រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថា ចំនួនជើងហោះហើរចូលក្នុងប្រទេសកម្ពុជាមានចំនួនជាង10ម៉ឺនជើង ក្នុងឆ្នាំ2018កន្លងទៅនេះ ដែលចំនួននេះ គឺមានការកើនឡើង 16.2% ដោយឡែកចំពោះចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវអាកាសវិញ ក៏មានការកើនឡើងចំនួន21.1%ផងដែរ បើប្រៀបធៀបរយៈពេលដូចគ្នាពេញមួយឆ្នាំ2017។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងឆ្នាំ 2018កម្ពុជាទទួលបានជើងហោះហើរចំនួន 104803 ជើង(ជាង 10,4ម៉ឺនជើង) កើនឡើង 16.2% ធៀបនឹងឆ្នាំ2017។ អ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសមានចំនួន 10556 547នាក់ (ជាង10,55លាននាក់) កើនឡើង 21.1% ធៀបនឹងឆ្នាំ2017។ ទំនិញបានចំនួន 74 655 តោន កើនឡើង15.1%។ ជើងហោះហើររំលងបានចំនួន 66092 ជើង កើនឡើង13% និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកមានចំនួន 47ក្រុមហ៊ុនកើនឡើង 2%។
សូមជម្រាបថា ក្រុមហ៊ុនបារាំង SCA បាននិងកំពុងរៀបចំចំណតយន្តហោះ និងពង្រីកបន្ថែមផ្លូវរត់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដើម្បីត្រៀមទទួលយន្តហោះរបស់គណៈ-ប្រតិភូដែលនឹងអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលបន្តបន្ទាប់ និងដើម្បីបង្កើនភ្ញៀវទេសចរផងដែរ។
លោក ប៊ុន នី អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងក្នុងកិច្ចប្រជុំនេះថា៖“ ឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាស ដើរតួនាទីសំខាន់នៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក។ ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រសំខាន់មួយផ្នែក ក្នុងការជួយជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជាយើង។ ឧស្សាហកម្មនេះ មានតួនាទីសំខាន់2គឺ៖1-ជាសេវាកម្មពាណិជ្ជកម្ម 2-ជាយានសម្រាប់កិច្ចការពាណិជ្ជកម្មនៅក្នុងវិស័យសេវាកម្មផ្សេងៗទៀត”។
លោកបញ្ជាក់ថា វិស័យដឹកជញ្ជូនផ្លូវអាកាសមិនត្រឹមតែ ជួយសម្រួលដល់ការដឹកជញ្ជូនអ្នកធ្វើ ដំណើរ និងទំនិញនានាក្នុងរយៈពេលដ៏ខ្លីតាមដែលអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្ដែវិស័យនេះក៏បានជួយដោយផ្ទាល់ ដល់ការបង្កើនសកម្មភាពពាណិជ្ជកម្មទេសចរណ៍ ចំណូលជាតិ និងលើកកម្ពស់ទំនាក់ទំនងសង្គម និងផ្តល់នូវផលប្រយោជន៍ផ្សេងៗទៀតសម្រាប់ប្រទេសជាតិផងដែរ។
ការផ្លាស់ប្ដូរសំខាន់ៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងគោលបំណងដើម្បីជំរុញឱ្យមានការអនុវត្ដតាមបទប្បញ្ញត្ដិផ្នែកសុវត្ថិភាព សន្ដិសុខ សេដ្ឋកិច្ច និងបរិស្ថាន ក្នុងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសជាសកល ហើយជាពិសេស ត្រូវអនុវត្ដតាមលក្ខខណ្ឌតម្រូវការនានារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)។ នេះបើតាមការលើកឡើងបន្ថែម របស់លោកអនុរដ្ឋលេខាធិការ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ (Mao Havanall) រដ្ឋមន្ត្រីលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា វិស័យអាកាសចរណ៍ក្នុងតំបន់បានរីកចម្រើនគួរឱ្យកត់សម្គាល់ដោយសារគោលនយោបាយបើកចំហរបស់រដ្ឋាភិបាលដែលបានអនុវត្តតាំងពីឆ្នាំ1999។
ឯកឧត្តមបានបន្ថែមថាដោយសារការធ្វើទំនើបកម្មនៃប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសការកែលម្អស្ថានីយព្រលានយន្តហោះនៅទូទាំងប្រទេស និងការពង្រឹងបទបញ្ជានៅក្នុងវិស័យអ្នកដំណើរ និងទំនិញបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ឯកឧត្តមបានចង្អុលបង្ហាញថា៖“អ្នកដំណើរចំនួន 10,4 លាននាក់ បានប្រើប្រាស់ព្រលានយន្តហោះកម្ពុជានៅឆ្នាំ 2018 ដែលជាការកើនឡើង គួរឱ្យចាប់អារម្មណ៍មួយ កាលពីមួយទសវត្សរ៍មុននៅពេលនោះមានមនុស្សត្រឹមតែ 620.000 នាក់ បានឆ្លងកាត់ព្រលានយន្តហោះក្នុងស្រុកជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត យើងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសជាមួយបណ្តាប្រទេសចំនួន44 នៅទូទាំងពិភពលោក ហើយក្រុមហ៊ុនអាកាសចរណ៍ចំនួន47 កំពុងហោះហើរ ចូល និងចេញពីប្រទេសកម្ពុជា។សូមជម្រាបថា កម្ពុជាកំពុងប្រែក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍មួយ ដែល មានភាពទាក់ទាញក្នុងតំបន់ និងពិភពលោកដែលជាទីតាំងភូមិសាស្រ្តល្អប្រកបដោយសក្តានុពល យ៉ាង សម្បូរបែប។ កត្តាខាងលើនេះ គឺដោយសារតែកម្ពុជាជាទីផ្សារមួយក្នុងចំណោមទីផ្សារទេសចរណ៍ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ដែលនៅតែបន្តរក្សាកំណើនជាមធ្យមក្នុងរង្វង់8.5%រហូតដល់ឆ្នាំ2040៕