នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 នេះ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងល្បីឈ្មោះប្រចាំផលិតកម្មរស្មី ហង្សមាស គឺ លោក សួន ពិសិដ្ឋ បានចូលរួមរិះគន់ជុំវិញប្រតិកម្មរឿង ឈុតសម្លៀកបំពាក់ប្រពៃណីជាតិ ដែលត្រូវបានច្នៃម៉ូដដោយជនជាតិថៃ នៅក្នុងកម្មវិធី Mister National Universe 2017 តាមរយៈគណនីបណ្ដាញសង្គមហ្វេសប៊ុក ។
ជុំវិញបញ្ហានេះ លោក សួន ពិសិដ្ឋ បានសរសេរសារលើរូបភាពដែលបានចែករំលែកបន្ដពីគេហទំព័រ AjathomNokorReachថា “សុទ្ធតែពលរដ្ឋខ្មែរធ្វើអន្តរាគមន៍! ចុះឯណាមន្ត្រីពាក់ព័ន្ធរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ម៉េចអត់មានឃើញអើពើអីសោះអ៊ីចឹង!!?” ។ គួរកត់សម្គាល់ដែរថា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានគាំទ្រជុំវិញការរិះគន់ទៅដល់ខាងមន្ត្រីក្រសួងវប្បធម៌ សមាគមសិល្បៈ និងសុំឱ្យមានការចាត់វិធានការ និងចំណាត់ការផ្សេងៗ និងមិនគួរស្ងាត់ចំពោះរឿងនោះដូច្នេះឡើយ ព្រោះមិនដឹងថា បេក្ខជនទៅប្រកួតតាំងពីពេលណា នៅកន្លែងណា និងអ្នករៀបចំកម្មវិធីនោះជាអ្នកណាឡើយ ។លោក ពិសិដ្ឋ បានឆ្លើយតបបន្ដថា “អ៊ីចឹង អ្នករៀបចំកម្មវិធីហ្នឹង ពិតជាកាន់តែគួរឱ្យខ្លាច និងគួរឱ្យប្រយ័ត្នហើយ” ។
គួររំឭកបន្តិចផងដែរថា កម្មវិធី Mister National Universe 2017 ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងខ្លាំងអំពីការស្លៀកឈុតបុរាណប្រពៃណីខ្មែរដែលខុសលំនាំដោយអ្នកចូលរួមប្រកួតជាជនជាតិខ្មែរកាលពីម្សិលមិញនេះ ដោយកម្មវិធីនោះត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក និង តំបន់ទេសចរណ៍ហួហ៊ីន ប្រទេសថៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី 5 ដល់ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2017 នេះ ដោយមានបេក្ខជនចូលរួមប្រកួតមកពីបណ្ដាប្រទេសនានា សរុបចំនួន 25នាក់ ជាបេក្ខជនតំណាងឱ្យជាតិនីមួយៗ និងគួរបញ្ជាក់ផងដែរថា បេក្ខជនដែលបានទៅចូលរួមប្រកួតក្នុងកម្មវិធីខាងលើនោះ ក៏បានចេញសារសុំទោស និងពន្យល់ពីមូលហេតុ និងរាល់កំហុសឆ្គងដែលបានកើតឡើងជាសាធារណៈតាមរយៈហ្វេសប៊ុកហើយដែរ ដោយលោកសង្ឃឹមថា បណ្ដាអ្នករិះគន់នឹងយោគយល់ដល់រូបលោក ហើយប្រទេសកម្ពុជានឹងមានកម្មវិធីចូលប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខនេះដែរ ហើយលោកបានបញ្ជាក់ថា ខ្ញុំគ្រាន់តែចង់បាននូវបទពិសោធសម្រាប់ជីវិតតែប៉ុណ្ណោះ ៕