ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការបង្កើតជារដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង(City-Bus) សម្រាប់ដឹកជញ្ជូនប្រជាជនក្នុងតម្លៃសមរម្យក្នុងរាជធានីភ្នំពេញរួចមក នៅរៀងរាល់ឱកាសបុណ្យទានធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរជាដើម រាជរដ្ឋាភិបាលបានប្រើប្រាស់រថយន្តក្រុងទាំងអស់នោះដើម្បីដឹកជញ្ជូនប្រជាជននៅក្នុងរាជធានីភ្នំពេញ ទៅបណ្ដាខេត្តគោលដៅនានាដោយឥតគិតថ្លៃ(ជិះFree)។
ការរៀបចំបែបនេះត្រូវបានគេមើលឃើញថា បានសម្រួលដល់ប្រជាជនជាច្រើនដែលមិនសូវមានធនធានឱ្យបានទៅលេងស្រុកកំណើតដោយមិនអស់ប្រាក់ ហើយថែមទាំងអាចសន្សំសំចៃលុយទុកសម្រាប់ប្រើប្រាស់រឿងមានប្រយោជន៍បានជាច្រើនផ្សេងទៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះទៀតផង។
នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសថា នឹងដាក់រថយន្តក្រុងចំនួន 120គ្រឿងដើម្បីដឹកជញ្ជូនពលរដ្ឋទៅមករាជធានីភ្នំពេញ និងបណ្តាខេត្តដោយឥតគិតថ្លៃរយៈពេល 7ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
ផ្លូវដែលដាក់រថយន្តក្រុងសាធារណៈឱ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃនេះ រួមមានផ្លូវជាតិលេខ1 ផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ5 ផ្លូវជាតិលេខ6 ផ្លូវជាតិលេខ7 និងផ្លូវជាតិលេខ8 ដែលនឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី12 ខែមេសា ឆ្នាំ2019 តទៅ។
ចំនួនរថយន្តដែលត្រូវរត់តាមផ្លូវជាតិ រួមមាន៖
ផ្លូវជាតិលេខ1មាន ភ្នំពេញ-ខេត្តកណ្តាល-ស្វាយរៀង ចំនួន 5គ្រឿង ភ្នំពេញ-កណ្តាល-ព្រៃវែង 5គ្រឿង សរុប 10គ្រឿង
ផ្លូវជាតិលេខ2 ភ្នំពេញ-តាកែវ 5គ្រឿង
ផ្លូវជាតិលេខ3 ភ្នំពេញ-កែប 5គ្រឿង
ភ្នំពេញ-កំពត 5គ្រឿងសរុប 10គ្រឿង
ផ្លូវជាតិលេខ4 ភ្នំពេញ -កំពង់ស្ពឺ 3គ្រឿង
ភ្នំពេញ-ក្រុងព្រះសីហនុ 7គ្រឿង សរុប13គ្រឿង
ផ្លូវជាតិលេខ5 ភ្នំពេញ-កំពង់ឆ្នាំង 5គ្រឿង ភ្នំពេញ-ពោធិសាត់ 10គ្រឿង ភ្នំពេញ-បាត់ដំបង 15គ្រឿង ភ្នំពេញ-បន្ទាយមានជ័យ 15គ្រឿង សរុប 45គ្រឿង
ផ្លូវជាតិលេខ6 ភ្នំពេញ-កំពង់ធំ 5គ្រឿង ភ្នំពេញ-សៀមរាប 15គ្រឿង សរុប 20គ្រឿង
ផ្លូវជាតិលេខ6 និងលេខ7 ភ្នំពេញ-កំពង់ចាម 5គ្រឿង ភ្នំពេញ-ត្បូងឃ្មុំ 5គ្រឿង សរុប10គ្រឿង
ផ្លូវជាតិលេខ6 និងលេខ8 ភ្នំពេញ-ក្រចេះ 5គ្រឿង ភ្នំពេញ-ស្ទឹងត្រែង 5គ្រឿង សរុប 10គ្រឿង។
រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែផ្តល់ការជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំប៉ុណ្ណោះទេ តែសម្តេចប្រមុខរាជរដ្ឋាភិបាលនៅបានផ្តល់ជូនប្រជាពលរដ្ឋនូវការជិះរថភ្លើងទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយឥតគិតថ្លៃទៀតផង៕