ចាប់ពីចុងខែមេសានេះទៅ ប្រជាជនកម្ពុជានឹងអាចជិះរថភ្លើងពីកម្ពុជាឆ្លងកាត់តំបន់អាស៊ានបានហើយ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជា-ថៃ បានរៀបចំរួចរាល់ហើយនូវកិច្ចព្រមព្រៀងតភ្ជាប់ផ្លូវដែកសម្រាប់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង2 ចុះហត្ថលេខា។ ហេតុនេះចាប់ពីថ្ងៃទី22 ខែមេសា ឆ្នាំ2019 ខាងមុខនេះ ក្រោយចុះកិច្ចព្រមព្រៀងជាផ្លូវការ ប្រជាជនកម្ពុជានឹងអាចធ្វើដំណើរតាមផ្លូវដែកឆ្លងប្រទេសបានហើយ និងសម្រាប់កម្មករ កម្មការិនីអាចធ្វើដំណើរពីបាងកកមកដល់ភ្នំពេញបានយ៉ាងងាយ។ ចំណែកឯអ្នកធ្វើដំណើរតាមរថភ្លើងពីខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ពេលទៅដល់ប៉ោយប៉ែតអាចបន្តដំណើរតាមរថភ្លើងទៅដល់បាងកក ម៉ាឡេស៊ី ឬសិង្ហបុរីក៏បាន។
គួរបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវដែកនេះ វិនិយោគដោយក្រុមហ៊ុន Royal Railway ដោយក្នុងនោះក្រុមហ៊ុនបានបញ្ជាទិញរថភ្លើងពីប្រទេសម៉ិកស៊ិកចំនួន 3គ្រឿង ដោយក្នុង 1គ្រឿងៗតម្លៃ 2លានដុល្លារ។ រថភ្លើងថ្មីនេះអាចផ្ទុកមនុស្សបានចំនួន 56នាក់ មានម៉ាស៊ីនត្រជាក់ មានបំពាក់ប្រព័ន្ធ Wi-Fi និងល្បឿនរហូតដល់ 80 ទៅ 90គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងមានទូរទស្សន៍ បង្គន់អនាម័យ រួមទាំងបច្ចេកវិទ្យាដើម្បីកុំឱ្យរលាក់ថែមទៀតផង៕