លោកស្រី ពុធ ធីតា ជាម្ចាស់ក្លិបបាល់ទាត់នៃលីកកំពូលកម្ពុជា បឹងកេត អេហ្វស៊ី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញការបញ្ជូនកូនប្រុសម្នាក់ទៅចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្លិបយក្សរបស់អេស្ប៉ាញ FC Bacelona នោះថា នៅទីនោះមានកុមារពូកែៗច្រើនណាស់មកពីជុំវិញពិភពលោក ដូច្នេះហើយទើបធ្វើឱ្យលោកស្រីមិនសូវជាមានសង្ឃឹមប៉ុន្មានឡើយ។
កុមារា DOME ដែលជាកូនប្រុសបង្កើតរបស់លោកស្រីកំពុងតែធ្វើតេស្តសមត្ថភាពរបស់គេលើកចុងក្រោយនៅក្នុងសាលាបាល់ទាត់ FC BESCOLA នៅលើទឹកដីប្រទេសអេស្ប៉ាញ ដែលជាសាលាបាល់ទាត់របស់ក្លិប Bacelona ក្នុងកម្មវិធីជ្រើសរើសយកកុមារដែលមានសមត្ថភាពខ្លាំងមកពីជុំវិញពិភពលោកដើម្បីបានហ្វឹកហាត់នៅក្នុងក្លិបមួយនេះ។
លោកស្រីបានបន្ថែមថា ក្នុងការធ្វើតេស្តសមត្ថភាពលើកនេះ គឺជាលើកទី3ហើយ ដែលលើកទី1 ធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី លើកទី2 នៅទឹកដីអេស្ប៉ាញ ហើយលើកនេះគឺជាលើកចុងក្រោយហើយ ប្រសិនបើជាប់ Dome នឹងបានចូលរួមជាមួយក្រុមយុវជនរបស់ក្លិប Bacelona តែម្តង៕