សារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបង្ហាញពិប្រវត្តិនៃប្រព័ន្ធសេដ្ឋកិច្ច រួមទាំងរូបិយវត្ថុកម្ពុជាតាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី 08 ខែមេសា ឆ្នាំ2019 នេះ។
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ នៃមានឈ្មោះថា «ព្រះស្រីឦសានវ័រ្មន» ដែលមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សារមន្ទីរនេះនឹងក្លាយជាកន្លែងដែលអនុញ្ញាតឱ្យប្រជាជនបានស្វែងយល់ដើម្បីស្គាល់ពីសាវតានៃការរៀបចំសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្មែរ លើទីតាំងអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ 1908 និងអតីតក្រុមហ៊ុនអាកាសចរណ៍កាលពីឆ្នាំ 1992។
អគារសារមន្ទីរនេះស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមបារាំង ដូចជាស្ថានីយរថភ្លើង លំនៅឋានរបស់រេស៊ីដង់បារាំង អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធា។ល។ ជាពិសេស គឺវត្តភ្នំ។
លក្ខណៈពិសេសនៃទីតាំងរបស់សារមន្ទីរ ««ព្រះស្រីឦសានវ័រ្មន» គឺស្ថិតនៅជិតកំពង់ផែស្វយ័ត ដែលជាចំណតទូកវែង និងនាវាចម្បាំងតូចៗ ដែលធ្វើដំណើរពីសៃហ្គន ប្រទេសវៀតណាម មកតាមទន្លេមេគង្គ និងមានព្រំប្រទល់ជាប់ផ្លូវលេខ106 ពីដើមមានឈ្មោះថា ផែ «Verneville» នៅតាមបណ្តោយផ្លូវទឹកដែលតភ្ជាប់ពីបឹងកក់ ទៅទន្លេសាប ដែលជាគម្រោងប្រព័ន្ធប្រឡាយទឹកធំមួយដែលបារាំងបានធ្វើឡើង។ តំបន់នេះ ត្រូវបានអភិវឌ្ឍន៍ខ្លួនទៅជាតំបន់ទំនើបមួយយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ន សារមន្ទីរនេះ មិនត្រឹមតែមានទីតាំងនៅជិតផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងព័ទ្ធជុំវិញដោយអគាររបស់ធនាគារជាតិនៃកម្ពុជា គឺមណ្ឌលសិក្សាបច្ចេកទេស ធនាគារ ដែលជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកធនាគារជាតិនៃកម្ពុជា៕