តាមរយៈការបង្ហោះសាររបស់លោក អ៊ឹម ជីវ៉ា នៅបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា តារាកំប្លែងនាយតាក់ស៊ីនឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវឱ្យភរិយារបស់លោក គឺអ្នកនាងភីម យកគ្រួសារថ្មី ដែលធ្វើឱ្យម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សារលែងបាន ទើបបណ្ដាលឱ្យតារាកំប្លែងនាយតាក់ស៊ីបោះពាក្យបែបនោះប្រាប់លោក អ៊ឹម ជីវ៉ា និងសម្រេចចិត្តបួសឱ្យឆ្ងាយពីប្រពន្ធកូន ដោយគ្មានអាល័យបែបនេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកនាង ភីម ជាភរិយា អ្នកនាងបញ្ជាក់ប្រាប់ពីជំហររបស់នាយតាក់ស៊ី នៅក្នុងពេលនេះ។
អ្នកនាងភីម និយាយថា រវាងអ្នកនាង និង នាយតាក់ស៊ី អត់មានបញ្ហាគ្រួសារណាមួយកើតឡើងនោះទេ ដោយទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលមានអារម្មណ៍ធុញទ្រាន់ក្នុងការថែទាំនោះដែរ។ អ្នកនាងថា នាយតាក់ស៊ីសូម្បីតែការធ្វើទុក្ខបុកម្នេញដាក់ភរិយា និងកូនប្រុសដែលជាដំណក់ឈាមក៍មិនមាននោះដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកចាប់ផ្ដើមបែកគំនិតចង់តែបួស ហើយមិនចង់រស់នៅជួបជុំជាមួយប្រពន្ធកូននៅក្នុងពេលនេះ គឺដោយសារតែលោកពិបាករឿងជំងឺប្រចាំកាយ និងចង់តែបួស ហើយប្រាប់អោយនាងស្វែងរកគ្រួសារថ្មី ដើម្បីកុំឱ្យបន្តពិបាកជាមួយលោកបន្តទៀតតែម្ដង។ អ្នកនាងថា នាយតាក់ស៊ីលួចទៅបួសរត់ចោលប្រពន្ធកូនព្រោះតែជំងឺបាក់ទឹកចិត្តបែបនេះម្ដងហើយ ប៉ុន្តែក្រោយពេលតាមរកឃើញនៅភ្នំគូលែន ហើយមានការអង្វរករក៏សម្រេចចិត្តសឹកមកវិញ។
អ្នកនាងភីម បន្តថា នៅក្នុងពេលនេះ ស្វាមីរបស់ខ្លួន គឺនាយតាក់ស៊ី ចាប់ផ្ដើមឃាត់លែងជាប់តែម្ដង ដោយលោកប្រកាសថាត្រូវតែទៅបួស បើទោះជាបួសបានតែមួយថ្ងៃហើយត្រូវស្លាប់ក៏លោកប្រកាសថាអស់ចិត្ត។ អ្នកនាងថា ទាំងក្រុមការងារ និង ក្រុមគ្រួសារសុទ្ធតែអង្វរកររាល់ថ្ងៃកុំអោយលោកគិតខ្លី និងស្មើឱ្យលោកបន្តរស់នៅជួបជុំជាមួយគ្រួសារប្រពន្ធកូន តែលោកនៅតែអះអាងថា បើលោកមិនបានទៅបួស នោះលោកនឹងស្លាប់បិទភ្នែកមិនជិត។ លោកអង្វរឱ្យអ្នកនាងបើកសិទ្ធិឱ្យលោកទៅបួស ដោយលោកប្រកាសជំហរថា បើមិនឱ្យទៅបួសតាមសម្រួលទេ គឺលោកនឹងរត់ទៅបួសមិនឱ្យដឹង ហើយបើទោះជាស្លាប់រស់ក្រោយពេលសាងផ្នួស ក៏លោកមិនឱ្យប្រពន្ធកូនដឹង។ អ្នកនាងថា មកទល់ពេលនេះស្ថានភាពពន្យល់ និងអង្វរករចាប់ផ្ដើមអស់ជម្រើស ទើបអ្នកនាងសុខចិត្តឱ្យលោកទៅបួស តែសុំឱ្យលោកបួសនៅវត្តគល់ទទឹងនៅកោះក្របី ដើម្បីអោយកីនប្រពន្ធបានឡើងចុះមើលថែ ប៉ុន្តែលោកទទូចចង់ទៅបួសនៅឯភ្នំគូលែនដូចមុន។
អ្នកនាងនិយាយថា ខ្លួនពិតជាមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ ដែលប្ដីចង់តែបួស ចង់តែទៅឆ្ងាយប្រពន្ធកូន ហើយដើរប្រាប់គេឯងថាឱ្យអ្នកនាងយកប្ដីទៀត ឬចិញ្ចឹមកូនបានយ៉ាងមិចក៏ចិញ្ចឹមទៅ ដែលមនុស្សមួយចំនួនស្ដាប់ហើយហាក់ដូចជាអ្នកនាង និងលោកមានបញ្ហាផ្ទៃក្នុង។ នៅក្នុងពេលនេះ អ្នកនាងសម្រេចឱ្យប្ដីទៅបួសនៅចុងខែ៥នេះ តែអ្វីដែលអ្នកនាងអង្វរប្ដីឱ្យធ្វើតាមនាង គឺសុំឱ្យបួសនៅវត្តគល់ទទឹង ដើម្បីឱ្យអ្នកនាង និងកូនតែម្នាក់វ័យជាង១០ឆ្នាំបានមើលថែ។