ការអប់រំកូនតូចៗឱ្យក្លាយជាមនុស្សល្អមិនមែនជារឿងងាយនោះទេ តែក៏មិនមែនជារឿងលំបាកពេកដែរ ប្រសិនបើអាណាព្យាបាលបានដឹង និងយកចិត្តទុកដាក់ពីកត្តាសំខាន់ៗនៃការអប់រំសម្រាប់ពួកគេ។
លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា នៅក្នុងយុគសម័យថ្មីនេះ ការអប់រំតែនៅសាលាមួយមុខមិនគ្រប់គ្រាន់ទេដើម្បីឱ្យកូនក្លាយជាមនុស្សល្អពេញលក្ខណៈ។ មានកត្តាសំខាន់ៗចំនួន 3 ដែលអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ និងចូលរួម គឺកត្តាសាលារៀន កត្តាគ្រួសារ និងកត្តាសង្គម។ ចរិត និងគំនិតរបស់មនុស្សម្នាក់ៗអាចល្អ ឬអាក្រក់ មានឥទ្ធិពលមួយផ្នែកធំលើបរិស្ថានអប់រំនៅក្នុងគ្រួសារ ព្រោះកុមាររស់នៅជាមួយអាណាព្យាបាលច្រើនជាងគេ គឺចាប់ពីកើតរហូតដល់ធំ ហេតុនេះកត្តាគ្រួសារ និងការយកចិត្តទុកដាក់របស់អាណាព្យាបាលជារឿងសំខាន់ខ្លាំងណាស់សម្រាប់ការអប់រំ។
លោក តែ ឡាយ បាននិយាយថា៖ «សម្រាប់ការអប់រំក្នុងសម័យបច្ចុប្បន្ននេះ មានលក្ខណៈខុសប្លែកពីការអប់រំសម័យមុន ព្រោះវត្តមាននៃបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកមានការប្រែប្រួល។ ហេតុនេះអាណាព្យាបាលគួរតែចេះគ្រប់គ្រងកូនឱ្យបានល្អ និងតម្រង់ទិសកូនឱ្យប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ ដើម្បីធានាថា ការអប់រំពីសាលា និងការអប់រំល្អៗមិនត្រូវលុបបាត់ដោយប្រភពព័ត៌មានមិនល្អក្នុងបណ្តាញទំនាក់ទំនងសង្គម»។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា កត្តាសំខាន់ និងកត្តាចម្បងមួយផ្សេងទៀតគឺកត្តាសាលារៀន។ ការជ្រើសរើសសាលារៀន និងផ្តល់ឱ្យកូននូវបរិស្ថានអប់រំល្អ គឺជាការវិនិយោគយ៉ាងសំខាន់ដែលអាណាព្យាបាលចាំបាច់ត្រូវយកចិត្តទុកដាក់។ ប្រសិនបើកូនទទួលបានការអប់រំនៅសាលាល្អ ហើយមានការអប់រំបន្ថែមយ៉ាងយកចិត្តទុកដាក់ និងលើកទឹកចិត្តពីគ្រួសារនោះ កូននឹងអាចក្លាយជាមនុស្សមានសមត្ថភាពទាំងចំណេះដឹង និងសីលធម៌។ ហេតុនេះហើយទើបសាលាវេស្ទឡាញន៍ព្យាយាមគ្រប់លទ្ធភាពដើម្បីផ្តល់នូវប្រព័ន្ធអប់រំល្អៗ បង្កើតបរិយាកាសលើកទឹកចិត្តសម្រាប់ការប្រកួតប្រជែង ដូចជាការប្រកួតនិយាយជាសាធារណៈ ការប្រកួតនិទានរឿង និងការប្រកួតធ្វើបទបង្ហាញតាមរយៈវីដេអូដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យក្មេងៗទទួលបាននូវការជំរុញជាវិជ្ជមានឱ្យមានកិច្ចខិតខំប្រឹងប្រែង។ លើសពីនេះទៅទៀត យើងក៏ផ្តល់ការប្រឹក្សាដល់ប្រឹក្សានូវជំនាញភាពជាអាណាព្យាបាលល្អ និងគំនិតជាច្រើនផ្សេងទៀតដល់គ្រួសារដើម្បីបំពេញបន្ថែម។
បន្ថែមពីលើនេះ លោក តែ ឡាយ បានបន្ថែមផងដែរថា កត្តាសំខាន់ចុងក្រោយដែលមានឥទ្ធិពលសម្រាប់ការអប់រំធនធានជំនាន់ថ្មីនៅកម្ពុជា គឺកត្តាសង្គម។ ប្រសិនបើសង្គម និងបរិស្ថាននៃការរស់នៅរបស់យើងមានភាពល្អប្រសើរ មានការគោរពគ្នា និងបរិយាកាសប្រកបដោយភាពវិជ្ជមាន នោះក្មេងៗដែលមានភាពខ្លាំងពីការបណ្តុះបណ្តាលនៅក្នុងសាលា និងគ្រួសារល្អស្រាប់ នឹងមិនអាចមានផលប៉ះពាល់ដល់ការគិតរបស់គាត់នោះទេ តែប្រសិនបើសង្គមរស់នៅមិនល្អវិញ ពេលខ្លះអាចធ្វើឱ្យឥទ្ធិពលអវិជ្ជមានមួយចំនួនចូលទៅក្នុងជីវិតក្មេងបាន។ ហេតុនេះប្រសិនបើអាណាព្យាបាលចង់ឱ្យកូនក្លាយជាមនុស្សល្អ និងមានអនាគតប្រកបដោយភាពភ្លឺស្វាងសូមព្យាយាមគ្រប់លទ្ធភាព និងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាលើកត្តាដ៏ទៃផ្សេងទៀតបន្ថែមពីលើការអប់រំតែមួយមុខគត់នៅសាលា៕