ខេត្តកែបដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ស្រាប់នោះ នឹងក្លាយជាតំបន់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់ បន្ទាប់ពីរដ្ឋាភិបាលរៀបចំតាមផែនការមេអភិវឌ្ឍន៍ខេត្តជាប់មាត់សមុទ្រមួយនេះឱ្យក្លាយទៅជាខេត្តទេសចរណ៍ដ៏ទាក់ទាញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ខេត្តកែបនឹងត្រូវអភិវឌ្ឍទៅជាតំបន់ទេសចរណ៍សម្រាប់លម្ហែកម្រិតខ្ពស់ ដោយក្នុងនោះមានរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍មួយចំនួនផងដែរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងគម្រោងបង្កើតកន្លែងកម្សាន្តដ៏ប្រណីតនេះ មិនមានបង្កើតកាស៊ីណូ និងរោងចក្រសហគ្រាសឡើយ។
ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យមានការបង្កើតលំនៅឋានទី2 សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬនិវត្តន៍ជននៅក្នុងខេត្តកែបនេះផងដែរ ដើម្បីឱ្យពួកគេពន្យារពេលក្នុងការទស្សនា និងស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលយូរ ដែលជំរុញឱ្យមានការចំណាយកាន់តែច្រើន។
គួរបញ្ជាក់ថា ខេត្តកែបជាតំបន់ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍មិនចាញ់ខេត្តទេសចរណ៍ធំៗនោះទេ ព្រោះខេត្តនេះមានគុណភាពខ្យល់សមុទ្រ កោះទន្សាយ ផ្សារក្តាម ហើយនាពេលខាងមុខនេះ ក៏អាចនឹងមានកំពង់ផែទេសចរណ៍អន្តរជាតិតូចមួយទៀតផង៕