ក្រុមហ៊ុន Samsung បានចេញផ្សាយស្មាតហ្វូន Galaxy A80 ជាផ្លូវការកាលពីយប់មិញ ដោយផ្លាស់ប្តូររចនាប័ទ្មថ្មីមួយទំហឹង ទាំងផ្នែកអេក្រង់ និងកាមេរ៉ា។ ចំណុចលេចធ្លោស្ថិតនៅត្រង់ការបំពាក់អេក្រង់ពេញ New Infinity Display និងកាមេរ៉ាបង្វិលមុខ-ក្រោយដែលធ្លាប់លេចឮនៅក្នុងពាក្យចចាមអារ៉ាមកាលពីពេលមុនហ្នឹងឯង។
កាមេរ៉ា Pop-up លើ A80 មានផ្ទុកកាមេរ៉ាមុខ-ក្រោយលើទីតាំងតែមួយ ដោយកាមេរ៉ាក្រោយ 3គ្រាប់មានមួយ 48MP f/2.0 មួយគ្រាប់ទៀតប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទី3 ជា ToF Sensor ខណៈកាមេរ៉ាមុខឈរលើទីតាំងតែមួយបែបនេះពុំមានបន្សល់ស្នាមឆកណាមួយលើអេក្រង់លាតស្មើទំហំ 6.7អ៊ីញកម្រិត FHD+ (1080 x 2400 ភិកសែល) ប្រភេទ Super AMOLED។
ទម្រង់រចនាប័ទ្មកាមេរ៉ាបង្វិលបែបនេះធ្លាប់មានដំបូងបង្អស់លើ Oppo N1 ស៊េរីឆ្នាំ2014 ប៉ុន្តែមិនទំនើបខ្លាំងដូចស៊េរីA80 នេះទេ។ ក្រឡេកទៅមើលថាមពលថ្មធុនខ្ពស់ត្រកូល A មួយនេះវិញ គឺមានទំហំ 3700mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង 25វ៉ាត់ ដោយមាន RAM ទំហំ 8GB និងអង្គផ្ទុក 128GB គាំទ្រមុខងារស្គែនខ្ចៅដៃលើអេក្រង់។
ដោយមិនទាន់បញ្ជាក់ពីតម្លៃនៅឡើយនោះ ;Galaxy A80 នឹងចេញលក់ក្នុងអំឡុងថ្ងៃទី 29 ឧសភា ស្របពេល Galaxy A70 នឹងលេចមុខលើទីផ្សារនាថ្ងៃទី26 មេសាខាងមុខនេះ។ នេះជាម៉ូដែល 2ថ្មីទៀតបន្ទាប់ពី Samsung ប្រកាសម៉ូដែលជាច្រើន មានតាំងពី A10/A20/A30 និង A50៕
សូមទស្សនាវីដេអូខាងក្រោម៖