យុវជនកម្ពុជាជាច្រើនក្រុមបានរួមគ្នាប្រកួតប្រជែងលើប្រធានបទសំខាន់ៗនៅក្នុងកម្មវិធី The perspective Cambodia ដែលជាកម្មវិធីជជែកតស៊ូមតិថ្នាក់ជាតិមួយសម្រាប់យុវជននៅកម្ពុជា។ ក្នុងនោះ ប្រធានបទ ស្តីពី «ការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនរបស់ប្រជាពលរដ្ឋបានជះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចកម្ពុជានាពេលអនាគត» បានក្លាយជាប្រធានបទសំខាន់មួយដែលទទួលបានការចាប់អារម្មណ៍ពីគ្រប់សមាសភាពសង្គម។
បេក្ខជននៃក្រុមដែលស្របលើប្រធានបទនេះ បានធ្វើការបកស្រាយដោយផ្តោតលើទឡ្ហីករណ៍សំខាន់ៗចំនួន 3គឺ ការយល់ដឹងពីផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ ហើយការប្រើប្រាស់កម្ចីរបស់ប្រជាពលរដ្ឋខ្មែរមានហានិភ័យខ្ពស់ និងហានិភ័យនៃការកំណត់ពិដានអត្រាការប្រាក់។ ដោយក្រុមស្របបានធ្វើការបកស្រាយពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនក្នុងការខ្ចីបំណុលពីធនាគារនៅទន់ខ្សោយដែលធ្វើឱ្យពួកគេស្ថិតក្នុងបំណុល ឬជួបហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីកម្ចីទាំងអស់នោះ ដែលធ្វើឱ្យពួកគេត្រូវជួបភាពក្រីក្រ។ ពួកគេក៏បានបកស្រាយផងដែរពីការដាក់ពិដានអត្រាការប្រាក់ ឬការកំណត់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់យកការប្រាក់ខ្ពស់បំផុតត្រឹម 18% ក្នុងមួយឆ្នាំ ដែលរុញច្រានឱ្យប្រជាជនកាន់តែច្រើនជាប់បំណុលធនាគារ។
ចំណែកឯក្រុមបដិសេធវិញ ក៏បានឆ្លើយតបផងដែរដោយយោងលើទឡ្ហីករណ៍សំខាន់ៗចំនួន 3 ដូចគ្នា គឺទី1 ក្រុមបដិសេធបកស្រាយពីកម្មវត្ថុនៃកម្ចីរបស់ប្រជាពលរដ្ឋខ្មែរ ទី2គឺ កម្ចីធនាគារបានធ្វើឱ្យមានកំណើននៃអាជីវកម្មដែលអាចបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ និងចំណុចចុងក្រោយគឺ កំណើនសេដ្ឋកិច្ច និងសេវាសាធារណៈ។ ក្រុមបដិសេធបានបកស្រាយថា តាមពិតទៅការខ្ចីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងមិនមានហានិភ័យនោះទេ ព្រោះកម្មវត្ថុនៃកម្ចីគឺដើម្បីយកទៅបង្កើនចំណូល និងផ្គត់ផ្គង់ជីវភាព។ ក្រុមបដិសេធក៏បានបកស្រាយផងដែរថា កម្ចីអាចជួយឱ្យមានភាពរីកចម្រើនទៅវិញទេក្នុងសង្គមកម្ពុជា។
លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានកោតសរសើរចំពោះយុវជនដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវលើប្រធានបទស្តីពីមីក្រូហិរញ្ញវត្ថុ ព្រោះវាជាប្រធានបទក្តៅ។ ប្រធានបទនេះជាប្រធានបទដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍ ហើយចំណាប់អារម្មណ៍នេះ គឺមានទូទាំងពិភពលោក មិនមែនតែនៅកម្ពុជានោះទេ។
លោកជំទាវ ជា សិរី មានប្រសាសន៍ថា៖ «ការតស៊ូមតិនេះគឺធ្វើបានល្អ តែការស្រាវជ្រាវរបស់ប្អូនៗនៅមានកម្រិតនៅឡើយ។ សម្រាប់ការសរសេរជានិក្ខេបបទ ឬការជជែកពិភាក្សាជាផ្លូវការគួរកុំយកទិន្នន័យ ក៏ដូចជាការអះអាងជាលក្ខណៈបុគ្គល ប្អូនៗគួរយកអំណះអំណាងដែលមានលក្ខណៈជាស្ថាប័នដែលគួរឱ្យទុកចិត្តបាន»។
លោកជំទាវបានបន្ថែមទៀតថា យុវជនដែលធ្វើការជជែកពិភាក្សាស្តីពីប្រធានបទការខ្ចីបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថបានជះឥទ្ធិពលលើសេដ្ឋកិច្ចនេះ គួរចែកឱ្យដាច់ពីសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចមានច្រើន មានទាំងសេដ្ឋកិច្ចមីក្រូ និងសេដ្ឋកិច្ចលក្ខណៈម៉ាក្រូ។ អ្វីដែលបេក្ខជនបានលើកឡើងគឺគ្រាន់តែជាលក្ខណៈគ្រួសារ ឬពាក់ព័ន្ធនឹងបំណុលគ្រួសារតែប៉ុណ្ណោះ។ បេក្ខជនទាំងអស់គួរធ្វើការវិភាគលើបញ្ហាមីក្រូ ហើយទាញភ្ជាប់ទៅកាន់ការស្រាវជ្រាវ និងការបកស្រាយជាលក្ខណៈម៉ាក្រូ ហើយចំពោះឯកសារ និងការពន្យល់ផ្សេងៗទៀតដើម្បីជាការយល់ដឹងឱ្យកាន់តែច្បាស់ បេក្ខជនអាចទៅកាន់ធនាគារជាតិនៃកម្ពុជាដើម្បីសិក្សាឱ្យបានកាន់តែលម្អិត។
នៅក្នុងកម្មវិធីជជែកតទល់នេះមានគណៈកម្មការចំនួន 5រូប គឺ លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឈឹម សំណាង គ្រូបង្វឹកនៃកម្មវិធីទំពាំងស្នងឫស្សី លោក អ៊ុក កំពូល អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងលោក អួង បូរិន នាយកធនធានមនុស្សនៃក្រុមហ៊ុន aplus consulting៕