ក្នុងគោលដៅផ្សព្វផ្សាយអំពីរថយន្តប្រើម៉ាស៊ីន Hybrid ;ក្រុមហ៊ុន Toyota នឹងបើកសិទ្ធិឱ្យក្រុមហ៊ុនផលិតរថយន្តដទៃទៀតនៅលើពិភពលោកប្រើប្រាស់ប៉ាតង់បច្ចេកវិទ្យារថយន្ត Hybrid របស់ខ្លួនចាប់ពីពេលនេះរហូតដល់ឆ្នាំ2030។
ផ្អែកតាមការប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ជប៉ុនមួយនេះបានឱ្យដឹងថា មានប៉ាតង់បច្ចេកវិទ្យាជិត 24,000ប៉ាតង់ដែលខ្លួននឹងដាក់ឱ្យប្រើប្រាស់ ដែលមានទាក់ទងនឹងម៉ូទ័រអគ្គិសនី Converter និងអាគុយផងដែរ។
ប៉ាតង់ដ៏ច្រើនលើសលប់នេះមានរួមបញ្ចូលទាំងបច្ចេកវិទ្យាទំនើបៗដែលមានប្រើនៅលើរថយន្តអគ្គិសនី ដូចជាប្រភេទរថយន្ត Hybrid ប្រភេទ Plug-in Hybrid និងប្រភេទរថយន្ត Fuel Cell ដែលបានជួយឱ្យ Toyota អាចផលិតបានរថយន្តដែលមានកម្លាំងខ្លាំង ទំហំតូច និងចំណាយដើមទុនតិចទៀតផង។
ការដាក់ឱ្យប្រើប៉ាតង់ដោយឥតគិតថ្លៃនេះ ក៏ជាផ្នែកមួយនៃការជួយកាត់បន្ថយការបំពុលបរិស្ថានដោយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះផងដែរ៕