នៅរសៀលថ្ងៃទី5 មេសា ភាពយន្តរឿង”ជួបស៑យវគ្គ២” ដែលជាវណ្ណកម្មរបស់ផលិតកម្ម LD Picture និងជាស្នាដៃរបស់តារាកំប្លែងនាយគ្រឿន ត្រូវបានដាក់ប្រកាសដាក់សម្ពោធហើយ ដោយគ្រោងនឹងលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី១១ មេសា មុនចូលឆ្នាំតទៅ។ ភាពយន្តនេះកាលពីវគ្គ១ ភ្លាបបានកើបលុយប្រមូលផលចំណេញបានច្រើនរួចមកហើយ ទើបភាពយន្តនេះឈានដល់ការផលិតវគ្គ២នេះឡើង។
នាយ គ្រឿន ដែលវិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំផលិតភាពយន្ត បានលើកឡើងថា ស្នាដៃទី១ដែលលោកដឹកនាំសម្តែងគឺរឿង ”ជួបស៊យ” វគ្គ១ ហើយស្នាដៃទី៥ចុងក្រោយនេះក៏ជារឿង ”ជួបសយ២” ។ ស្នាដៃរឿងបស់អិលឌី បានចងក្រងដាក់បញ្ចាំងរួច៣រឿងមានរឿង «អង្រឹង» រឿង «លោកប្តី» រឿង «ឯណាខ្មោច» ហើយរឿងទី៤ «ជួបស៊យ»វគ្គ២ ដឹកនាំដោយនាយគ្រឿន នឹងចាក់បញ្ចាំងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ខាងមុខ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី។ ផលិតកម្មអិលឌី ត្រូវបានយុវវ័យសរសើរថា ផលិតរឿងបានល្អ ទើបរាល់ពេលចាក់បញ្ចាំងមានការចូលរួមទស្សនា និងទិញសំបុត្រចូលពេញរោង។
ផលិតករនាយគ្រឿន បានអះអាងថា ភាពយន្តរឿង”ជួបស៑យវគ្គ២” គ្រាន់តែជារឿងប្រឌិត និងមានឈុតសប្បាយៗមិនខុសគ្នាពីកាលពីវគ្គទី១នោះទេ ប៉ុន្តែអ្វីដែលខុសប្លែកខ្លាំងគឺវគ្គទី២នេះ មានបន្ថែមតួអង្គច្រើនជាងមុន ដោយសារតែតដល់តួកូនៗ និងបានបង្កបនូវសារអប់រំមួយ គឺឳពុកម្ដាយបើដាក់បណ្ដាសារកូន និងជេរប្រមាថកូនលេងៗ នោះកូននឹងជួបបញ្ហាដូចអ្វីដែលពាក្យសម្ដីរបស់ឳពុកម្ដាយលើកឡើង។ លោកថាភាពយន្តមួយរឿងនេះ កាលពីវគ្គទី១ ក៏បញ្ចាំងចំមុនចូលឆ្នាំនោះដែរ ទើបលោកគិតថា ការដាក់បញ្ចាំងភាពយន្តរឿង”ជួបស៑យវគ្គ២” គឺត្រូវនឹងខួបក្នុងការបញ្ចាំងរឿងថ្មី។
នាយគ្រឿនទទូចឱ្យអ្នកចូលចិត្តមើលភាពយន្តតាមរោងកុន បន្តគាំទ្រស្នាដៃមួយនេះឱ្យបានកាន់តែច្រើន ដោយលោករំពឹងថា នៅពេលដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី១១ មេសា ខាងមុខ នឹងមានអ្នកទិញសំបុត្រច្រើននោះផង ជាពិសេសអ្នកមិនមានគម្រោងដើរលេងនៅខេត្ត ហើយចាត់ទុកថាផ្សារទំនើប និងរោងកុនទំនើប គឺជាកន្លែងដែលត្រូវកម្សាន្តអារម្មណ៍។
ក្រៅពីការប្រកាសបន្ថែមទុន គុណភាពនៃការផលិតក៏កាន់តែខ្ពស់ជាងរឿងវគ្គមុន ស្របពេលដែលតួសម្តែងត្រូវបានគេដឹងដែរថាសុទ្ធសឹងជាតារាសម្តែង តារាកំប្លែងល្បីឈ្មោះនៅកម្ពុជាដូចជានាយគ្រឿន Dj កាកា លោក ងួន សុបិន្ត កញ្ញា គាត សុវណ្ណាឡាង លោក ទេព រិន្ទដារ៉ូ អ្នកនាង ប៉ែន សុផានី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតផងដែរ៕