwan Wijewardene បាននិយាយដោយសង្កត់ធ្ងន់ថា ការបំផ្ទុះនេះបង្កឡើងដោយក្រុមសាសនាជ្រុលនិយម។
ដើម្បីបញ្ចៀសការចែកចាយព័ត៌មានមិនពិត ទាក់ទិននឹងការវាយប្រហារដ៏ធ្ងន់ធ្ងរខាងលើ រដ្ឋាភិបាលស្រីលង្កាក៏សម្រេចផ្អាកលែងឱ្យដំណើរការកម្មវិធីបណ្តាញសង្គមធំៗជាច្រើន។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋលេខាធិការ លោក Udaya Seneviratne ដែលបានប្រាប់ទៅកាសែត The New York Times ។
តាមការឆ្លើយតបពីពលរដ្ឋប្រចាំតំបន់ សម្រាប់ WhatsApp និង Facebook មិនអាចប្រើប្រាស់បានទេ ពោលគឺ អ្នកប្រើប្រាស់អាចភ្ជាប់ការទាក់ទងគ្នាតែតាមរយៈ SMS ឬ Twitter តែប៉ុណ្ណោះ៕|