កក្រើកអស់ទឹកដីប្រទេសកូរ៉េ ខណៈដែលតារាចម្រៀង និងសម្ដែងរួមមាន កញ្ញា ឡូរ៉ាម៉ម លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញាយូរី លោក Bmo លោកប៉ែន ចំរ៉ុង និងតារាល្បីៗចាស់ក្មេងជាច្រើនរូបទៀត បង្ហាញវត្តមានក្នុងកម្មវិធីមហាសង្ក្រាន្ដនៅប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត។ សង្ក្រាន្ដធំនេះ មានគម្រោងប្រមូលមូលនិធិ ជូនដល់គន្ធបុប្ផា ដោយមានការរំពឹងថា នឹងកក្រើកមិនចាញ់កាលលោកព្រាប សុវត្ថិត ទៅបង្ហាញខ្លួនកាលពីឆ្នាំមុនឡើយ។
យោងតាម ព័ត៍មានផ្លូវការ តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយពលករខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២០ មេសានេះហើយ អមដោយតារាល្បីៗពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាន្ដនៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុនក្រោមការបោះទុនពីក្រុមហ៊ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗឱ្យទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ។ យ៉ាងណាមិញសង្ក្រាន្ដឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះ ក៏ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា។
ព័ត៍មានផ្លូវការនៅក្នុងឆ្នាំនេះស្ពន់ស័រធំគឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងធ្វើសង្ក្រាន្ដជូនដល់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងជាទ្រង់ទ្រាយធំណាស់ ដោយយាមគម្រោងនឹងមានបងប្អូនខ្មែររហូតដល់រាប់ម៉ឺននាក់ចូលរួមរាំលេង ដើម្បីបង្កើតព្រឹត្តិការណ៍រាំលេងជាប្រវត្តិសាស្ត្រធំមួយនៅក្នុងសង្ក្រាននោះ។ តារាចម្រៀងល្បីល្បាញ កញ្ញា ឡូរ៉ាម៉ម និងតារាជាច្រើនរូបទៀត នឹងត្រូវគេសន្និដ្ឋានថានឹងធ្វើអោយកក្រើកព្រឹត្តិការណ៍ទាំងមូល ដើម្បីឱ្យបងប្អូនខ្មែរជាពលករនៅក្នុងប្រទេសកូរ៉េបានសប្បាយរីករាយ។ ហេតុផលដែលសង្ក្រាននៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងនៅងថ្ងៃទី២០ មេសា ក្រោយការប្រារព្ធចូលឆ្នាំរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា ក៍ព្រោះតែក្នុងប្រទេសនោះមិនមានការអនុញ្ញាតិអោយឈប់សម្រាកដូចនៅកម្ពុជា ទើបសម្រេចជ្រើសយកថ្ងៃអាទិត្យជាការប្រារព្ធសង្ក្រានធំ ក្នុងទីក្រុងមប៊ូសាន ដោយក្រៅតែពីច្រៀងរាំ ក៍មានការលេងល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរសម្ដែងជូនបងប្អូនទស្សនាផងដែរ។