បន្ទាប់ពីមានការជួបជុំហូបនំបញ្ចុករវាងអាជ្ញាធរដែលមានការចូលរួមពីសំណាក់ឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយប្រជាពលរដ្ឋអតីតរស់នៅលើ ”អគារប៊ុលឌិងស” កាលពីថ្ងៃទី10 រួចមក គេសង្កេតឃើញថា ប្រជាពលរដ្ឋកាន់តែមានការញាប់ដៃញាប់ជើងក្នុងរើជញ្ជូនសម្ភាររបស់ខ្លួនចេញពីបន្ទប់ដើម្បីទទួលបានប្រាក់សំណងឆាប់ៗ។
គិតចាប់ពីម៉ោង6 និង30នាទីល្ងាច ថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិបន្ទប់ចំនួន 343 ក្នុងចំនួនបន្ទប់សរុបទាំងអស់492 បានរើចេញដើម្បីទៅរកលំនៅដ្ឋានថ្មី និងបានទទួលប្រាក់ទូទាត់សំណងពីក្រុមហ៊ុនរួចរាល់ហើយ។
គួរបញ្ជាក់ដែរថា ដំណើរចាកចេញរបស់ប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិងសដើម្បីស្វែងរកលំនៅដ្ឋានថ្មី ត្រូវបានប្រព្រឹត្ដទៅដោយរលូន និងមានការសាទរពីប្រជាពលរដ្ឋជាច្រើន តែទោះជាយ៉ាងនេះក្ដី ក៏ប្រជាពលរដ្ឋទាំងនោះហាក់នៅមានអារម្មណ៍អាឡោះអាល័យដល់អគារដ៏កម្សត់មួយនេះដែលនឹងត្រូវបាត់រូបរាងចេញពីលើផែនទីទីក្រុងភ្នំពេញជារៀងរហូតនោះដែរ៕