ក្រោយពីកម្ពុជាប្រឈមនឹងឥទ្ធិពល អាកាសធាតុឡើងកម្តៅ អែលនីណូ (El Nino) ដែលធ្វើឱ្យមានបញ្ហាខ្វះខាតទឹក និងអគ្គិសនីប្រើប្រាស់ រាជរដ្ឋាភិបាលបានប្រកាសរៀបចំវិធានការដោះស្រាយជាច្រើន ដោយក្នុងនោះមានការចរចាទិញភ្លើងពីនាវាផលិតអគ្គិសនីរបស់តួកគី ក៏ជាដំណោះស្រាយសំខាន់មួយផងដែរ តែរហូតមកដល់ពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសមិនជួលនាវាផលិតអគ្គិសនីនោះវិញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី5 ខែមេសា ឆ្នាំ2019 នេះថា កម្ពុជាសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីទេ មូលហេតុដោយសារតែលក្ខខណ្ឌមួយចំនួនមិនត្រូវគ្នា និងនាវានោះមិនអាចមកដល់កម្ពុជាទាន់សភាពការណ៍។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា នៅពេលនេះកម្ពុជាទទួលបានការបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមពីប្រទេសជិតខាង។ ដូចថ្ងៃនេះទទួលបាន 55មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយកថាមពលអគ្គិសនីពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឱ្យដំណើរការនូវស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ 20មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ៍ បញ្ចូលមកក្នុងបណ្តាញអគ្គិសនីជាតិ ព្រមទាំងឱ្យសណ្ឋាគារ និងរោងចក្រធំៗជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។ ធ្វើដូច្នេះយើងមានភ្លើង 200មេហ្គាវ៉ាត់សម្រាប់សម្រាលការលំបាករយៈពេលជាង1ខែនេះ មុនរដូវភ្លៀងចូលមកដល់៕