ក្រោយមានតម្រូវការខ្ពស់ជាមួយនឹងកុំព្យូទ័រសម្រាប់លេងហ្គេម និងការងារផ្នែករចនាប្លង់ កាត់តវីដេអូ ក្រុមហ៊ុន Asus បានសម្រេចបើកនូវហាង Gaming Store ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីឱ្យអតិថិជនរបស់ខ្លួនអាចធ្វើការចុចប្រើសាកល្បង រាល់កុំព្យូទ័រស៊េរីថ្មីៗដែលមានលក់ក្នុងទីផ្សារ។
ហាង Gaming Store នោះមានទីតាំងនៅក្នុងផ្សារទំនើប City Mall ជាន់ផ្ទាល់ដី ផ្តោតសំខាន់ទៅលើផលិតផលសម្រាប់ហ្គេម រួមមានដូចជា កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ គ្រឿងផ្គុំ (Hardware) និងឧបករណ៍ចាំបាច់ជាច្រើនទៀត។
លោក ឈុន ហ៊ុយ នាយកគ្រប់គ្រងហាង Gaming Store បានឱ្យដឹងថា ការបើកសម្ពោធហាងថ្មីនេះ ផ្ដោតសំខាន់លើក្រុមយុវវ័យដែលនិយមចូលចិត្តលេងហ្គេមតាមរយៈកុំព្យូទ័រ សិស្សនិស្សិត និងអ្នកដែលធ្វើការងារផ្នែករចនាប្លង់ ដែលត្រូវការកុំព្យូទ័រមានសមត្ថភាពខ្លាំង ដំណើរការរលូន ប្រើយូរមិនក្ដៅ ជាដើម។
លោកថ្លែងថា៖«ខ្ញុំចង់អ្នកឱ្យប្រើប្រាស់ ទាំង Gamer ឬអ្នកប្រើប្រាស់ទូទៅ ទទួលបានបទពិសោធដ៏ល្អក្នុងការប្រើប្រាស់របស់ដែលមានគុណភាព និងសេវាកម្មល្អ។ នៅទីនេះ ពួកគាត់អាចប៉ះផ្ទាល់ និងសាកល្បងសមត្ថភាពផលិតផលមុននឹងសម្រេចចិត្តទិញ»។ លោកបន្តថា លក្ខណៈល្អមួយទៀតរបស់ហាងនេះ គឺអ្នកប្រើប្រាស់អាចចូលមកធ្វើការតេស្តសាកល្បងនៅហាងផ្ទាល់តែម្តងមុននឹងធ្វើការសម្រេចចិត្តទិញផលិតផលនានារបស់ ASUS យកទៅប្រើ ដែលនេះវាស្រដៀងនឹង Showroom របស់ក្រុមហ៊ុនលក់ទូរស័ព្ទមួយដូច្នោះដែរ។
ក្នុងនោះ រាល់អតិថិជនទាំងអស់នឹងទទួលបានការប្រឹក្សាយោបល់ពីការទិញឱ្យចំតម្រូវការដែលគាត់ត្រូវការប្រើប្រាស់ មិនថាតែកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុឡើយ៕