សហគ្រាសជាច្រើននៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងទំហំ ទ្រព្យសកម្ម និងចំនួនបុគ្គលិកជាដើម។ ស្ថានភាពនេះតម្រូវឱ្យម្ចាស់សហគ្រាសទាំងនោះចាំបាច់ត្រូវព្យាយាមស្វែងយល់ឱ្យបានកាន់តែច្បាស់ពីចំណុចសំខាន់ៗ ដែលគួរអនុវត្តដើម្បីឱ្យសហគ្រាសរបស់ខ្លួនស្របទៅតាមលក្ខខណ្ឌច្បាប់គណនេយ្យ សវកម្ម និងពន្ធដារជាដើម។
នៅថ្ងៃនេះឡារ៉ែនពាណិជ្ជបានមកជួបសម្ភាសជាមួយលោក សាន្ត ចន្ទកុម្ភៈ នាយកក្រុមហ៊ុន Apollo Investment & Consulting Co., Ltd. ដែលជាគណនេយ្យករជំនាញ និងសវនករអាជីព ដើម្បីចែករំលែកចំណេះដឹងលម្អិតពីសវនកម្មនៅកម្ពុជា។
តើសវនកម្មមានប៉ុន្មានប្រភេទដែរ?
មែនទែនទៅ សវនកម្មមានច្រើនប្រភេទ។ សវនកម្ម មានដូចជាសវនកម្មទៅលើគុណភាព សវនកម្មផ្ទៃក្នុង សវនកម្មហិរញ្ញវត្ថុ និងសវនកម្មពន្ធដារ ជាដើម ហើយជាទូទៅម្ចាស់សហគ្រាសធុនមធ្យម និងធុនធំតម្រូវឱ្យធ្វើសវនកម្មហិរញ្ញវត្ថុជាទៀងទាត់។ សហគ្រាសទាំងនោះក៏អាចនឹងត្រូវបានធ្វើសវកម្មពន្ធដារដោយមន្ត្រីពន្ធដារផងដែរ។
តើលោកអាចពន្យល់បានទេថា អ្វីទៅជាសវនកម្មហិរញ្ញវត្ថុ និងសវនកម្មពន្ធដារ?
សវនកម្មហិរញ្ញវត្ថុនិយាយឱ្យសាមញ្ញ គឺជាការធ្វើការងារទៅលើការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស ឬអង្គភាពនោះដើម្បីធានាដោយសមហេតុសមផលថា របាយការណ៍នោះត្រឹមត្រូវអាចយកជាការបានដោយគ្មានកំហុស ឬការកេងបន្លំជាដើម។ ការងារដែលបានធ្វើលើរឿងនេះ គឺមិនមែនមានន័យថា ឱ្យតែធ្វើ គឺដឹងតែធានា100%ថា របាយការណ៍នោះត្រឹមត្រូវ100%នោះទេដោយសារតែហានិភ័យវិជ្ជាជីវៈ និងការលាក់ព័ត៌មានសម្ងាត់ជាដើម។ ចំណែកសវនកម្មពន្ធដារ គឺធ្វើឡើងតាមការកំណត់របស់មន្ត្រីពន្ធដារដើម្បីធានាថា ការបង់ពន្ធរបស់សហគ្រាសនោះត្រឹមត្រូវ និងមិនមានការកេងបន្លំពន្ធដារជាដើម។
តើសហគ្រាសប្រភេទណាដែលគេតម្រូវឱ្យធ្វើសវនកម្មហិរញ្ញវត្ថុ និងសវនកម្មពន្ធដារ?
ចំពោះសវនកម្មហិរញ្ញវត្ថុ សហគ្រាសនីមួយៗអាចធ្វើវាដោយគោលការណ៍ស្ម័គ្រចិត្ត ឬតម្រូវដោយភាគហ៊ុនិកជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត បើតាមច្បាប់កំណត់ រាល់សហគ្រាសណាដែលមានលក្ខខណ្ឌ2 ក្នុងចំណោមលក្ខខណ្ឌ3 សំខាន់ៗមួយចំនួន ដូចជា៖
1. សហគ្រាសដែលមានផលរបរចាប់ពី 3.000.000.000រៀល។
2. ទ្រព្យសកម្មសរុបចាប់ពី 2.000.000.000រៀល។
3. មានបុគ្គលិកច្រើនជាង 100នាក់ឡើងទៅ។
សហគ្រាសនោះចាំបាច់តម្រូវឱ្យធ្វើសវនកម្មហិរញ្ញវត្ថុ។ ហើយគ្រប់ក្រុមហ៊ុនដែលមានសិទ្ធិធ្វើសវនកម្មទៅលើសហគ្រាសទាំងនេះ ត្រូវទទួលស្គាល់ដោយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករ (KICPAA) និងក្រុមប្រឹក្សាជាតិគណនេយ្យ។
ចំពោះសវនកម្មពន្ធដារវិញមានលក្ខណៈសំខាន់ៗមួយចំនួនដូចជា សវនកម្មពេញលេញ (Comprehensive Audit) សវនកម្មមានកម្រិត (Limited Audit) ឬសវនកម្មនៅនឹងកន្លែងពន្ធដារជាដើម (Desk Audit)។ ការធ្វើសវនកម្មទាំងនេះ គឺជាសិទ្ធិផ្តាច់មុខរបស់អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារតាមខណ្ឌ ឬខេត្តនីមួយៗ តែសហគ្រាសនីមួយៗក៏មានសិទ្ធិស្នើឱ្យមានការធ្វើសវនកម្មទាំងនេះផងដែរ។
ក្នុងនោះសវនកម្មពេញលេញមានន័យថា ជាការរៀបចំត្រួតពិនិត្យនូវគ្រប់ផ្នែកទាំងអស់របស់របាយការណ៍ហិរញ្ញវត្ថុ។ ហើយបច្ចុប្បន្ននេះអ្នកដែលធ្វើការត្រួតពិនិត្យភាគច្រើនលើប្រភេទសវនកម្មនេះ គឺសវនករពន្ធដារដែលមកពីអគ្គនាយកដ្ឋានពន្ធដារដែលធ្វើកិច្ចការនេះ។ ចំណែកឯសវនកម្មមានកម្រិត និងសវនកម្មនៅនឹងកន្លែង គឺភាគច្រើនត្រូវបានធ្វើឡើងដោយសវនករពន្ធដារនៅតាមខណ្ឌ និងខេត្តនីមួយៗ។
តើការធ្វើសវនកម្មហិរញ្ញវត្ថុមានប្រយោជន៍អ្វីខ្លះចំពោះសហគ្រាស?
ការធ្វើសវនកម្មហិរញ្ញវត្ថុមានប្រយោជន៍ច្រើនណាស់ចំពោះសហគ្រាសដូចជា ទី1 គឺវាអាចជួយពង្រឹងតម្លាភាពហិរញ្ញវត្ថុ ព្រោះសហគ្រាសដែលត្រួវបានគេធ្វើសវនកម្មហិរញ្ញវត្ថុច្រើនតែមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំ ដូច្នេះហើយក្រុមហ៊ុនអាចមានភាគហ៊ុនិកច្រើន តែសមាជិកម្នាក់ៗអាចមានទំនុកចិត្តខ្ពស់លើសហគ្រាសនោះ ដែលជាកត្តាធ្វើឱ្យកាត់បន្ថយជម្លោះ និងមានការអភិវឌ្ឍបានលឿន។ ម្យ៉ាងវិញទៀតសវនករអាជីពអាចនឹងផ្តល់អនុសាសន៍ល្អៗដើម្បីជួយកែលម្អចំណុចខ្វះខាតជាដើម ដែលវាអាចធ្វើឱ្យយើងមើលឃើញកាន់តែច្បាស់ពីចំណុចគួរកែលម្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័ន។ រឿងពិសេសមួយទៀតគឺអាចគេចផុតពីបញ្ហាបង់ពន្ធខុស ឬប្រកាសពន្ធខុសជាដើម។
ចំណុចសំខាន់ទី2 គឺអាចបង្កើនតម្លៃរបស់សហគ្រាសនោះ ព្រោះមិនថាពេលដែលសហគ្រាសនោះចង់ខ្ចីលុយបន្ថែម ឬពេលដែលសហគ្រាសនោះចង់រកទុនវិនិយោគបន្ថែមនោះ សហគ្រាសដែលមានរបាយការណ៍សវនកម្មហិរញ្ញវត្ថុច្បាស់លាស់ ភាគច្រើនអាចទទួលបានកម្ចីដែលមានការប្រាក់ទាប។ អ្នកវិនិយោគច្រើនតែឱ្យតម្លៃដល់សហគ្រាសដែលមានរបាយការណ៍សវនកម្មហិរញ្ញវត្ថុ និងផ្តល់តម្លៃខ្ពស់ជាងសហគ្រាសធម្មតា និងចំណុចសំខាន់ចុងក្រោយ គឺកសាងទំនុកចិត្តរវាងអ្នកគ្រប់គ្រង ព្រោះថា ប្រសិនជារបាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើសវនកម្ម និងទទួលបានលទ្ធផលត្រឹមត្រូវ និងគួរឱ្យទុកចិត្តបាន ម្ចាស់សហគ្រាស និងអ្នកគ្រប់គ្រងសហគ្រាសនោះក៏នឹងមានទំនុកចិត្តចំពោះគ្នាផងដែរ ដែលវាអាចធ្វើឱ្យអាជីវកម្មទទួលបានលទ្ធផលវិជ្ជមានជាប់ជាប្រចាំ៕