ការគាំពារជនពិការក្នុងវិស័យអប់រំ ជាការលើកទឹកចិត្តឱ្យមានសមភាពក្នុងវិស័យធនធានមនុស្សសម្រាប់សង្គម ព្រោះជនពិការក៏ជាកម្លាំងចលករដ៏សំខាន់មួយផងដែរក្នុងចំណោមយុវជនរាប់លាននាក់នៅកម្ពុជា។ ដើម្បីជំរុញឱ្យយុវជនពិការទទួលបានការអប់រំ និងឱកាសសម្រាប់ចូលរួមអភិវឌ្ឍសង្គម ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អាហារូបករណ៍ដល់គ្រប់សិស្សដែលមានពិការភាពទាំងអស់នៅកម្រិតឧត្តមសិក្សា។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់ នឹងអាចទទួលបានអាហារូបករណ៍សម្រាប់សាកលវិទ្យាល័យ បើទោះបីជាសិស្សនោះជាប់និទ្ទេសអ្វីក៏ដោយ។ ការអនុវត្តបែបនេះគឺស្របទៅនឹងគោលនយោបាយអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យយុវជនពិការអាចទទួលបានការអប់រំកម្រិតឧត្តមសិក្សាដូចយុវជនមិនពិការដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការផ្តល់អាហារូបករណ៍នេះត្រូវបានធ្វើឡើងនៅពេលដែលក្រសួងចាប់ផ្តើមធ្វើកំណែទម្រង់ប្រព័ន្ធអប់រំហើយសិស្សពិការមិនចាំបាច់ទាល់តែនិទ្ទេសល្អនោះទេ គ្រប់គ្នាឱ្យតែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ នឹងទទួលបានអាហារូបករណ៍ទាំងអស់។ ឯកឧត្តមបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យសិស្សពិការទាំងអស់នៅទូទាំងប្រទេសបានដឹង ហើយចាប់យកឱកាសក្នុងការបន្តសិក្សានៅកម្រិតឧត្តមសិក្សាដើម្បីទទួលបានជំនាញច្បាស់លាស់មួយនៅថ្ងៃអនាគត។
ស្ថាបនិកអង្គការមូលនិធិកុមារពិការ លោក គង់ វិចិត្រា បានលើកឡើងថា ការផ្តល់ឱកាសអាហារូបករណ៍ 100% ដោយស្វ័យប្រវត្តិនេះបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់យុវជនពិការ ព្រោះស្ថានភាព កន្លងមកក៏ដូចជាបច្ចុប្បន្ន ពួកគាត់ទទួលអាហារូបករណ៍ និងឧបត្ថម្ភពីក្រុមហ៊ុន ឬអង្គការមួយចំនួនដើម្បីបានសិក្សាថ្នាក់ឧត្តមសិក្សា តែការជួយនោះនៅមានកម្រិតនៅឡើយ ព្រោះយើងមិនអាចជួយបានគ្រប់គ្នានោះទេ។ ហេតុនេះការផ្តល់ឱកាសជាផ្លូវការពីស្ថាប័នរដ្ឋបែបនេះ គឺជារឿងល្អបំផុតសម្រាប់ជនពិការ ព្រោះការសិក្សារៀនសូត្រជារឿងសំខាន់ និងជាយានដើម្បីឱ្យយើងមានឱកាសរកស៊ី ឬធ្វើការងារ មានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារគាត់។ ប្រសិនបើគាត់ទទួលបានការអប់រំល្អនោះតម្លៃរបស់គាត់នឹងកើនឡើង ហើយធ្វើឱ្យស្ថានភាពរបស់ជនពិការនឹងអាចល្អប្រសើរឡើង។
លោក គង់ វិចិត្រា បាននិយាយថា៖ “ក្រៅពីការផ្តល់ឱកាសសម្រាប់ការសិក្សានៅមហាវិទ្យាល័យដោយឥតបង់ថ្លៃ ជនពិការទាំងអស់ក៏ត្រូវការផងដែរនូវការបណ្តុះបណ្តាលពីគន្លឹះសំខាន់ៗក្នុងការស្វែងរកការងារធ្វើ មានរៀបចំខ្លួនឱ្យក្លាយជាបុគ្គលិកសកម្មក្នុងគ្រឹះស្ថាននានាមាន ភាពជាអ្នកដឹកនាំ និងសហគ្រិនភាពជាដើមដើម្បីឱ្យគាត់អាចធានាពីគុណភាពដើម្បីចូលក្នុងទីផ្សារការងារបានល្អក្រោយបញ្ចប់ការសិក្សា”។
ស្ថាបនិកអង្គការធ្វើការងារលើការគាំពារជនពិការខាងលើបានលើកឡើងផងដែរថា រដ្ឋាភិបាលគួរព្យាយាមបង្កើតកម្មវិធីប្រកួតប្រជែងដែលមានយុវជនពិការចូលរួម និងលុបបំបាត់ការរើសអើងចំពោះជនពិការនៅគ្រប់ស្ថាប័នទាំងអស់ ទាំងរដ្ឋ និងឯកជន។ នៅពេលជនពិការបានចូលរួមគ្រប់សកម្មភាពទាំងអស់ដូចជនមិនពិការ នោះគាត់នឹងអាចទទួលបានឱកាសជាច្រើនសម្រាប់អភិវឌ្ឍសមត្ថភាព ហើយមានភាពស្មើគ្នាក្នុងការប្រកួតប្រជែងយ៉ាងទូលំទូលាយដែលអាចធ្វើឱ្យសង្គមសម្បូរទៅដោយធនធានមនុស្សខ្លាំង។ ម្យ៉ាងវិញទៀត ជនពិការក៏ជាកម្លាំងចលករដ៏សំខាន់មួយផងដែរក្នុងការបន្តគិតគូរពីពិការភាពក្នុងសង្គម ព្រោះនៅពេលគាត់មានសមត្ថភាពគ្រប់គ្រាន់ និងរីកចម្រើនទាំងក្នុងវិស័យការងារ ឬមុខជំនួញ គាត់នឹងនឹកឃើញមុនគេក្នុងការជួយដោះស្រាយបញ្ហាពិការភាពក្នុងសង្គម៕