ក្លិប AC Milan បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Andre Silva មកពីក្លិប Portoរបស់ព័រទុយហ្គាល់ ក្នុងតម្លៃខ្លួន38លានអឺរ៉ូ (ស្មើនឹង42.5លានដុល្លារអាមេរិក)។
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ21ឆ្នាំរូបនេះ បានទទួលការត្រួតពិនិត្យសុខភាពរបស់គេជាមួយនឹង AC Milan កាលពីថ្ងៃចន្ទរួចរាល់ហើយ មុនពេលបំពេញការផ្ទេររបស់គេជាផ្លូវការ។ តម្លៃខ្លួនសម្រាប់ Silva ដែលក៏ស្ថិតក្នុងការចាប់អារម្មណ៍ពីសំណាក់ក្លិប Arsenal និងបានស៊ុតបាល់បញ្ចូលទី21គ្រាប់សម្រាប់ Porto កាលពីរដូវកាលមុនផងដែរនោះ អាចនឹងកើនឡើងដល់4០លានអឺរ៉ូ។ នេះបើយោងតាមការប្រកាសរបស់ក្លិបព័រទុយហ្គាល់មួយនេះ នៅលើគេហទំព័ររបស់ពួកគេ។ Porto បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Porto សូមជូនពរឲ្យ Andre Silva ជួបការរីករាយបំផុត និងទទួលជោគជ័យក្នុងកម្រិតអាជីព និងក្នុងកីឡាបាល់ទាត់ដោយមិនបំភ្លេចពីរបៀបដែលរូបគេតែងតែលះបង់រាល់អ្វីៗទាំងអស់សម្រាប់ក្លិបនេះឡើយ»។ Silva គឺជាកីឡាករចំណូលថ្មីទី4នៅរដូវក្តៅនេះ ខណៈដែល AC Milan បានបន្តធ្វើការជួសជុលក្រុមរបស់ខ្លួនក្រោមការកាន់កាប់របស់ម្ចាស់កម្មសិទ្ធិថ្មីជាជនជាតិចិន។
ក្លិប AC Milan ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ6នៅលើតារាងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុននោះ បានទិញខ្សែការពារពីរនាក់រួចស្រេចហើយគឺ Ricardo Rodriguez និង Mateo Musacchio ពីក្លិប Wolfsburg និង Villarreal តាមលេខរៀង ស្របពេលដែលខ្សែបម្រើអន្តរជាតិកូតឌីវ័រក៏បានចូលរួមដែរ ក្រោយផ្ទេរមកពីក្លិប Atalanta៕
ប្រភពពី៖ Eurosport.com