ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញនូវឧបករណ៍ថ្មីមួយដែលខ្លួនបានដាក់ឈ្មោះឱ្យថា Air Pump ដែលរូបរាងរបស់វា សម្លឹងមួយភ្លែតទៅស្មានតែម៉ាស៊ីនចាក់ចម្រៀងខ្នាតតូច តែផ្ទុយទៅវិញ ឧបករណ៍នេះជាឧបករណ៍ប្រើសម្រាប់បញ្ចូលសម្ពាធខ្យល់ទៅវិញទេ។
ស្ថិតក្នុងតម្លៃ 30ដុល្លារ អតិថិជនអាចទទួលបានឧបករណ៍បញ្ចូលខ្យល់តួខ្លួនតូចមួយ មានវិមាត្រត្រឹមតែ 124x71x45.3ម.ម ដោយអមមកជាមួយអេក្រង់បង្ហាញភ្លើង LED ងាយស្រួលប្រើប្រាស់នៅទីងងឹតទៀតផង។ មានថាមពលថ្ម 2គ្រាប់ភ្ជាប់ក្នុងម៉ាស៊ីនទំហំ 2000mAh ដែលតួខ្លួនរបស់វាច្នៃឡើងពីលោហធាតុ គួបផ្សំនឹងទុយោមានភាពធន់មាំប្រវែង 120មីល្លីម៉ែត្រ។
ឧបករណ៍នេះអាចបញ្ចូលសម្ពាធខ្យល់ទៅកាន់របស់ប្រើប្រាស់បានជាច្រើនយ៉ាង មិនថាតែកង់ម៉ូតូ កង់រថយន្ត ឬបាល់នោះឡើយ ដោយរាល់ការសាកថ្មពេញម្ដងៗ គេអាចបញ្ចូលខ្យល់កង់រថយន្តបានចំនួន 5គ្រាប់ និងបាល់ចំនួន 7គ្រាប់។
វាអាចគ្រប់គ្រងដំណើរការសម្ពាធខ្យល់ចន្លោះពី 3psi ទៅ 150psi ដោយវានឹងផ្តាច់ប្រព័ន្ធបញ្ចូលភ្លាមៗ បើពិនិត្យឃើញថាសម្ពាធខ្យល់ឈានដល់កម្រិតខ្ពស់មួយហើយ៕