ខ្ទឹមបារាំងត្រូវបានគេស្គាល់ថា ជាបន្លែមួយប្រភេទ ដែលមានតម្រូវការទីផ្សារច្រើន ព្រោះជាបន្លែដែលគេនិយមបរិភោគច្រើនគួរសមនាពេលបច្ចុប្បន្ន។ បន្លែខ្ទឹមបារាំងក្នុងស្រុក ត្រូវបានកសិករនាំគ្នាដាំដុះកាន់តែច្រើន បន្ទាប់ពីមានការប្រកួតប្រជែងជាមួយវត្តមានបន្លែនាំចូលពីប្រទេសជិតខាង ដោយក្នុងមួយរយៈពេលចុងក្រោយនេះត្រូវបានឃាត់មិនឱ្យនាំចូលដោយសារថាបានរកឃើញមានជាតិគីមីខ្ពស់មានក្នុងបន្លែទាំងនោះ ជាហេតុធ្វើឱ្យបន្លែខ្ទឹមបារាំងក្នុងស្រុកទទួលបានតម្រូវការខ្ពស់ ហើយតម្លៃក៏បានថ្លៃគួរសមដែរ។
ថ្វីដ្បិតតែខ្ទឹមបារាំងពិបាកក្នុងការដាំបន្តិច តែបច្ចុប្បន្នត្រូវបានកសិករកម្ពុជាយើងមួយចំនួននាំគ្នាសង្វាតងាកមកដាំបន្លែប្រភេទនេះដាំជាលក្ខណៈអាជីវកម្មជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក។ ជាក់ស្តែង “សមាគមត្រសក់ផ្អែមសៀមរាបមានជ័យ”ក៏បានដាំបន្លែខ្ទឹមបារាំងនៅខេត្តបន្ទាយមានជ័យក្នុងភូមិពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ។
លោក ទួត សេងហ័ង អ្នកទីផ្សារនៃសមាគមត្រសក់ផ្អែមសៀមរាបមានជ័យបានមានប្រសាសន៍ថា សមាគមយើងមិនមែនមានដាំតែដំណាំត្រសក់ផ្អែមតែមួយមុខទេ យើងនៅមានដាំបន្លែបន្ទាប់បន្សំទៀតជាច្រើន ដែលក្រៅពីដំណាំត្រសក់ផ្អែម(3ប្រភេទ)ហើយ យើងនៅមានដំណាំប៉េងប៉ោះ ឈើរី ម្ទេសធម្មតា ម្ទេសប្លោក ត្រប់ស្រួយ ត្រសក់ ននោង ម្រះ ផ្កាខាត់ណា ខ្ទឹមបារាំង ក្រូចឆ្មារ និងប៉េងប៉ោះខ្មែរផងដែរ ដែលដំណាំខ្ទឹមបារាំងនេះ ជាប្រភេទដំណាំចម្បងទី4 របស់សមាគមយើងបន្ទាប់ពីដំណាំត្រសក់ផ្អែម ព្រោះដំណាំខ្ទឹមបារាំងយើងបានដាំនៅលើផ្ទៃដីប្រមាណជា10ហិកតា។
លោក សេងហ័ង បានឱ្យដឹងថា ដើម្បីឱ្យខ្ទឹមបារាំងផ្តល់ទិន្នផលខ្ពស់ គេអាចដាំដោយសាបគ្រាប់ផ្ទាល់ ឬស្ទូងកូនក៏បាន។តែត្រូវជ្រើសរើសពូជណាដែលមានគុណភាព និងសុខភាពល្អ ព្រមទាំងមានអត្រាដុះពីគ្រាប់ពី 80ទៅ 95%។ ជាទូទៅពូជ GRANEX F1 និង RED CREOL ដាំបានល្អនៅប្រទេសខ្មែរយើង។ បើដាំដោយសាបគ្រាប់ ផ្ទាល់ត្រូវកប់គ្រាប់ជម្រៅកន្លះតឹក។ គ្រាប់ដុះពន្លកក្នុងរយៈពេលពី14ទៅ21ថ្ងៃ បន្ទាប់ពីថ្ងៃសាប។
បើបណ្ដុះកូនក្នុងថ្នាល ត្រូវមានរយៈពេល30ទៅ45 ថ្ងៃ បន្ទាប់ពីថ្ងៃសាប គឺនៅពេលដែលកូនខ្ទឹមមានកម្ពស់ជិត កន្លះតឹក និងមានពណ៌បៃតង ទើបអាចដកយកទៅដាំក្នុងរងបាន ចំពោះបរិមាណគ្រាប់ ដែលត្រូវប្រើនៅលើផ្ទៃដី10ម៉ែត្រការ៉េ ត្រូវប្រើពូជអស់5ទៅ10ក្រាម។ បើស្ទូងកូនត្រូវប្រើកូនអស់ចំនួន 500កូន។ ការដាំត្រូវលើករងឱ្យបានត្រឹមត្រូវ ហើយឆូតជាចង្អូរតូចៗ នៅទទឹងរង។ ឯចន្លោះគុម្ពដែលត្រូវដាំមានពី 0.9 ទៅ1តឹក ហើយចន្លោះជួរនៅលើរងមានពី 1.5 ទៅ2តឹក។ រងដាំត្រូវធ្វើយ៉ាងណាកុំឱ្យជាំទឹក។
លោកបានឱ្យដឹងទៀតថា ខ្ទឹមបារាំងទាមទារនូវការដាក់ជីទើបទទួលបានទិន្នផលខ្ពស់។ ការដាក់ជីមាន 3លើកគឺដាក់ជីទ្រាប់បាតដាក់ជីបំប៉នលើកទី1 និងដាក់ជីពេលខ្ទឹមបង្កើតមើមដំបូង។
– ការដាក់ជីទ្រាប់បាត ដើម្បីជំនួយដល់ការលូតលាស់ប្រព័ន្ធឫស ប្រើជីលាមកសត្វ មាន់ទា ឬប្រើអាចម៍ប្រចៀវ លាមកគោ ក្របី លើទំហំដី10 ម៉ែត្រការ៉េ ប្រើជី20 ទៅ30គីឡូក្រាម។
– ការដាក់ជីបំប៉នលើកទី1 - នៅពេលខ្ទឹមមានអាយុ 7ថ្ងៃក្រោយពីស្ទូងកូន ត្រូវជ្រុំដីដាក់ជីកែងចំនួន3ទៅ 4ខាំ ជ្រុំដាក់ចន្លោះគុម្ពនីមួយៗ ប្រើលើទំហំដី10ម៉ែត្រការ៉េ។ ការដាក់នេះ ដើម្បីជំរុញការលូតលាស់បានរហ័ស។
– ការដាក់ជីលើកទី2 – ដាក់នៅពេលបង្កើតមើមដំបូង ឱ្យធំថ្លោស និងបានច្រើន ។ បរិមាណជីដែលត្រូវប្រើគឺជីអ៊ុយរ៉េ ពី1 ទៅ2ខាំ ដោយលាយទឹកស្រោច នៅលើទំហំដី10ម៉ែត្រការ៉េ យកល្អប្រើជីទឹក ឬទឹកនោមគោ។
លោក សេងហ័ង បានបញ្ជាក់ថា ការថែទាំជាការងារមួយចាំបាច់បំផុត សម្រាប់ដំណាំខ្ទឹមបារាំង ដើម្បីបង្កើនទិន្នផលឱ្យបានខ្ពស់ ព្រោះស្មៅវាអាចប្រជែងដណ្ដើមស្រូបយកជីជាតិពីដី។ ការថែទាំរួមមាន ការបោចស្មៅសំអាតក្នុងរងចម្ការ ឬថ្នាលបណ្ដុះគ្រាប់។ ត្រូវបោចស្មៅឱ្យបាន2 ឬ3ដង រហូតដល់ពេលប្រមូលផល ឱ្យបានសមស្របទៅតាមសភាពជាក់ស្ដែងនៃចម្ការ។ក្រោយពីធ្វើស្មៅស្អាត យើងអាចដាក់ជីបំប៉នដល់ការដុះលូតលាស់របស់ខ្ទឹម។ចំពោះការស្រោចទឹក ត្រូវស្រោចឱ្យបានទៀងទាត់ មិនឱ្យសើមពេក ឬក៏ស្ងួតពេកទេ។
ខ្ទឹមបារាំងអាចប្រមូលផលបាន នៅពេលវាមានអាយុពី110ទៅ120ថ្ងៃក្រោយពីសាប និង85 ទៅ95 ថ្ងៃក្រោយពីស្ទូងកូន។ ការប្រមូលផលគឺធ្វើឡើង ដោយគាស់យកមើម នៅពេលស្លឹកវាចាប់ផ្តើមងាប់សំបកមើមឡើងពណ៌ក្រហម ឬស និងមើមលេចចេញពីដី។ ពូជខ្លះមានរយះពេលលូតលាស់ពី120ទៅ 170ថ្ងៃក្រោយពេលសាប។ នៅលើទំហំដី10 ម៉ែត្រការ៉េ យើងអាចប្រមូលផលខ្ទឹមបារាំងបាន 15 ទៅ 25គីឡូក្រាម។ជាទូទៅខ្ទឹមបារាំងអាចផ្តល់ផលជាមធ្យមពី 30 ទៅ70 តោន/ហិកតា។
ដោយឡែករឿងតម្លៃនៅលើទីផ្សារ លោក សេងហ័ង បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖“ខ្ទឹមបារាំងគឺជាបន្លែ ដែលមានតម្លៃ មិនសូវជាថ្លៃប៉ុន្មានទេ ដោយសារតែមានការប្រកួតប្រជែងជាមួយនឹងការនាំចូលពីប្រទេសជិតខាង មានប្រទេសថៃ និងវៀតណាមជាដើម។ យើងអាចលក់បានតម្លៃ1,500ទៅ2000រៀលប៉ុណ្ណោះក្នុងខ្ទឹមបារាំង1គីឡូក្រាម តែនៅឆ្នាំនេះយើងអាចលក់បានដល់ទៅតម្លៃ 3,500ទៅ4,000រៀលឯណោះក្នុង1គីឡូក្រាម រួមទាំងការបញ្ជូនទៅលក់ក្នុងផ្សារទំនើបផងដែរ”។
បើតាមប្រសាសន៍របស់លោក សេងហ័ងបានឱ្យដឹងថា៖ “នៅលើផ្ទៃដីដែលសមាគមបានដាំដុះសព្វថ្ងៃនេះលោកអាចប្រមូលផលខ្ទឹមបារាំងក្នុង បានប្រមាណជាង300 ទៅ400តោន ឬក្នុងដីដាំដុះ10ហិកតា ដែលទទួលបានចំណូលសរុបប្រមាណជា1,400,000,000លានរៀល(1.4ប៊ីលានរៀល) ដែលលោកអាចប្រមូលផលក្នុងមួយរដូវដាំដុះ”។
លោក សេងហ័ង បានឱ្យដឹងដែរថា៖“ពីមុនមានការនាំចូលពីប្រទេសជិតខាងយើងមានការពិបាក សមាគមខ្លះមានការរអែងក្នុងការដាំដំណាំនេះ ដើម្បីនាំចូលក្នុងទីផ្សារក្នុងស្រុក តែក្នុងពេលថ្មីៗនេះមានការផ្ទុះឡើងនូវបន្លែមានជាតិគីមី ដែលនាំចូលពីប្រទេសជិតខាង ទើបប្រជាពលរដ្ឋខ្មែរបានងាកមករកបន្លែក្នុងស្រុក ដែលយើងអាចជឿទុកចិត្តបាន ថាគ្មានជាតិគីមីដូចបន្លែនាំចូលទេ។ ទោះបី តម្លៃបានឡើងខ្ពស់បន្តិច ក៏គាត់នៅតែប្រើបន្លែក្នុងស្រុក ព្រោះជាបន្លែសរីរាង្គ។ ប៉ុន្តែពលរដ្ឋខ្លះ គាត់នៅស្រពេចស្រពិល ថាបន្លែខ្ទឹមបារាំងនេះជាបន្លែនាំចូលមិនមែនជារបស់ខ្មែរទេ។ តែតាមពិត ជារបស់សហគមន៍ ឬសមាគមប្រជាជនក្នុងស្រុកនាំគ្នាដាំ។
បច្ចុប្បន្នខ្ទឹមបារាំងរបស់សមាគមត្រសក់ផ្អែមសៀមរាបមានជ័យត្រូវបានយកទៅផ្គត់ផ្គង់នៅក្នុងផ្សារទំនើបឡាក់គី នៅភ្នំពេញ ខ្មែរអហ្កានិកហ្វាមផ្សាររីមិច និងផ្សារទំនើបឡាក់គី នៅខេត្តសៀមរាបដែលទទួលយកផលិតផលកសិកម្មនេះទៅលក់។ លោកបានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា នាថ្មីៗនេះមានការសម្ពោធផ្សារទំនើបថ្មីៗបន្ថែមទៀតច្រើននៅក្នុងខេត្តសៀមរាប រួមទាំងផ្សារម៉ាក្រូសាខាខេត្តសៀមរាបទៀតផង សមាគមក៏មានគោលបំណងពង្រីកការដាំដុះបន្លែផ្សេងៗទៀត ពិសេសបន្លែខ្ទឹមបារាំង ដើម្បីផ្គត់ផ្គង់ទីផ្សារ ដែលកំពុងមានតម្រូវការនេះ។ នេះបើតាមការបញ្ជាក់របស់លោក សេងហ័ង។
ដូច្នេះសមាគមនឹងបង្កើនការដាំដុះដំណាំបន្លែធម្មជាតិ ឬសរីរាង្គឱ្យបានសម្បូរបែប និងច្រើនឡើង ដើម្បីបំពេញតម្រូវការរបស់ផ្សារទំនើបទាំងនោះក៏ដូចជាតម្រូវការហូបចុករបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ លោកបានបន្ថែមថា លោកក៏មានមហិច្ឆតាក្នុងការពង្រីកផលិតកម្មខ្ទឹមបារាំងនៅលើផ្ទៃដីប្រមាណជា10ហិកតាបន្ថែមទៀត នាពេលខាងមុខ៕