ដើម្បីលើកកម្ពស់ជីវភាព និងប្រាក់ចំណូលដល់កសិករខ្នាតតូច និងលើកកម្ពស់ចង្វាក់តម្លៃកសិផលប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Signatures of Asia ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គ រួមទាំងកសិផលជាច្រើនមុខផ្សេងទៀតនោះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគម និងក្រុមហ៊ុនចំនួន6 ផ្សេងទៀត ដើម្បីជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។
ភាពជាដៃគូលើចង្វាក់តម្លៃ និងកសិកម្មប្រកបដោយនិរន្តរភាពនេះ មានគោលបំណងធ្វើឱ្យមានអ្នកពាក់ព័ន្ធកាន់តែច្រើនដើម្បីចូលរួមក្នុងខ្សែចង្វាក់តម្លៃទាំងមូល និងជួយកាត់បន្ថយបញ្ហាប្រឈមដែលកើតមានឡើងចំពោះកសិករ ដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា បច្ចេកទេសកសិកម្ម ធាតុចូលកសិកម្ម និងការទទួលបានទីផ្សារថ្មីៗជាដើម។
ភាពជាដៃគូលើចង្វាក់តម្លៃ និងកសិកម្មប្រកបដោយនិរន្តរភាពនេះនឹងមានការចូលរួមពីអ្នកផ្តត់ផ្គង់ធាតុចូល អ្នកគាំទ្រ បច្ចេកទេស បច្ចេកវិទ្យាកសិកម្ម និងម៉ាស៊ីន ការធានារ៉ាប់រងលើដំណាំ អ្នកកែច្នៃ អ្នកនាំចេញ អ្នកនាំចូល និងស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។
ម៉ូដែលលើចង្វាក់តម្លៃ និងកសិកម្មដែលមាននិរន្តរភាពនេះត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន Signatures of Asia ជាមួយសហគមន៍កសិកម្មនៅតាមបណ្ដាខេត្តនានា ក្រុមហ៊ុន Bayon Heritage Holding Group វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កម្ពុជា អង្គការទស្សនពិភពលោក ក្រុមហ៊ុនកសិកម្មឈ្លាសវៃ ក្រុមហ៊ុនហ្វូតតេ ក្រុមហ៊ុននាំចូលផលិតផលកសិកម្មសរីរាង្គរបស់ប្រទេសហូឡង់ DOENS Foods International និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។
លោក ចាន់ សុឃាំង អគ្គនាយកនៃក្រុមហ៊ុន Signatures of Asia បានឱ្យដឹងថា ការសហការ ប្រមូលផ្តុំដៃគូទាំងអស់ទាក់ទងនឹងវិស័យកសិកម្មនេះ គឹធ្វើយ៉ាងណាទ្រទ្រង់វិស័យកសិកម្មឱ្យមានចីរភាព ដែលនឹងផ្សារភ្ជាប់តាំងពីការដាំដុះ រហូតដល់ទីផ្សារ ហើយដើម្បីបង្ហាញឱ្យអ្នកដែលបានធ្វើការដាំដុះទាំងអស់ ឱ្យគាត់បានដឹងថា តើគាត់គួរដាំដុះដំណាំប្រភេទណា ដែលមានតម្លៃខ្ពស់ទៀតផង។
លោកបានបន្តទៀតថា ក្រុមហ៊ុន Signatures of Asia បានចុះអនុស្សរណៈយោគយល់គ្នានៅពេលនេះ គឺក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍទៅលើវិស័យកសិកម្មកាន់តែខ្លាំងឡើងថែមទៀត ហើយដៃគូពាក់ព័ន្ធដែលបានចុះ MoU នៅពេលនេះ មានសហគមន៍ខ្លះ ធ្វើកសិកម្មទាក់ទងនឹងស្រូវសរីរាង្គ សហគមន៍ខ្លះធ្វើពាក់ព័ន្ធនឹងស្ករត្នោត និងសហគមន៍ខ្លះទៀត គឺកំពុងតែគិតគូរលើដំណាំសរីរាង្គដូចជា សណ្តែកខៀវ ម្រេច និងស្វាយចន្ទីជាដើម។
លោក សុឃាំង បានបន្តថា នៅពេលដែលក្រុមហ៊ុនបានចាប់ដៃគ្នាជាដៃគូហើយ គឺយើងនឹងមានការទ្រទ្រង់ច្រើនជាងអ្វីដែលធ្លាប់ធ្វើពីមុនៗមក ដែលនៅពេលនេះមានស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK បានត្រៀមកញ្ចប់ថវិកាទ្រទ្រង់រួចហើយ សម្រាប់សហគមន៍ទាំង15 ដែលបានចុះអនុស្សរណៈយោគយល់គ្នានេះ ដើម្បីត្រៀមជួយផ្នែកហិរញ្ញប្បទាន ធ្វើយ៉ាងណាឱ្យគាត់អាចមានជាទុនផលិតដំណាំដាំដុះបានជាច្រើនជាងមុនផងដែរ។
លោក សុឃាំង ក៏បានស្នើដល់សហគមន៍ដែលមានសក្តានុពលក្នុងការផលិតកសិផលសរីរាង្គទាំងឡាយអាចមកទំនាក់ទំនងនឹងក្រុមហ៊ុន Signatures of Asia ដើម្បីធ្វើការពិភាក្សា ស្វែងរកផលិតផលដែលមានសក្តានុពលអាចធ្វើការដាំដុះបាន ហើយក្រុមហ៊ុននឹងទទួលទិញក្នុងតម្លៃដែលសមរម្យ និងនាំយកទៅលក់នៅលើទីផ្សារអន្តរជាតិតែម្តង។
លោក សុឃាំង ថ្លែងថា៖“យើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីពាក់ព័ន្ធផ្សេងៗ ហើយនាពេលខាងមុខនេះ យើងនឹងចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍កសិកម្មចំនួន15 ទូទាំងប្រទេស”។
លោកបន្តថា ជាមួយនឹងកិច្ចសហការភាពជាដៃគូនេះ នឹងគាំទ្រកសិករបានច្រើនជាងមុន ខណៈយើងមានដៃគូខាងមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ក្នុងការផ្តល់ជាហិរញ្ញប្បទាន ព្រមជាមួយដៃគូបញ្ជាទិញដែលគួរឱ្យទុកចិត្តក្នុងការផ្តល់ទំនុកចិត្តដល់កសិករ និងធានាថា កសិករមានទីផ្សារមួយពិតប្រាកដ។
លោក សុឃាំង បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើការជាមួយសហគមន៍កសិកម្ម នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ បន្ទាយមានជ័យ កំពង់ឆ្នាំង តាកែវ ស្វាយរៀង និងកោះកុង។
លោក Joeri Valckenier Von Geusau អ្នកបញ្ជាទិញពីក្រុមហ៊ុន Doens Food Ingredients B.V. របស់ប្រទេសហូឡង់បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជាដើម្បីយកទៅកែច្នៃ និងលក់នៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនរបស់លោកនឹងស្វែងដំណាំសក្តានុពលនៅកម្ពុជាបន្ថែមទៀត។
លោក Joeri ថ្លែងថា ក្នុងរយៈពេលពី3 ទៅ 3ឆ្នាំទៀត ក្រុមហ៊ុនរបស់លោកនឹងស្វែងរកការនាំចេញដំណាំកសិកម្មសរីរាង្គពីកម្ពុជាដែលមានដូចជា អង្ករសរីរាង្គ ប្រមាណ 7,500 ទៅ 10,000តោន ស្ករត្នោត(100 ទៅ 200តោន) ស្ករអំពៅ (2,500តោន) ស្វាយចន្ទី 1,500 ទៅ 2,000តោន មើមរមៀត 200 ទៅ 500តោន សណ្តែកសៀង 2,500 ទៅ 5,000តោន និងម្រេចប្រមាណជា 500តោន។
លោក Joeri បានបន្តថា៖“អ្វីដែលយើងនឹងធ្វើ គឺធានាថា រាល់ផលិតផលត្រូវតែស្អាត និងមានសុវត្ថិភាពសម្រាប់អតិថិជនបរិភោគ ដូច្នេះយើងបានធ្វើការត្រួតពិនិត្យមុននឹងដឹកជញ្ជូនឡើងកប៉ាល់ ដើម្បីធ្វើឱ្យប្រាកដថា ផលិតផលដែលបានបម្រើដល់អតិថិជនរបស់យើងនឹងទទួលបានសុវត្ថិភាពក្នុងការទទួលទាន ហើយវាក៏ជួយបង្កើនចំណេះដឹងដល់កសិករអំពីតម្រូវការរបស់អឺរ៉ុប និងអាមេរិកផងដែរ”៕