សម្តេចក្រឡាហោម ស ខេង និងប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក ឯកឧត្តម ស៊ុន ចាន់ថុល បានចុះទៅពិនិត្យទីតាំងគម្រោងសាងសង់មណ្ឌលកីឡាហែលទឹកមានទីតាំងស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបងដែលគ្រោងនឹងសាងសង់នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច។
ក្នុងនោះដែរ ក្រោយពីបានពិនិត្យរួចរាល់ ក៏មានការឯកភាពលើគម្រោងមួយនេះដែលគ្រោងសាងសង់ឡើងតាមស្តង់ដាអន្តរជាតិដែលមានទំហំ 25ម៉ែត្រគុណនឹង 20ម៉ែត្រ ដើម្បីអាចឱ្យកីឡាករ-កីឡាការិនី ទាំងជាតិ និងអន្តរជាតិក៏ដូចជាមហាជនទូទៅបានធ្វើការហ្វឹកហាត់កីឡាហែលទឹកដើម្បីសុខភាពផងដែរ។
លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ថា ការសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងកិច្ចអភិឌ្ឍ និងបណ្តុះបណ្តាលកីឡាករ-កីឡាការិនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES 2023 ) នាពេលខាងមុខនេះ៕