ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា និងធនាគារកាណាឌីយ៉ា ភីអិលស៊ី ដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាបានបើកដំណើរការសេវាថ្មីសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (ផ. ម. ក) the Cambodia Securities Exchange CSX ដើម្បីទាក់ទាញក្រុមហ៊ុនជាច្រើនឱ្យចូលរួមជាមួយ CSX នៅក្នុងការដេញថ្លៃ ធនាគារក៏នឹងត្រូវបានផ្តល់ប្រាក់កម្ចី និងគណនីបញ្ញើមានកាលកំណត់ ជាមួយអត្រាការប្រាក់ពិសេស។ សេវាថ្មីនេះ ត្រូវបានប្រកាសនៅផ្សារហ៊ុនកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រ the Securities and ExchangeCommission of Cambodia SECC បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះថា៖“ប្រសិនបើ ក្រុមហ៊ុនចុះបញ្ជីចង់បង្កើនដើមទុន ពួកគេត្រូវបង្កើនដើមទុនតាមរយៈការចេញបណ្ណភាគហ៊ុន ឬស្នើសុំភ្នាក់ងារទូទាត់សាច់ប្រាក់សម្រាប់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ពិសេស”។
ឯកឧត្តមបានឱ្យដឹងថា៖“សេវាកម្មថ្មីនេះនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនជាច្រើនចូលរួមជាមួយ CSX ហើយក្រុមហ៊ុនចុះបញ្ជីត្រូវតែបំពេញតាមតម្រូវការដ៏តឹងរ៉ឹងរបស់ SECC បើមិនដូច្នោះទំនងជាមិនទទួលបានប្រាក់កម្ចីទេ។ ក្រុមហ៊ុនចុះបញ្ជីត្រូវតែបំពេញតាមតម្រូវការរបស់ SECC ទាក់ទងនឹងតម្លាភាពគណនេយ្យភាព អភិបាលកិច្ចល្អ និងការគ្រប់គ្រងល្អ។ ក្រុមហ៊ុនទាំងនេះ គឺជាអតិថិជនដ៏ល្អសម្រាប់ធនាគារ ដូច្នេះវាសមហេតុផលដែលពួក-គេអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយមានលក្ខខណ្ឌពិសេស”។
ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានប្រសាសន៍ថា នៅពេលខាងមុខនេះយើងនឹងមានធនាគារច្រើនទៀត ដែលខ្លះជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ និងខ្លះទៀតមិនពាក់ព័ន្ធដែលនឹងឯកភាពផ្តល់ជាការលើកទឹកចិត្ត។ ដូចនេះក្រុមហ៊ុនចុះបញ្ជីមានជម្រើសកាន់តែច្រើនក្នុងការសម្រេចចិត្តទទួលសេវាកម្មរបស់ធនាគារ។ បើតាមឯកឧត្តមអគ្គនាយក សេចក្តីថ្លែងការណ៍រួមស្តីពីការលើកទឹកចិត្តដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាពីភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីភាពបំពេញឱ្យគ្នាទៅវិញទៅមកនៃវិស័យធនាគារ និងវិស័យមូលបត្រ ដែលកន្លងមកតែងតែមានការយល់ច្រឡំថា វិស័យទាំង2 នេះមានការប្រកួតប្រជែងគ្នា។
លោក Jong Weon Han អនុប្រធានរបស់ CSX បានឱ្យដឹងថា សេវាថ្មីនេះបង្កើតការរួមបញ្ចូលគ្នារវាងវិស័យធនាគារ និងមូលបត្រ។ លោក Weon Han បានថ្លែងថា៖“ការលើកទឹកចិត្តបានបង្ហាញថា វិស័យធនាគារ និងវិស័យមូលបត្រអាចបំពេញឱ្យគ្នាទៅវិញទៅមក ហើយក្រុមហ៊ុនចុះបញ្ជីនឹងមិនត្រឹមតែទទួលបានការទុកចិត្តពីវិនិយោគិនប៉ុណ្ណោះទេ តែថែមទាំងពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់ខ្លួនទៀតផង”។
លោក Raymond Sai Say Guan អគ្គនាយកធនាគារកាណាឌីយ៉ាថ្លែងថា កំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់ប្រទេសកម្ពុជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងស្ថិរភាពអាជីវកម្មដ៏រឹងមាំនៅក្នុងប្រទេស ដោយលោកបានបន្ថែមថា ក្រុមហ៊ុនជាច្រើនទំនងជានឹងចូលរួមជាមួយ CSX នាពេលអនាគត។
លោក Guan បានមានប្រសាសន៍ថា៖“ធនាគារកាណាឌីយ៉ាមានសេចក្តីរីករាយក្នុងការសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា ក៏ដូចជាផ្សារហ៊ុនកម្ពុជាដើម្បីគាំទ្រតម្រូវការហិរញ្ញវត្ថុ និង ធនាគាររបស់ក្រុមហ៊ុនចុះបញ្ជី និងការរីកចម្រើននៃទីផ្សារមូលបត្រ”។
លោកបានបន្ថែមថា ធនាគារអេស៊ីលីដាដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់នៅកម្ពុជានឹងចាប់ផ្តើមផ្តល់សេវាស្រដៀងគ្នានេះក្នុងពេលឆាប់ៗនេះ។ លោកបន្ថែមថា ធនាគារ 2 បន្ថែមទៀតនឹងទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងឆ្នាំនេះ ព្រោះថា សេវាទាំងនេះផ្តល់ឱកាសដល់ក្រុមហ៊ុនដែលស្វែងរកមូលធនសម្រាប់រយៈពេលខ្លី ឬរយៈពេលវែងដើម្បីទទួលបានអត្រាការប្រាក់ទាបជាងក្រុមហ៊ុនមិនចុះបញ្ជី។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បញ្ជាក់ថា “ទីផ្សារមូលបត្របង្កើននូវទំនុកចិត្តអនុញ្ញាតឱ្យទីផ្សារធនាគារកាន់តែមានភាពរឹងមាំ។ ទីផ្សារធនាគារវិញ ប្រសិនបើកម្ចីថយ ការដាក់ប្រាក់បញ្ញើវានឹងថយដោយខ្លួនឯង ដូច្នេះការបង្កើនកម្ចី និងការដាក់ប្រាក់បញ្ញើ គឺជាចំណុចដែលធ្វើឱ្យធនាគារកាន់តែរឹងមាំ។ ដូចនេះជាចំណុចមួយ វាមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមកជាមួយវិស័យមូលបត្រ”។
អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានលើកឡើងថា៖“អ្វីដែលជាគោលបំណងរបស់រាជរដ្ឋាភិបាលដែលបង្កើតទីផ្សារមូលធនឡើង គឺដើម្បីផ្តល់ជម្រើសបន្ថែម យើងមិនមែនបង្កើតឱ្យមានការប្រកួតប្រជែងគ្នាទេ។ យើងបង្កើតនូវជម្រើសបន្ថែមដើម្បីឱ្យក្រុមហ៊ុននានាអាចរកហិរញ្ញប្បទានពីទីផ្សារមូលបត្រ និងពីយន្តការដែលមានស្រាប់”។ លោកបញ្ជាក់ថា៖“នៅលើសកលលោកនេះមិនដែលមានទីផ្សារតែម្ខាងនោះទេ គឺមានទីផ្សារ2 ហើយខ្ញុំក៏មិនទាន់ឃើញទីផ្សារមូលបត្ររីកចម្រើន ហើយទីផ្សារធនាគារដួលរលំដែរ។ ខ្ញុំធ្លាប់ឃើញតែទីផ្សារមូលបត្រកាន់តែរឹងមាំ ធនាគារគឺកាន់តែខ្លាំង”។
ឯកឧត្តម ហុង សុហួរ បញ្ជាក់ថា “វិស័យធនាគារដែលរីកចម្រើននឹងនាំឱ្យវិស័យមូលបត្រអាចរីកចម្រើន ពីព្រោះគ្រឹះស្ថានធនាគារមានប្រាក់ចំណេញច្រើននឹងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគភាគហ៊ុន។ បញ្ច្រាស់មកវិញ ពេលដែលវិស័យមូលបត្ររីកចម្រើននោះ ធនាគារអាចផ្តល់កម្ចីកាន់តែច្រើនជាងមុន គុណភាពកម្ចីកាន់តែល្អជាងមុន ហើយធនាគារកាន់តែមានជម្រើសបង្កើតចំណូលបានច្រើនជាងមុន”។
ឯកឧត្តមបន្តថា ការផ្តល់ជូននូវអត្រាការប្រាក់ពិសេសនេះ គឺជាអត្ថប្រយោជន៍មួយក្នុងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលមាន ដូចជាការអនុគ្រោះបំណុលពន្ធ ការកាត់បន្ថយពន្ធលើប្រាក់ចំណេញ50% រយៈពេល 3ឆ្នាំ ការទទួលបានហិរញ្ញប្បទានរយៈពេលវែងមិនមែនជាបំណុល ការទទួលបានការទទួលស្គាល់កាន់តែច្រើនឡើង សមត្ថភាពប្រកួតប្រជែងល្អជាងមុន។
យោងតាមសេចក្តីប្រកាសព័ត៌មាន គណៈកម្មការមូលបត្រកម្ពុជាបានបង្ហាញថា មកដល់បច្ចុប្បន្ននេះ គណៈកម្មការមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន5 ដែលមានមូលបត្រទីផ្សារប្រមាណជាង 2.13ទ្រីលានរៀល ឬស្មើប្រមាណ 534.34លានដុល្លារអាមេរិក ប្រៀបធៀបនឹងចុងឆ្នាំ2018 មូលធនទីផ្សារមានប្រមាណ 1.21ទ្រីលានរៀល ស្មើប្រមាណ 304.76លានដុល្លារអាមេរិក៕