រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានព្យាករថា តាមសន្ទស្សន៍នៃសក្តានុពល និងការវិនិយោគលើ វិស័យសេវាស្នាក់នៅខេត្តព្រះសីហនុនឹងមានបន្ទប់សណ្ឋាគារកើនឡើងដល់ជិត 1ម៉ឺនបន្ទប់ក្នុងឆ្នាំ2021 ដើម្បីឆ្ពោះទៅដល់ការរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ2020 និងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ក្នុងឆ្នាំ2022។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា៖“ការវិនិយោគលើវិស័យសេវាស្នាក់នៅ និងសណ្ឋាគារបានកើនឡើងជាមធ្យម 3.5ពាន់បន្ទប់ក្នុង 1ឆ្នាំ ដែលបន្ទប់សណ្ឋាគារ អាចនឹងកើនឡើងដល់ជិត 1ម៉ឺនបន្ទប់ក្នុងឆ្នាំ2021 ដើម្បីគាំទ្រដល់ការរីកចម្រើនវិស័យទេសចរណ៍យ៉ាងលឿនរហ័ស និងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ”។
ឯកឧត្តមបន្តថា ខណៈដែលវិស័យទេសចរណ៍កម្ពុជាបាននាំមកនូវចំណូលក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង 4ពាន់លានដុល្លារកាលពីឆ្នាំ2018 កន្លងមកនេះ យើងក៏ត្រូវគិតគូរពីការធ្លុះធ្លាយសេដ្ឋកិច្ច (Econo mic Leakages) ក្នុងវិស័យទេសចរណ៍ ដោយចំណូលទេសចរណ៍ប្រមាណ 25% ត្រូវបានធ្លាយចេញទៅវិញ ដែលភាគច្រើនកើតឡើងដោយសារការនាំចូលផលិតផលពីបរទេស ដូចជា បន្លែផ្លែឈើ សាច់ ស្រា គ្រឿងសង្ហារិម វត្ថុសិប្បកម្មផ្សេងៗ-ល- ដើម្បីទ្រទ្រង់ដល់កំណើនយ៉ាងខ្លាំងនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន បានដាក់ទិសដៅដោយត្រូវព្យាយាមកាត់បន្ថយអត្រានៃការធ្លុះធ្លាយឱ្យបានយ៉ាងតិច 10%បន្ថែមទៀត(ឱ្យមកនៅត្រឹម 5%ដែលជាកម្រិតទូទៅរបស់បណ្តាប្រទេសគោលដៅទេសចរណ៍នានា)។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់៖“បើយើងអាចកាត់បន្ថយការធ្លុះធ្លាយបានប្រមាណ 10% បន្ថែមទៀត គឺយើងអាចចំណេញបានប្រមាណ 400លានដុល្លារពីការនាំចូលរបស់ទាំងនេះសម្រាប់តែបម្រើឧស្សាហកម្មទេសចរណ៍”។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តទៀតថា ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកក្នុងឧស្សាហកម្មទេសចរណ៍នឹងឆ្លើយតបនឹងកំណើនតម្រូវការ តាមរយៈកំណើននៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ និងកំណើននៃការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងស្រុក គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្តដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍។
ផ្នែកឯកជននៅក្នុងវិស័យទេសចរណ៍ត្រូវបន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានជាអតិបរមា ខណៈដែលផលិតករក្នុងស្រុកបាននិងកំពុងបន្តពង្រឹងផលិតកម្ម ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព ប្រកបដោយតម្លៃប្រកួតប្រជែង។ ការរៀបចំ“អន្តរការី” ក៏មានសារៈសំខាន់ក្នុងការដើរតួជាអ្នកផ្គូផ្គងភ្ជាប់ទំនាក់ទំនងរវាងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដោយធ្វើជាអ្នកធានាសម្រាប់ភាគីទាំង2។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសើ្នឱ្យមានការជំរុញរៀបចំខ្សែក្រវាត់បៃតងនៅជុំវិញតំបន់ គោលដៅទេសចរណ៍សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការជំរុញសកម្មភាពសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដើម្បីធានាដល់ការផ្គត់ផ្គង់ផលិតផលក្នុងស្រុកសម្រាប់ឧស្សាហកម្មទេសចរណ៍ ពិសេសនៅតាមរមណីយដ្ឋាន សណ្ឋាគារ និងភោជនីយដ្ឋាននានា។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរទេសចរណ៍ ក្រុមការងារទាំង5 ព្រមទាំងមន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវសហការគ្នាបន្តអនុវត្តភារកិច្ច និងដោះស្រាយបញ្ហាប្រឈមតាមជំនាញ និងអនុវត្តច្បាប់ជាចម្បងប្រកបដោយប្រសិទ្ធភាព។ ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងគុណភាពបុគ្គលិកជំនាញតាមរយៈការបើកវគ្គបណ្តុះបណ្តាលជាប្រចាំ និងជំរុញដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ធ្វើការបើកវគ្គពង្រឹងសមត្ថភាពនៅមូលដ្ឋានផ្ទាល់ (In house training)។
សូមបញ្ជាក់ថា នៅឆ្នាំ2018 កន្លងមកនេះ ចំនួនភ្ញៀវទេសចរបរទេស មកកម្ពុជាមានចំនួន 6.2លាននាក់កើនឡើង11% ដោយឡែកទេសចរអន្តរជាតិមកខេត្តព្រះសីហនុមានចំនួន 58ម៉ឺននាក់កើន24% ដែលបង្កើតការងារដោយផ្ទាល់ចំពោះប្រជាពលរដ្ឋចំនួន 17ម៉ឺននាក់ ចំណែកទេសចរណ៍បរទេស សម្រាប់ 3ខែដើមឆ្នាំ2019 នេះ មានចំនួន 20ម៉ឺននាក់ កើនឡើង25%។ បច្ចុប្បន្ន មូលដ្ឋានសេវាស្នាក់នៅមានចំនួន 9,697បន្ទប់ ក្នុងនោះសណ្ឋាគារកម្រិតផ្កាយ5 មានចំនួនប្រមាណ 2,000បន្ទប់៕