យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុដែលចេញកាលពីព្រឹកមិញនេះ បានប្រកាសថា អាកាសធាតុនៅបណ្តារាជធានី-ខេត្តមួយចំនួននឹងកើនសីតុណ្ហភាពឡើងខ្ពស់ដល់ 40អង្សាC។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា យោងតាមការតាមដានស្ថានភាពអាកាសធាតុ និងព្យាករជាប្រចាំ គេសង្កេតឃើញថា កន្លងមកដោយសារឥទ្ធិពលនៃជ្រលងសម្ពាធទាបដែលបានអូសបន្លាយលើប្រទេសកម្ពុជាយើង ធ្វើឱ្យមានទឹកភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសក្នុងកម្រិតខ្សោយទៅបង្គួរ។ តែចាប់ពីថ្ងៃទី19 ខែមេសា ឆ្នាំ2019 ស្អែកនេះទៅ ឥទ្ធិពលនៃជ្រលងសម្ពាធទាបនោះនឹងចុះខ្សោយវិញ ធ្វើឱ្យចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី24 ខាងមុខនេះភ្លៀងកក់ខែនឹងថយចុះ ហើយសីតុណ្ហភាពនឹងកើនកម្តៅឡើងខ្លាំង។
ហេតុនេះសូមសាធារណជនមានការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ និងត្រៀមខ្លួនទុកជាមុនដើម្បីបង្ការបញ្ហាប្រឈមនានា ខណៈពេលដែលក្រសួងក៏បានប្រកាសផងដែរថាអាចនឹងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕