កីឡាករអ្នកចាំទីជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បានថ្លែងថា ខ្លួនបានរងរបួសឆ្អឹងជំនីរក្រោមទ្រូងខាងស្ដាំ ក្រោយលោតសង្គ្រោះបាល់ ហើយធ្លាក់មកបុកនឹងដែកចងសំណាញ់បង្គោលទី ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Tampines Rovers ដោយរងបរាជ័យក្នុងលទ្ធផល 4-2 កាលពីយប់ថ្ងៃទី17 មេសាកន្លងទៅ។
កីឡាកររូបនេះបានបន្ថែមថា អាការរបួសរបស់គេនៅឈឺតិចៗនៅឡើយ ហើយកំពុងទទួលការព្យាបាលដោយការធ្វើម៉ាស្សា និងរំពឹងថា ខ្លួននឹងអាចត្រឡប់ទៅរកសភាពធម្មតាវិញក្នុងពេលឆាប់ៗខាងមុខនេះ។
គួររំឭកផងដែរថា ស៊ូ យ៉ាទី បានប្តូរចេញនៅនាទីទី85 ក្នុងការប្រកួតទល់នឹងក្រុម Tampine Rover FC ក្នុងពានរង្វាន់ AFC CUP នៅប្រទេសសិង្ហបុរី កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមមួយនេះបានរបូតគ្រាប់បាល់ដល់ទៅ 3គ្រាប់ជាប់ៗគ្នាក្នុងរយៈពេលត្រឹមតែ 5នាទីចុងក្រោយ ក្រោយពីបានខំប្រឹងរក្សាលទ្ធផល 1ស្មើ អស់រយៈពេល 85នាទីរួចមក៕