បើទោះជាបណ្ដាខេត្តស្ទើរទាំងអស់ បានចំណាយរៀបចំព្រឹត្តិការណ៍សង្ក្រានធំៗសម្ញែងគ្នា ដើម្បីប្រទាញយកប្រជាប្រិយរៀងខ្លួន ក៏គេនៅតែកត់សម្គាល់ថា សង្ក្រាន្ដព្រៃវែងបានក្លាយជាសង្ក្រាន្ដដែលមិនត្រឹមតែល្បីតែក្នុងប្រទេសប៉ុណ្ណោះ សូម្បីតែនៅក្រៅប្រទេសក៏ស្គាល់សង្ក្រាន្ដនេះច្រើនមិនធម្មតាដែរ។
នោះគឺដោយសារតែសង្ក្រាន្ដនេះ មិនត្រឹមតែពឹងលើសិល្បករល្បីៗ និងការរៀបចំតំបន់កម្សាន្តទាក់ទាញមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរៀបចំព្រឹត្តិការណ៍ប្រដាល់ក្បាច់គុនខ្មែរ ដោយអញ្ជើញកីឡាករបរទេសខ្លាំងៗ6រូបមកពី5ប្រទេស ឱ្យមកប្រកួតនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ស្របគ្នាដែកព្រឹត្តិការណ៍ប្រដាលនេះ ក៏មានការផ្សាយផ្ទាល់ ហើយមានការផ្សាយបន្ដផ្ទាល់ពីសំណាក់ទូរទស្សន៍និងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេចរបស់បរទេស។
ខុសពីព្រឹត្តិការណ៍សង្ក្រាន្ដទាំងអស់ដែលបានធ្វើឡើងនៅកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំនេះ សង្ក្រាន្ដព្រៃវែងនិងប៉ុស្តិ៍លេខ៥ ហ៑ានចាប់ដៃសហការគ្នារៀបចំព្រឹត្តិការណ៍ Khmer Fight ដោយមានកីឡាករកម្ពុជា និងបរទេស មកប្រកួតគ្នាយ៉ាងកក្រើក នៅយប់ថ្ងៃទី15 ខែមេសា ដែលជាថ្ងៃចូលឆ្នាំទី2។ កញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រមទាំងផេចហ្វេសប៊ុក និងផេចរបស់អន្តរជាតិផងនោះ ត្រូវគេឃើញបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះយ៉ាងភ្លូកទឹកភ្លូកដី ទើបធ្វើឱ្យសង្ក្រាន្ដព្រៃវែង កកកុញដោយមនុស្ស ហើយក្នុងចំណោមសង្ក្រាន្ដដែលបានធ្វើឡើង សង្ក្រាន្ដនេះសុះសាយជាងគេក្នុងក្រសែភ្នែកអន្តរជាតិខុសពីសង្ក្រាន្ដខេត្តផ្សេង។ កីឡាករឡុង សំណាង កីឡាករ វ៉ាន់ វឿន កីឡាករ ផល សោភ័ណ្ឌ កីឡាករ ឡៅ ចន្រ្ទា កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករ ឃុន ឌីម៉ា ដែលសុទ្ធតែជាកីឡាករល្បីៗ ត្រូវគេឃើញដាក់ឱ្យប្រកួតជាមួយកីឡាករថៃ អ៊ីតាលី អូទ្រីស បារាំង និងឡាវជាដើមដែលសុទ្ធតែខ្លាំង ដែលនាំឱ្យព្រឹត្តិការណ៍នេះកញ្ជ្រោលពេញសូម្បីតែក្នុងពិភពប្រដាល់ក្នុងស្រុក។
លោក សេង កដិកា អ្នករៀបចំព្រឹត្តិការណ៍បានប្រាប់ឡារ៉ែនថា គឺជាមោទកភាពណាស់ ដែលកន្លងមកកម្ពុជាធ្លាប់តែបញ្ជូនកីឡាករអោយទៅប្រកួតព្រឹត្តិការណ៍ Thai Fight ដែលកីឡាករទាំងអស់ត្រូវប្រកួតឱ្យត្រូវនឹងលក្ខណ្ឌរបស់ភាគីថៃ ស្រាប់តែក្នុងពេលនេះកម្ពុជាមានលទ្ធផលរៀបចំការប្រកួត Khmer Fight ដើម្បីឱ្យកីឡាករបរទេសមកប្រកួតតាមលក្ខន្តិកៈរបស់គណកម្មការរបស់កម្ពុជាវិញ។ នេះជាលើកទី2ហើយ ដែលកម្ពុជារៀបចំការប្រកួតមួយនេះ ដោយលើកទី2រៀបចំក្នុងព្រឹត្តិការ៍បើកសម្ពោធវិមានឈ្នះៗ និងលើកទី2នេះ នៅក្នុងព្រឹត្តិការណ៍សង្ក្រាននៅព្រៃវែង ដោយធ្វើតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃចូលឆ្នាំទី2 ថ្ងៃទី15 ខែមេសា ចំណែកកាលពីថ្ងៃទី14 គ្រាន់តែជាការប្រកួតរវាងកីឡាករក្នុងស្រុកនិងក្នុងស្រុក៕