យុវជនបច្ចុប្បន្នប្រសិនបើចង់ទំនាក់ទំនងគ្នាប្រហែលជាមិនមែនជួបមុខគ្នាដោយផ្ទាល់នោះទេ តែគេនឹងចាប់ស្មាតហ្វូនមុនគេបំផុត។ ការចាប់ទូរស័ព្ទស្មាតហ្វូននេះ មិនប្រាកដថាពួកគេទូរស័ព្ទទៅនិយាយជាមួយគ្នាដោយផ្ទាល់ទេ តែអាចជាការផ្ញើសារ ឬការទាក់ទងតាមបណ្តាញសង្គមជាដើម។
យុវជននៅអាមរិកបច្ចុប្បន្ននេះ ត្រូវបានគេរកឃើញថា បានចំណាយពេលទំនាក់ទំនងតាមរយៈបណ្តាញសង្គម និងនៅមុខកញ្ចក់ទូរស័ព្ទ ឬកុំព្យូទ័រច្រើនបំផុតដែលជាមធ្យមប្រមាណ 9ម៉ោង ក្នុងមួយថ្ងៃ។ បញ្ហាទាំងអស់នេះបានប៉ះពាល់ដល់ការទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ហើយធ្វើឱ្យមនុស្សកាន់តែមានអារម្មណ៍ថានឿយហត់ និងឯការ។
វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ចាក់ថា ចរន្តនៃយុវជនលើពិភពលោកនៅឆ្នាំទសវត្សរ៍ឆ្នាំ1970 មានភាពប្រែប្រួលយ៉ាងច្រើនខុសពីពេលបច្ចុប្បន្ន។ តាមពិតបញ្ហាទំនាក់ទំនងរបស់យុវជនទល់មុខគ្នាដោយផ្ទាល់បានធ្លាក់ចុះតាំងពីទសវត្សរ៍ឆ្នាំ1970 រហូតមក តែវាធ្លាក់ចុះខ្លាំងចាប់ពីឆ្នាំ2010 រហូតមកដល់បច្ចុប្បន្ន ស្របពេលដែលកំណើនយុវជនប្រើប្រាស់ស្មាតហ្វូនត្រូវបានគេរកឃើញថាកំពុងកើនឡើងយ៉ាងខ្លាំង។
បើប្រៀបធៀបគ្នាពីចំណូលចិត្តរបស់យុវជនកាលពីប៉ុន្មានទសវត្សរ៍មុន អ្វីដែលពួកគេចូលចិត្តជាងគេគឺការជួបគ្នាជប់លៀង ចេញទៅក្រៅជជែកគ្នា ជិះឡានកម្សាន្ត ដើរផ្សារ ឬមើលកុនជុំគ្នាជាដើម តែសម័យបច្ចុប្បន្នដោយសារតែយុវវ័យមានការងារខាងក្រៅច្រើន ហើយទន្ទឹមនឹងបច្ចេកវិទ្យាកាន់តែទូលំទូលាយទៀតនោះ យុវវ័យហាក់នៅក្នុងពិភពតែម្នាក់ឯងច្រើនជាងជួបជុំគ្នា។
នៅទសវត្សរ៍ឆ្នាំ 1970 មានយុវជនប្រមាណ 52ភាគរយដែលកំពុងសិក្សានៅថ្នាក់ទី12 ឧស្សាហ៍ចេញទៅខាងក្រៅដើម្បីជួបជុំមិត្តភក្តិជារៀងរាល់ថ្ងៃ តែនៅឆ្នាំ2017 មានយុវជនត្រឹមតែ 28ភាគរយប៉ុណ្ណោះដែលធ្វើដូច្នេះ។ ទិន្នន័យនេះត្រូវបានគេរកឃើញថា វាបានធ្លាក់ចុះខ្លាំងបំផុតនៅក្នុងរយៈពេល 7ឆ្នាំចុងក្រោយនេះ។
តាមការស្រាវជ្រាវបញ្ជាក់ថា ទោះបីជាមានបច្ចេកវិទ្យាប្រើប្រាស់ ហើយមនុស្សម្នាក់ៗហាក់នៅក្នុងពិភពធំទូលាយ តែតាមពិតទៅពួកគេមានអារម្មណ៍ឯការច្រើនជាងមុន ព្រោះអារម្មណ៍របស់ពួកគេស្ថិតនៅតែក្នុងពិភពស្រមើស្រមៃ និងពិភពឌីជីថលតែប៉ុណ្ណោះ។ ក្រៅពីនេះស្ថានភាពផ្លូវអារម្មណ៍ក៏កាន់តែមានភាពអាក្រក់ឡើង ព្រោះពួកគេចំណាយពេលវេលាច្រើនជ្រុលជាមួយការសំកុកនៅតែម្នាក់ឯង ហើយមិនចូលចិត្តបើកចំហជីវិតខ្លួនឯងនៅក្នុងពិភពជាក់ស្តែង។
បញ្ហាមួយផ្សេងទៀតដែលកំពុងប្រឈមជាមួយនឹងយុវជនបច្ចុប្បន្នផងដែរគឺ បើទោះបីជាពួកគេជួបជុំគ្នាក៏ដោយ ក៏ពួកគេនៅតែសកម្មជាមួយបច្ចេកវិទ្យាដែរ។ យុវវ័យភាគច្រើនចេញទៅក្រៅជាមួយគ្នា តែគណនី Instagram របស់ពួកគេនៅតែ Active មានន័យថា ទោះបីជាជួបជុំផ្ទាល់មុខក៏ត្រូវចែកពេលជាមួយបណ្តាញទំនាក់ទំនងសង្គមដែរ ដែលធ្វើឱ្យគុណភាពនៃការជួបជុំនេះត្រូវកាត់បន្ថយ។
តាមរយ:លទ្ធផលនេះគេរកឃើញថា ចាប់ពីឆ្នាំ2012 មកចំនួនយុវជនដែលមានបញ្ហាធុញថប់អារម្មណ៍ (depression) និងខ្វះសុភមង្គល (unhappiness) កើនឡើងខ្លាំង។ បញ្ហានេះត្រូវបានគេសន្និដ្ឋានថា មកពីពួកគេនៅជាមួយកញ្ចក់ឧបករណ៍អេឡិចត្រូនិកច្រើនជាងជួបមនុស្សជាក់ស្តែង ដែលធ្វើឱ្យផ្លូវចិត្តចាប់ផ្តើមទន់ខ្សោយ និងអស់សង្ឃឹម។ ហេតុនេះដំណោះស្រាយសំខាន់គឺ យុវវ័យគួរចាប់ផ្តើមកាត់បន្ថយពេលវេលាលង់់ខ្លាំងជ្រុលនៅក្នុងបណ្តាញសង្គម ហើយចេញទៅខាងក្រៅដើម្បីជួបមនុស្ស និងចែករំលែកភាពរីករាយ និងចំណេះដឹងជាមួយគ្នាដើម្បីឱ្យគុណភាពជីវិតកាន់តែប្រសើរឡើង៕