ក្នុងពិព័រណ៍យានយន្តនៅសហរដ្ឋអាមេរិក Genova Motor Show ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Audi បានដាក់បង្ហាញរថយន្តនាថ្ងៃអនាគតរបស់ខ្លួន គឺរថយន្តប្រើចរន្តអគ្គិសនី SUV លក្ខណៈគ្រួសារដែលនឹងមានលក់នៅឆ្នាំ2020។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដ៏ទំនើបប្រភេទ e-tron Sportback នេះស្ថិតក្នុងចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលនឹងបំពាក់ដោយបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដោយខាងក្នុងបង្កប់សុទ្ធប្រព័ន្ធឌីជីថលដូចជា ផ្ទាំងផ្តល់ដំណឹង(តាប្លូ)ទំហំ 12.3អ៊ិញដ៏ឆ្លាតវៃ។ អំពូលភ្លើងបំភ្លឺផ្លូវ LED ឆ្លាតវៃ និងមានបង្កប់សេនស័រ ក៏ដូចជាកាមេរ៉ាមុខ-ក្រោយ ងាកចូលចតដោយស្វ័យប្រវត្តិ មើលឃើញ 360ដឺក្រេ រួមនឹងបច្ចេកវិទ្យាជាច្រើន។ ឯផ្នែកខាងក្រៅវិញមានការរចនាយ៉ាងស្រស់សង្ហា។
Audi e-tron Sportback នឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន2 ផ្តល់កម្លាំង 300គីឡូវ៉ាត់ដែលអាចរត់បានល្បឿនអតិបរមាពី ០ ដល់ 100គីឡូម៉ែត្រក្នុង 1ម៉ោងដោយចំណាយពេលត្រឹមតែ 5.5វិនាទីប៉ុណ្ណោះ។ ក្នុងនោះដែរ រថយន្តនេះក៏មានអាគុយប្រភេទ Lithium-ion ជំនាន់ថ្មី ថាមពល 95គីឡូវ៉ាត់ម៉ោង បំពាក់បច្ចេកវិទ្យាសាកបញ្ចូលភ្លើងលឿន ដែលសាកពេញហើយអាចរត់បានចម្ងាយ 402គីឡូម៉ែត្រ។
Audi នៅតែរក្សាបច្ចេកវិទ្យាឆ្លាតវៃបំពាក់លើកង់ទាំង4 គឺ Quatto all-wheel drive ជួយរក្សាលំនឹងរថយន្តបានល្អ ទោះជាមានឧបសគ្គបែបណាក៏ដោយ តែតម្លៃវិញ នៅមិនទាន់ប្រកាសនៅឡើយទេ៕
ទស្សនាវីដេអូខាងក្រោម៖