មុនពេលចាកចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនៅយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ នេះ លោក ឡេង ណាវ៉ាត្រា បានប្រាប់សារព័ត៌មានឡារ៉ែនថា ខណៈនេះលោកដឹកនាំតារាល្បីរហូតដល់ជាង១០រូឱ្យ ទៅច្រៀងរាំដើម្បីឱ្យបងប្អូនជាពលករកូរ៉េបានសប្បាយក្នុងឱកាសចុងសប្ដាហ៍ក្រោយចប់ចូលឆ្នាំ នៅទីក្រុងប៊ូសាន។
លោកបន្ដថា ការប្រគំតន្ត្រីនោះ លោកចង់ឃើញបងប្អូនពលករចូលរួមមករាំកម្សាន្តរាប់ម៉ឺននាក់ ដោមិនគិតថ្លៃអ្វីទាំងអស់ ហើយសម្រាប់បងប្អូនដែលបរិច្ចាគថវិកាជួយដល់កម្មវិធី រូបលោកនឹងយកមកប្រគល់ជូនមន្ទីរពេទ្យគន្អបុប្ផាទាំងអស់ដោយមិនយកមកស៊ីសងលើការចំណាយសូម្បីមួយរៀលឡើយ។ យ៉ាងណាមិញក្នុងការប្រគំតន្ត្រីនេះទៀតសោត គឺលោកចង់ឃើញបងប្អូនជាពលករជាពលការិនីនៅក្នុងប្រទេសកូរ៉េ ជឿជាក់ក្រុមហ៊ុននបុរីឡេងណាវ៉ាត្រាឱ្យកាត់តែច្បាស់ ហើយហ៊ានវិនិយោគ តាមរយៈទិញផ្ទះ ទិញដី ដើម្បីទុករស់នៅ ឬ ទុកលក់យកចំណេញ ដើម្បីជាបង្អែកក្រោយអស់ការងារ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកចំណាយទុនទាំងស្រុងក៏បានទទូចឱ្យពលកររស់នៅ និងបម្រើការនៅក្នុងប្រទេសកូរ៉េ ចេះជួយខ្លួនឯង មុនពេលការងារនៅក្នុងប្រទេសកូរ៉េត្រូវបានបញ្ចប់ ហើយត្រលប់មកធ្វើការនៅកម្ពុជាវិញ។ លោកថាហេតុផលតែមួយគត់ ដែលលោកសម្រេចចិត្តដឹកនាំតារាល្បីៗពីប្រទេសកម្ពុជា ទៅច្រៀងរាំនៅក្នុងប្រទេសកូរ៉េ គឺចង់អោយបងប្អូនជាក្រុមពលករកូរ៉េស្គាល់ច្បាស់ពីក្រុមហ៊ុនឡេងណាវ៉ាត្រារបស់ខ្លួន ហើយហ៊ានបោះទុនវិនិយោគតាមរយៈគម្រោងទិញបុរី ឬ ទិញដី ទុកលក់យកចំណេញ ឬទុករស់នៅ ដោយលោកបានហៅអ្នកហ៑ានវិនិយោគលើគម្រោងមួយនេះថា ជាការរៀនជួយខ្លួនឯង មុនពេលការងានៅក្នុងប្រទេសកូរ៉េត្រូវបញ្ចប់។
ក្នុងដំណើរដឹកនាំតារាចម្រៀងច្រើនរូបចាកចេញពីកម្ពុជាទៅប្រទេសកូរ៉េ គេឃើញមាន លោកខេម កញ្ញាយូរី លោកBmo កញ្ញាឡូរ៉ាម៉ម លោកចន ច័ន្ទតារា លោកចាន់ សម័យ លោក យឹម តាស្រង់ លោក Tempo លោកអូន និង លោក ប៉ែន ចំរ៉ុងជាដើម ដែលគ្រោងសម្ដែងរួមគ្នានៅក្នុងកម្មវិធីសង្ក្រាននៅប្រទេសកូរ៉េនាថ្ងៃ២០ មេសា នេះ។ សូមជម្រាបថា ឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍ នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះ ក៏ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត។ សង្ក្រាន្តនៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា ធ្វើទ្រង់ទ្រាយធំជាងមុនក្រោមការបោះទុនពីក្រុមហ៊ុនយក្ស ឡេង ណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗឱ្យទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ៕