ពិតជាភ្ញាក់ផ្អើលបំផុត ខណៈដែលតារាសម្ដែងឯកប្រុសក្នុងរឿង « ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់ » លឹម ជាឡាយ ដាច់ចិត្តទម្លាយរឿងរ៉ាវឈឺចាប់រយៈពេល3ឆ្នាំ 6ខែជាមួយនារីម្នាក់ដល់ថ្នាក់គ្មានសង្ឃឹមថា ខ្លួនឯងត្រដរប្រឹងរស់បានរហូតដល់សព្វថ្ងៃនេះទេ។ ការទម្លាយអារម្មណ៍មួយនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ងឿងឆ្ងល់ខ្លាំងមែន ថាតើតារាប្រុសរូបសង្ហានេះខូចចិត្តរឿងអ្វី?
លឹម ជាឡាយ បានសរសេររៀបរាប់ថាលើហ្វេសប៊ុកលោកថា ៖”កាលពី៣ឆ្នាំ៦ខែមុន ខ្ញុំធ្លាប់សួរខ្លួនឯងថា បើអត់ពីគេ តើខ្ញុំរស់ម្តេចទៅ? ខ្ញុំគ្មានចម្លើយជាក់លាក់សម្រាប់ខ្លួនឯងទេ គ្រាន់តែដឹងថាខ្ញុំស្រលាញ់គេខ្លាំងណាស់ ខ្លាំងដល់ថ្នាក់មិនអាចបាត់បង់គេបាន។ ខ្ញុំពិបាកស្រមៃណាស់ថាបើថ្ងៃណាមួយគ្មានគេ តើខ្ញុំអាចរស់បានដោយរបៀបណា។ ម្នាក់នោះប្រៀបដូចជាខ្យល់ដង្ហើមចេញចូលរបស់ខ្ញុំទៅហើយ បើគ្មានគេប្រហែលខ្ញុំមិនអាចរស់បានទេដឹង?លើលោកនេះគ្មានអ្វីមួយដែលមិនផ្លាស់ប្តូរឡើយ ស្នេហាខ្ញុំក៏ដូចគ្នា។ ចំណងស្នេហ៍ដ៏ផ្អែមល្ហែមចាក់ទឹកមិនលិចក៏ដើរដល់ផ្លូវបែក។ មែនទែនទៅខ្ញុំមិនដឹងថាមកពីមូលហេតុអីអោយពិតប្រាកដទេ។ ខ្ញុំបន្ទោសគេថាមកពីគេអស់ចិត្ត តែគេបកមកខ្ញុំវិញថាមកពីខ្ញុំជាអ្នកធ្វើអោយគេអស់ចិត្ត។សំនួរដែលខ្ញុំតែងសួរខ្លួនឯងតែមិនមានចម្លើយជាក់លាក់នោះ ពេលនេះខ្ញុំរកឃើញចម្លើយហើយ។ ក្រោយពេលបែកគ្នា ខ្ញុំរស់នៅវេទនាជាងស្លាប់ទៅទៀត។
បេះដូងថ្លើមប្រម៉ាត់ខ្ញុំ ត្រូវបែកបាក់ខ្ទេចខ្ទីអស់ហើយ។ មួយម៉ោងមាន៦០នាទី ខ្ញុំនឹកគេ៧០នាទី។ មួយថ្ងៃមាន២៤ម៉ោង ខ្ញុំឈឺចាប់២៥ម៉ោង។ មួយអាទិត្យមាន៧ថ្ងៃ ខ្ញុំចុកចាប់រីងរៃរាប់ឆ្នាំ។៣ឆ្នាំ៦ខែកន្លងផុតទៅដោយតានតឹង ខ្ញុំពិតជាមិនចង់ជឿសោះថាខ្លួនឯងអាចរស់បាន។ អរគុណពេលវេលាដែលជួយអោយខ្ញុំនៅមានដង្ហើមដល់ពេលនេះ។ មនុស្សជុំវិញខ្លួនខ្ញុំសួរខ្ញុំថា ខ្ញុំភ្លេចម្នាក់នោះបានហើយមែនទេ? ចម្លើយគឺ អត់ទេ! ខ្ញុំមិនអាចភ្លេចគេបានឡើយ តែគេលែងមានឥទ្ធិពលមកលើជីវិតខ្ញុំទៀតហើយ។ ម្នាក់នោះគ្រាន់តែជាការចងចាំមួយក្នុងចំណោមការចងចាំរាប់លានទៀតរបស់ខ្ញុំប៉ុណ្ណោះ។ បើគ្មានអ្នករម្លឹកឈ្មោះគេទេ ខ្ញុំក៏មិនបានទៅយកមកគិតទៀតដែរ។
គេនៅសល់តែឈ្មោះប៉ុណ្ណោះ ឯរឿងរ៉ាវផ្សេងៗទៀតខ្ញុំលែងនឹកនាទៅហើយ។ ខ្ញុំគិតថា បើថ្ងៃណាមួយបានជួបគេម្តងទៀត នោះក៏គ្មានអីអស្ចារ្យដែរ ប្រហែលជាមិនខុសអីពីបានជួបមិត្តចាស់បឋមសិក្សាដែលបែកគ្នាស្ទើរចង់ភ្លេចគ្នាទៅហើយ។ ប៉ុណ្ណឹង!មនុស្សលោកយើងបានធ្វើរឿងអស្ចារ្យជាច្រើន រឿងខ្លះស្ទើរតែមិនជឿថាអាចធ្វើបាន។ មានអ្នកធ្វើដំណើរដល់ឋានព្រះច័ន្ទ មានអ្នក…។ ឯខ្ញុំវិញក៏បានធ្វើរឿងអស្ចារ្យសម្រាប់ខ្លួនឯងដែរ គឺអាចកាត់ចិត្តពីមនុស្សម្នាក់ដែលខ្ញុំស្រលាញ់ខ្លាំងបំផុតបានជោគជ័យ។ កុំសើច! ដ្បិតថារឿងនេះស្តាប់ទៅតូចតាចមែន តែចំពោះខ្ញុំគឺវាអស្ចារ្យខ្លាំងណាស់។ពេលនេះខ្ញុំគ្រាន់ចង់ឆ្លើយសំនួរពីមុនរបស់ខ្ញុំអោយបានច្បាស់ថា បើថ្ងៃណាមួយអត់ពីគេ ខ្ញុំមិនស្លាប់ទេ គ្រាន់តែភ្លាមៗពិបាករស់បន្តិច។ តែមិនថ្វីឡើយ ពេលវេលានឹងជួយខ្ញុំបានគ្រប់យ៉ាង។
ដូច្នេះកុំបារម្ភថាខ្ញុំកាត់ចិត្តពីគេមិនបាននោះ។ គិតមើលទៅ ព្រះច័ន្ទនៅឆ្ងាយសែនឆ្ងាយគង់គេអាចទៅដល់ រឿងអីដែលគ្រាន់តែកាត់ចិត្តពីមនុស្សម្នាក់ ខ្ញុំធ្វើមិនបាន។
តែយ៉ាងណាមិញ សារដែលបានបង្ហោះដោយតារាប្រុសរូបនេះ ត្រូវបានគេដឹងថា សារស៊ីអារម្មណ៍របស់ផេច «ទសប៉ាកកា » ដែលលោកបានយកមកបង្ហោះបន្ដតែប៉ុណ្ណោះ ទោះជាមានរឿងចាក់ដោតអារម្មណ៍ ឬត្រូវសាច់រឿងខ្លួនយ៉ាងណាក្ដី បុរសសង្ហា លឹម ជាឡាយ នៅមិនទាន់បកស្រាយប្រាប់អ្នកគាំទ្រឱ្យក្បោះក្បាយនៅឡើយទេ៕